បន្ទាប់​ពី​យន្តហោះដឹក​អ្នក​ដំណើរ​មួយ​​គ្រឿង បាន​ធ្លាក់​នៅ​ភាគ​កណ្ដាល​ប្រទេស​នេប៉ាល់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​យន្តហោះ​មួយ​គ្រឿង​រង​ភ្លើង​ឆាប​ឆេះ​មុន​នឹង​ធ្លាក់​បុក​ដី​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​ជាមួយ​ការ​អះ​អាង​ថា វា​ជា​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ដែល​បាន​ធ្លាក់​នោះ។ ការ​អះ​អាង​នេះ​លើ​វីដេអូ​នេះ ទទួល​បាន​​ការ​ចូល​ទស្សនា​ដល់​ទៅជាង ៤០០​ដង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០២៣​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីបមួយ​​មាន​រយៈ​ពេល​ប្រមាណ ​១នាទី​ និង​១៥វិនាទី​ ដែល​បង្ហាញ​ឱ្យ​ឃើញ​​យន្ត​ហោះ​មួយ​គ្រឿងរង​ភ្លើង​​ឆាប​ឆេះ​ ហើយ​បន្ទាប់​មក​បាន​ធ្លាក់​បុក​ដី។​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​វីដេអូ​ស្ដែង​ៗ​ នៃ​ការ​ធ្លាក់យន្ត​ហោះ​នៅ​ក្នុង​ប្រទេស​នេប៉ាល់​។​

ការ​អះ​អាង​ ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​នាក់​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​សរសេរ​ថា​ «វីឌីអូ​ស្តែង​ៗ​ នៃ​ការធ្លាក់​យន្តហោះ​ថ្មី​ៗនេះ​ នៅ​ប្រទេស​នេប៉ាល់​ (Nepal)​»។​

Archived Link

វីដេអូ​មួយ​នេះ​ ក៏​ត្រូវ​បាន​អះ​អាង​ដូច​គ្នា​ផង​ដែរ​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០២៣​​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​វីដេអូ​ និង​ការ​អះ​អាង​​​ខាង​លើ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ឃ្លីប​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​ Twitter កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ ដែល​បាន​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ថា​ «Ilyushin Il-112 crashes on approach to Kubinka Airport in Russia following an engine fire. Number of casualties currently unknown» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «Il-112 បាន​ធ្លា​ក់​នៅ​​ជិត​​អាកាសយានដ្ឋាន​ Kubinka ក្នុ​ង​ប្រទេស​​រុស្ស៊ី​ បន្ទា​ប់​​ពី​ឆេះ​​ម៉ាស៊ីន​។ ចំនួន​​អ្នក​ស្លាប់​នៅ​​ពេល​​នេះ​មិន​​ទាន់​​ដឹង​​នៅឡើយ​ទេ​»។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​ផ្សព្វ​ផ្សាយ​ដោយ​ Breaking Aviation News & Videos។​

Archived Link

ករណី​ធ្លាក់​យន្ត​ហោះ​រុស្ស៊ី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ The Week ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «Moscow: In this handout photo taken from video provided by Dmitry Ovchinnikov, The new light military transport burning plane Il-112V flies down near Kubinka airfield about 45 kilometers (28 miles) west of Moscow, Russia, Tuesday, Aug. 17, 2021» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «មូស្គូ​៖ យន្ត​ហោះ​ដឹកជ​ញ្ជូ​នយោធាធុ​នស្រាលថ្មី​ ឈ្មោះ​ Il-112V បាន​ឆេះ​ និង​ធ្លាក់​ចុះ​ក្បែ​រអាកាសយានដ្ឋាន​ Kubinka ចម្ងាយ​ប្រហែល​ ៤៥​គីឡូម៉ែត្រ​ ភាគ​ខាងលិ​ចនៃ​ទី​ក្រុងមូស្គូ​ ប្រទេស​រុស្សី​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០២១​»។​

The Week Link | Archived Link

ព័ត៌មាន​នៃ​ហេតុការណ៍​ធ្លាក់​យន្ត​ហោះ​របស់​រុស្ស៊ី​មួយ​គ្រឿង​នេះ​ ក៏​ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌​មាន​ Digi24 ដែល​ធ្វើ​ឡើង​ជា​ភាសា​រ៉ូម៉ានី​ផង​ដែរ​ កាល​ពី​ថ្ងៃទី​១៧​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។​

Digi24 News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​វីដេអូ​ឃ្លីប​​ និង​ការ​លើក​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​ឡើយ​។​ ច្បាប់​ដើម​នៃ​វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ធ្លាក់​យន្ត​ហោះ​រុស្ស៊ី​ ឈ្មោះ​ Il-112V នៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង​ម៉ូស្គូ​ ប្រទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។​

Avatar

Title:តើ​នេះ​គឺ​ជាវីដេអូ​​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ធ្លាក់​នៅ​នេប៉ាល់​មែន​​ឬ​ទេ​?

Fact Check By: Kakada Sim

Result: False