Fact Check: រូប​​​ថត​​​​​បង្ហាញ​​អំពី​​ទិដ្ឋ​ភាព​ព្រះ​វិហារ​ចិន​មួយ​នេះ​ គឺ​​​ស្ថិត​នៅ​ក្នុង​​ទីក្រុង​​តាខ្មៅ​​​​ ​

False Social

សំណង់​អគារ​ជាច្រើន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ហើយ​ប្រៀប​ប្រដូច​ ឬ​ហៅ​ថា​ អគារ​ទាំង​នោះ​ថា​ ស្ថិត​នៅឯ​ប្រទេស​ណា​មួយ​នៅ​លើ​ពិភព​លោក​។​ ក្នុង​ចំណោម​សំណង់​អគារ​ទាំង​នោះ​ សំណង់​អគារ​រចនាបថ​បុរាណ​ចិន​មួយ​​ ត្រូវ​​បាន​​បង្ហោះ​​នៅ​​លើ​​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​​កម្ពុជា​ជា​មួយ​នឹង​​ការ​​អះ​​អាង​ ​ថា សំណង់​អគារ​មួយ​នៅ​ក្នុង​ស្រុក​ចិនទៅ​វិញ​​។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ​​បាន​​ចែក​​រំលែក​​បន្ត​​ជា​​ច្រើន​​ដង​​ពី​​សំណាក់​​​អ្នក​​ប្រើ​​បណ្ដាញ​សង្គម​និយាយ​​ភាសាខ្មែរ។ ទោះ​​យ៉ាង​​ណា​ ​ការ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា​ ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​២៨​​​​ ខែ​​មេសា​​​ ឆ្នាំ​​២០២០​​កន្លង​​ទៅ​​​នេះ​​ ​ទំព័រ​ហ្វេស​បុ៊ុក​មួយ​​​ បាន​​​​​បង្ហោះ​​រូប​​ថត​​ចំនួន​ពីរ​​សន្លឹក​​​ដែល​បាន ​បង្ហាញ​​អំពី​​ទិដ្ឋ​​ភាពខ្លោង​ទ្វារ​ និង​ព្រះវិហារ​ដែល​មាន​រចនា​បទ​ចិន​​​។ ទំព័រ​ហ្វេស​ប៊ុក​មួយ​នេះ​ ក៏​បាន​បញ្ជាក់​នៅ​ក្នុង​ សារ​បង្ហោះខ្លួន​ឯ​ង​​ផង​ដែរ​ថា ប្រភព​នៃ​រូប​ថត​ទាំង​ឡាយ​នេះ​ត្រូវ​បាន​យក​ចេញ​មក​ពី​ទំព័រ​ហ្វេស​ប៊ុក​ Foto Cambodia ក៏​ប៉ុន្តែ​​ មិន​​បាន​​បញ្ជាក់​ច្បាស់លាស់​​​ទេ​​ថា​ ទិដ្ឋភាព​នៃ​ព្រះ​វិហារ​មួយ​នេះ​ស្ថិត​នៅ​ទី​តាំង​កន្លែង​ណា​ឲ្យ​ប្រាកដ​ឡើយ​។​

រូប​ថតពីរ​សន្លឹក​ដែល​ភ្ជាប់​​​ជាមួយ​​សំណេរ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី ​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពីទំព័រហ្វេស​ប៊ុក​ខាង​លើ​​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «តិចច្រលំថា នៅតាខ្មៅអីទៅ នៅស្រុកចិនហ្នឹងណា​​»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ និង​ប្រ​ភព​ដើម​នៃ​រូប​ថត​ខាង​លើ​​​​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង។

រូប​ថត​​ដូច​គ្នា​មួយ​​សន្លឹក​​នេះ​ ​ត្រូវ​បាន​​រក​​ឃើញ​​នៅ​ក្នុង​​ទំព័រ​ហ្វេស​ប៊ុក​​​ Foto Cambodia ដែល​ជាទំព័រ​ដែល​ផ្តិត​នូវ​រូបថត​ ទេស​ភាព​ស្រុក​ខ្មែរ​ថ្មីៗ​ជា​ច្រើន​នា​នា​។ រូប​ថត​មួយ​នេះ ​ត្រូវ​បាន​បង្ហោះឡើង​​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មករា​​ ឆ្នាំ​២០១៤​​កន្លង​មកម្ល៉េះ​​ដោយ​មាន​លោក​ Lim Hok ជា​អ្នក​ថត​រូប​ដោយ​ផ្ទាល់​។​

ទំព័រ​ហ្វេសប៊ុក​​ដដែល​នេះ​​​ក៏​បាន​ភ្ឋាប់​ជាមួយ​​​នឹង​ការ​​សរសេរ​រៀប​​រាប់​​​ជា​ភាសា​អង់គ្លេស​ថា​​ «Good Morning….! Cambodia» ឬ​​ដែល​​អាច​​ប្រែ​​សម្រួល​​ជា​​ភាសា​​ខ្មែរ​​ថា​ «អរុណ​​សួស្តី​ កម្ពុជា​»។

