
បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្លាបណ្ដាលឱ្យលិចលង់សង្កាត់ជាច្រើននៅក្នុងរាជធានីភ្នំពេញនៅដើមសប្ដាហ៍នេះ រូបថតជាច្រើននៃជំនន់ទឹកភ្លៀងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរផ្សេងៗ។ ក្នុងនោះ រូបថត ៥សន្លឹក បង្ហាញទិដ្ឋភាពអ្នកបើកបរធ្វើដំណើរកាត់ទឹកជំនន់ពណ៌ខៀវដូចទឹកសមុទ្រ។ រូបថតទាំងនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងសំណេរថា នោះគឺជាទិដ្ឋភាពទូទៅដ៏ស្រស់ស្អាតនៃថ្ងៃទឹកលិច។ ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតភ្ជាប់នឹងសំណេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយ រូបថត ៥សន្លឹកដែលបង្ហាញទឹកពណ៌ខៀវដូចទឹកសមុទ្រលិចលង់ផ្លូវជាច្រើនកន្លែងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ រូបថតទាំងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា ទិដ្ឋភាពដ៏ស្រស់ស្អាតនៅថ្ងៃទឹកភ្លៀងលិចទីក្រុងភ្នំពេញ។
រូបថតទាំង ៥សន្លឹកនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញប្រតិកម្ម និងមតិចម្រុះបែប។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ទិដ្ឋភាពទូទៅដ៏ស្រស់ស្អាតនៃថ្ងៃទឹកលិច»។

ដូចគ្នានេះ រូបថតស្រដៀងខាងលើ ក៏ត្រូវបានរកឃើញ និងចែកចាយដោយអ្នកប្រើប្រាស់ដទៃទៀត ដែលមានតំណភ្ជាប់នៅទីនេះផងដែរ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅលើគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ម្នាក់ បង្ហោះកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ រូបថតបង្ហោះដោយអ្នកប្រើប្រាស់ខាងលើ ពុំបានបង្ហាញទិដ្ឋភាពកំណាត់ផ្លូវតូចធំជាច្រើនក្នុងរាជធានីភ្នំពេញ លិចលង់នៅក្រោមជំនន់ទឹកភ្លៀង មានពណ៌ខៀវដូចទឹកសមុទ្រនោះឡើយ។
ខាងក្រោមនេះ គឺជារូបថតផ្ដាមចេញពីគណនីរបស់អ្នកប្រើប្រាស់ ដែលបានរៀបរាប់ថា «ភ្នំពេញភ្លៀងខ្លាំងលិចហាលទឹកទៀតហើយម៉ូតូខ្ញុំ»។

រូបថតបង្ហាញទិដ្ឋភាពនៃការជន់លិចដោយសារទឹកភ្លៀងកាលពីដើមសប្ដាហ៍កន្លងទៅនេះ ក៏ត្រូវបានរកឃើញនៅក្នុងគេហទំព័រសារព័ត៌មាន Khmer Times ដែលបានចុះផ្សព្វផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ផងដែរ ដោយមិនបានបង្ហាញទិដ្ឋភាពជំនន់ទឹកភ្លៀងនោះ មានសភាពពណ៌ដូចទឹកសមុទ្រនោះឡើយ។

Khmer Times Link | Archived Link
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។

(រូបថតទី១)

(រូបថតទី២)

(រូបថតទី៣)

(រូបថតទី៤)
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងចែកចាយដោយទំព័រហ្វេសប៊ុកខាងលើ គឺមិនត្រឹមត្រូវនោះទេ។ រូបថតទាំងនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ច្បាប់ដើមនៃរូបថតបង្ហាញទិដ្ឋភាពជំនន់ទឹកភ្លៀងនៅក្នុងក្រុងភ្នំពេញនាពេលថ្មីៗនេះ គឺពុំមានពណ៌ខៀវស្អាតដូចទឹកសមុទ្រនោះឡើយ។

Title:ជំនន់ទឹកភ្លៀងក្នុងក្រុងភ្នំពេញត្រូវបានកាត់តឱ្យមានពណ៌ខៀវដូចទឹកសមុទ្រ
Written By: Kakada SimResult: Satire
