
ការបាត់បង់គម្រប់ព្រៃឈើនៅក្នុងប្រទេសកម្ពុជា ត្រូវបានបន្ទោសទៅលើការគ្រប់គ្រងដោយមិនត្រឹមត្រូវរបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបញ្ហានេះ ត្រូវបានយកមកជជែក និងចែករំលែកនៅលើបណ្ដាញសង្គមថែមទៀត។ ថ្មីៗនេះ រូបថតនៃគម្រប់ព្រៃឈើបៃតងមួយកន្លែងដែលមានផ្លូវលូនកាត់ព្រៃឈើនៅតំបន់ភ្នំនោះ ត្រូវបានគេអះអាងថា ជាទេសភាពគម្រប់ព្រៃឈើខេត្តរតនគិរីនៅក្នុងឆ្នាំ១៩៩៦។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា ការអះអាងនោះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ អ្នកប្រើហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតដល់ទៅ ២៥សន្លឹកនៅលើបណ្ដាញសង្គមរបស់ខ្លួន។ រូបថតមួយក្នុងចំណោមនោះ បង្ហាញនូវផ្លូវមួយកំណាត់លូនក្នុងព្រៃឈើបៃតងស្រស់។ សំណេរលើរូបថតនោះ ត្រូវបានសរសេរថា «ខេត្តរតនគិរីឆ្នាំ1996»។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកនោះ «លទ្ធផលចុងក្រោយបំផុតដែលបានប្រដៅក្រុមការងារបច្ចេកទេសរបស់អង្គការសហប្រជាជាតិថា ពួកគេទាំងមានចំណេះដឹងពិតពីរបៀបស្លសម្លកកូរខ្មែរដែរឬទេ? ថា វាស្មើនឹងប្រមាថយន្តការនៃសន្ធិសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំង ២៣ តុលា ១៩៩១ ដែរឬទេ?»។

ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់រូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបរបស់ Google ដែលនាំទៅដល់រូបថតដើម និងព័ត៌មានទាំងស្រុងអំពីរូបថតមួយសន្លឹកនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅលើវេបសាយរក្សាទុករូបថត Shutterstock ដែលបញ្ជាក់ថា កំណាត់ផ្លូវលូនក្នុងព្រៃបៃតងនេះ គឺស្ថិតនៅក្នុងតំបន់ភ្នំវ៉ាយ៉ាណាដ(Wayanad) នៅក្នុងរដ្ឋកេរ៉ាឡា(Kerala) ឆ្នេរភាគខាងត្បូងនៃប្រទេសឥណ្ឌា។

រូបថតនៃផ្លូវលូនកាត់ព្រៃឈើតំបន់ភ្នំនេះ ក៏ត្រូវបានរកឃើញនៅលើវេបសាយ GettyImages ដែលជាគេហទំព័រសោទស្សន៍ដ៏ធំមួយ។

គេហទំព័រសោទស្សន៍ Big Stock Photo ដែលបានរក្សាទុករូបថតនេះផងដែរនោះ បានផ្ដល់ព័ត៌មានលម្អិតថា គម្រប់ព្រៃបៃតងនេះ ស្ថិតនៅត្រង់ចំណុច Thamarassery Churam នៃតំបន់ភ្នំ Wayanad Churam ស្ថិតនៅរដ្ឋកេរ៉ាឡា ប្រទេសឥណ្ឌា។
កំណាត់ផ្លូវប្រវែង ១៤គីឡូម៉ែត្របត់បែនពត់ពេនតាមចង្កេះភ្នំនេះ បានបង្ហាញនូវទេសភាពបៃតងដ៏ធំល្វឹងល្វើយឆ្ពោះទៅកាន់កំពូលភ្នំ។

Big stock photo | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងលើរូបថតមួយសន្លឹកខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជាទេសភាពព្រៃឈើនៅតាមដងផ្លូវនៅក្នុងខេត្តរតនគិរីនៅក្នុងឆ្នាំ១៩៩៦ដូចការអះអាងនោះឡើយ។ រូបថតមួយសន្លឹកនេះ គឺជាទេសភាពព្រៃឈើបៃតងនៃតំបន់ភ្នំ Wayanad ស្ថិតក្នុងរដ្ឋកេរ៉ាឡា ភាគខាងត្បូងប្រទេសឥណ្ឌា។

Title:ទេសភាពបៃតងនៅឥណ្ឌាត្រូវបានអះអាងថាជាគម្រប់ព្រៃឈើបៃតងខេត្តរតនគិរីជាង២០ឆ្នាំមុន
Fact Check By: Jay UdomResult: False
