
អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញមន្ត្រីបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងនានាក្នុងទីក្រុង ខណៈទីក្រុងមួយនេះកំពុងប្រឈមមុខនឹងកំណើននៃការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩នោះ។ ទន្ទឹមគ្នានេះ មានការអះអាងលើបណ្ដាញសង្គមនាពេលថ្មីៗនេះថា កម្ពុជាកំពុងប្រើប្រាស់ស្រាបៀរសម្រាប់សម្លាប់មេរោគកូវីដ១៩។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
ការពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ អ្នកប្រើបណ្តាញសង្គមហ្វេសបុកម្នាក់ បានអះអាងថា ប្រទេសកម្ពុជាបានកំពុងប្រើប្រាស់នូវស្រាបៀរ ដើម្បីយកមកកម្ជាត់មេរោគកូវីត១៩។ អ្នកប្រើហ្វេសប៊ុក អះអាងបែបនេះដោយភ្ជាប់មកជាមួយរូបភាព ៣សន្លឹក ដែលបង្ហាញនូវក្រុមមនុស្សស្ពាយពីក្រោយនូវធុងពណ៌លឿងមានពាណិជ្ជសញ្ញារបស់ក្រុមហ៊ុនស្រាបៀរហ្គេនប៊ឺក។
ការអះអាងបែបនេះ អាចនាំឱ្យអ្នកប្រើហ្វេសប៊ុកមួយចំនួនជឿថា ជាការពិត ហើយអ្នកប្រើហ្វេសប៊ុកខ្លះទៀត បញ្ចេញមតិថា អាចបាញ់សម្លាប់មេរោគកូវីដ១៩ផង និងអាចផឹកផងដែរ។
ប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសបុក បានសរសេររៀបរាប់ថា «លោក ហ៊ុន សែន បាននឹងកំពុងតែឱ្យពិភពលោកភ្ញាក់ផ្អើល ពិភពលោក ដោយបានអនុវត្តប្រើប្រាស់យកស្រាបៀរហ្គេនប៊ឺក ដើម្បីមកបាញ់កម្ជាត់មេរោគកូវីត១៩»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់នូវរូបថតនេះតាមរយៈកម្មវិធីស្រាវជ្រាវរូបថត ដែលនាំឱ្យយើងជួប រូបថតមួយចំនួនពាក់ព័ន្ធ និងខ្លឹមសារពិតប្រាកដនៃរូបថតនោះ។
សេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន FRESH NEWS កាលពីថ្ងៃទី០១ ខែមេសា បានឲ្យដឹងថា ក្រុមហ៊ុនស្រាបៀរហ្គេនប៊ឺក បានចែកធុង និងបំពង់បាញ់ថ្នាំកម្ចាត់មេរោគទៅដល់ប្រជាជននៅតាមតំបន់ខណ្ឌសំខាន់នានានៅក្នុងរាជធានីភ្នំពេញ ហើយក្រុមការងារមួយដែលចាត់តាំងដោយក្រុមហ៊ុនស្រាបៀរនេះ បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ។
រូបភាពដកស្រង់ពីចេញពីសារព័ត៌មាន FRESH NEWS ដែលបានបង្ហាញអំពីឧបករណ៍បាញ់ថ្នាំជាមួយនឹងក្រុមការងារ របស់ក្រុមហ៊ុនហ្គេនប៊ឺក មិនមែនបំពង់ ឬធុងសម្រាប់ដាក់ស្រាបៀរនោះទេ។
Fresh News’s Report | Archive Link
Fact Crescendo Cambodia បានរកឃើញរូបថតដូចគ្នានេះនៅលើទំព័រហ្វេសបុករបស់ស្រាបៀរ Ganzberg ដែលបានបង្ហោះកាលពីថ្ងៃទី០៣ ខែមេសា ដោយមានខ្លឹមសារដើមថា «ក្រុមហ៊ុន បានបន្តយុទ្ធនាការរបស់ខ្លួនក្នុងការចុះបាញ់ថ្នាំសម្លាប់មេរោគ និងដោយសហការជាមួយនឹងរដ្ឋបាលខណ្ឌមួយក្នុងរាជធានីភ្នំពេញ»។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងថា រដ្ឋាភិបាលកម្ពុជាបានយកស្រាបៀរហ្គេនប៊ឺកសម្រាប់បាញ់កម្ចាត់មេរោគកូវីដ១៩នោះ មិនត្រឹមត្រូវនោះឡើយ។ ការពិត ធុងដែលមានស្លាកសញ្ញាស្រាបៀរហ្គេនប៊ឺក នោះគឺជាឧបករណ៍បាញ់ថ្នាំ ដែលជាអំណោយរបស់ក្រុមហ៊ុនស្រាបៀរ ហ្គេនប៊ឺក ក្នុងបេសកម្មប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីត១៩ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

Title:តេីកម្ពុជាពិតជាបានប្រើប្រាស់ស្រាបៀរដើម្បីកម្ចាត់មេរោគកូវីត១៩មែនដែរឬទេ?
Fact Check By: Kakada SimResult: Misleading