Facebook Post | Archived Link

ដូច​គ្នា​​ដែរ​រូប​ថត​សន្លឹក​ទី​ពីរ​ ដែល​មាន​ភិ​នភាគ​ដូច​គ្នា​ទាំង​ស្រុង​នោះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​​​ Foto Cambodia ផង​ដែរ​។

រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​​​​ដែល​បាន​សរសេរ​រៀប​រាប់​​​ជា​ភាសា​អង់គ្លេស​ថា​ «Outdoor Photo Shoot » ឬ​​ប្រែ​ជា​ភាសា​ ខ្មែរ​មាន​ន័យ​ថា «​​​​​ការ​ថត​រូប​នៅ​ខាង​ក្រៅ​»។

Facebook Post | Archived Link 

Fact Crescendo Cambodia ក៏​បាន​ធ្វើ​ការ​ទំនាក់​ទំនង​សាក​សួរ​បន្ថែម​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក​ Foto Cambodia ផង​ដែរ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មិថុនា​នេះ​។​ ​ទំព័រ​ហ្វេស​ប៊ុក​នេះ ​បាន​ប្រាប់​ថា​ រូប​ថត​ទាំង​ពីរ​សន្លឹក​នេះ​ គឺ​​ថតចេញពី​​​ព្រះ​វិហារ​ចិន​មួយ (San Tai Zi) ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​តាខ្មៅ​។​

​គេហ​ទំព័រទស្សនាវដ្តី​​ Sovrin​ ​បញ្ជាក់​ថា ​«វិហារ​លោក​តា​ សាន​ថៃ​​ជី​ ​ជា​​វិហារ​ចិន​​សង់​ថ្មី​​ក្រោយ​​គេ​​ តែ​​មាន​​រចនា​បថ​​បែប​​សាសនា​​ចិន​​យ៉ាង​​ល្អ​វិចិត្រ​​ជា​​ទី​ពេញ​​និយម​​សម្រាប់​​អ្នក​​រស់​​នៅ​​តំបន់​​តាខ្មៅ​ ដែល​​មាន​​ទីតាំង​​ស្ថិត​​នៅ​​ផ្លូវ​​មាត់ទន្លេ ហួស​​ផ្សារ​​តាខ្មៅ​​បន្តិច​​ ត្រង់​​ចំណុច​​កែង​​ប្រសព្វ​រ​វាង​ស្ទឹង​ព្រែក​​ត្នោត​​ និង​ ទន្លេ​បាសាក់​»។

Sovrin Magazine Report | Archived Link 

​រូបភាពផ្តាម​​មើល​ពី​ចំហៀង​ ដែលយក​​ចេញ​ពី​គេហទំព័រ​ Google Map បាន​បង្ហាញ​ពី​ទិដ្ឋ​ភាព​ដូច​គ្នា​ទាំង​ស្រុង​ពិី​ព្រះ​វិហារ​ សាន​ថៃ​ជី មាន​ទីតាំង​ស្ថិត​នៅ​នឹង​មាត់​ទន្លេ​បាសាក់​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

Google Map | Archived Link

Fact Crescendo Cambodia ក៏​បានចុះ​ទៅ​ដល់​ទី​តាំង​ព្រះ​វិហារ​នេះ​ផ្ទាល់ផង​ដែរ​​។​ ​ព្រះវិហារ​ សានថៃ​ជី​ ​មានចម្ងាយ​ប្រ​មាណ​តែ​១គីឡូម៉ែត្រ​​ពី​សាលា​ខេត្តកណ្តាលប៉ុណ្ណោះ​ និង​មាន​​​ទី​តាំង​ស្ថិត​នៅ​​ចំ​ចំណុច​​ប្រសព្វ​​រវាង​ស្ទឹង​ព្រែក​ត្នោត​ និងទន្លេ​បាសាក់​។

 Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​​ឃើញ​​ថា​ ការ​​អះ​​អាង​​ដូច​​​​រៀប​រាប់​​ខាង​​លើ​​នេះ​ មិន​​ត្រឹម​​ត្រូវ​​នោះ​​ឡើយ​។ រូប​ថត​ពីរ​​សន្លឹក​​នេះ​ មិន​​មែន​​ជា​​ទិដ្ឋ​ភាព​​វិហារ​ចិន​ដែល​ស្ថិត​នៅ​ស្រុក​ចិន​​នោះ​ឡើយ។ រូប​ថត​​ពីរ​​សន្លឹក​​នេះ​ គឺ​​ជា​​ទិដ្ឋ​ភាព​​​វិហារ​លោក​តា​ សាន​​ថៃ​​ជឺ​ (San Tai Zi 三太子) ដែល​មាន​ទី​តាំង​ស្ថិត​នៅ​មាត់​ទន្លេ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​។​

Avatar

Title:រូប​​​ថត​​​​​បង្ហាញ​​អំពី​​ទិដ្ឋ​ភាព​ព្រះ​វិហារ​ចិន​មួយ​នេះ​ គឺ​​​ស្ថិត​នៅ​ក្នុង​​ទីក្រុង​​តាខ្មៅ​​​​ ​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.