
រូបថតជាច្រើន ត្រូវបានគេបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម ដោយរូបថតខ្លះ ត្រូវបានអះអាងដោយមិនត្រឹមត្រូវនោះឡើយ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញកូនកម្លោះវ័យចំណាស់រៀបការជាមួយនារីវ័យក្មេងស្រស់ស្អាតមួយរូប ត្រូវបានគេបង្ហោះ និងចែករំលែកយ៉ាងច្រើន ដែលនាំឱ្យមានមតិរិះគន់ទៅលើគូស្វាមីភរិយារៀបការថ្មីថ្មោងមួយគូនេះ។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានគេកែកុន។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញកូនកម្លោះកូនក្រមុំរៀបការថ្មីថ្មោងមួយគូ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដោយមានការអះអាងថា កូនកម្លោះ គឺជាបុរសចាស់។
រូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកតគ្នារហូតដល់ជិត ៧ពាន់ដង ហើយមានការបញ្ចេញមតិរិះគន់ផងដែរទៅលើគូស្វាមីភរិយាថ្មីថ្មោងរូបនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដោយទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី២២ ខែមីនា ដែលរៀបរាប់ថា «អូនស្នេហ៍ប្រុសចាស់ ប្រុសចាស់ស្មោះ…»។
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានបង្ហោះចូលក្នុងក្រុមបណ្ដាញសង្គមនៅទីនេះផងដែរ ដែលនាំឱ្យមានការចែករំលែកបន្តដល់ជិត ៦០០ដងទៀត និងមានការបញ្ចេញមតិរិះគន់ទៅលើរូបថតគូស្វាមីភរិយានេះទៀតផង។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយឈ្មោះប្រជាប្រិញ ចុះផ្សាយថា កូនកម្លោះមិនមែនជាបុរសវ័យចាស់នោះឡើយ ប៉ុន្តែ រូបថតកូនកម្លោះ ត្រូវបានគេកែពីរូបក្មេងទៅជាចាស់។
POPULAR MAGAZINE | ARCHIVED LINK
យើងក៏បានរកឃើញគណនីហ្វេសប៊ុករបស់ម្ចាស់រូបថតនេះផងដែរ ដែលអះអាងថា រូបថតនេះ ត្រូវបានកែឱ្យមើលទៅចាស់ ដើម្បីលេងសើចតែប៉ុណ្ណោះ និងស្នើអ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យបញ្ឈប់បញ្ចេញមតិរិះគន់ដោយខ្វះសីលធម៌ផងដែរ។ គណនីហ្វេសប៊ុកដដែលនេះ ក៏បានបង្ហាញរូបថតដើមសម្រាប់ប្រៀបធៀបនឹងរូបថតត្រូវបានកែផងដែរ។
Fact Crescendo Cambodia បានស្នើសុំការបកស្រាយលម្អិតពីម្ចាស់គណនីហ្វេសប៊ុកខាងលើផងដែរ ប៉ុន្តែ ពុំមានការឆ្លើយតបនោះឡើយរហូតមកដល់ថ្ងៃទី២៦ ខែមីនានេះ។
ព័ត៌មាននៅលើគណនីហ្វេសប៊ុកនេះ បង្ហាញថា កូនកម្លោះ និងកូនក្រមុំ បានរៀបការជាគូស្វាមីភរិយាកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលត្រូវបានអះអាងថាកូនកម្លោះវ័យចាស់រៀបការជាមួយកូនក្រមុំវ័យក្មេងនោះ គឺជារូបថតដែលត្រូវបានកែកុន។ រូបថតច្បាប់ដើម ត្រូវបានគេឃើញថា កូនកម្លោះមានវ័យប្រហាក់ប្រហែលគ្នានឹងកូនក្រមុំផងដែរ ហើយពួកគេបានរៀបមង្គលការកាលពីថ្ងៃទី២២ ខែមករាកន្លងមកនេះ។

Title:តើកូនកម្លោះក្នុងរូបថតនេះជាបុរសចាស់វ័យរៀបការជាមួយនារីវ័យក្មេងមែនទេ?
Fact Check By: Jay UdomResult: Altered
