<strong>តើនេះគឺជាវីដេអូយន្តហោះដឹកអ្នកដំណើរមួយគ្រឿងធ្លាក់នៅនេប៉ាល់មែនឬទេ?</strong>
បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់នៅភាគកណ្ដាលប្រទេសនេប៉ាល់កាលពីចុងសប្ដាហ៍កន្លងមកនេះ វីដេអូឃ្លីបមួយដែលបង្ហាញយន្តហោះមួយគ្រឿងរងភ្លើងឆាបឆេះមុននឹងធ្លាក់បុកដីនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញជាមួយការអះអាងថា វាជាយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់នោះ។ ការអះអាងនេះលើវីដេអូនេះ ទទួលបានការចូលទស្សនាដល់ទៅជាង ៤០០ដង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងដោយភ្ជាប់ទៅនឹងវីដេអូឃ្លីបខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះវីដេអូឃ្លីបមួយមានរយៈពេលប្រមាណ ១នាទី និង១៥វិនាទី ដែលបង្ហាញឱ្យឃើញយន្តហោះមួយគ្រឿងរងភ្លើងឆាបឆេះ ហើយបន្ទាប់មកបានធ្លាក់បុកដី។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ បានបញ្ជាក់នៅក្នុងសំណេររបស់ខ្លួនថា នោះគឺជាទិដ្ឋភាពវីដេអូស្ដែងៗ នៃការធ្លាក់យន្តហោះនៅក្នុងប្រទេសនេប៉ាល់។
ការអះអាង ដោយភ្ជាប់ទៅនឹងវីដេអូខាងលើនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើ បានសរសេរថា «វីឌីអូស្តែងៗ នៃការធ្លាក់យន្តហោះថ្មីៗនេះ នៅប្រទេសនេប៉ាល់ (Nepal)»។
វីដេអូមួយនេះ ក៏ត្រូវបានអះអាងដូចគ្នាផងដែរដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃផ្សេងទៀតកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើវីដេអូ និងការអះអាងខាងលើ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
វីដេអូឃ្លីបដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រ Twitter កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១កន្លងទៅ ដែលបានបញ្ជាក់ជាភាសាអង់គ្លេសថា «Ilyushin Il-112 crashes on approach to Kubinka Airport in Russia following an engine fire. Number of casualties currently unknown» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «Il-112 បានធ្លាក់នៅជិតអាកាសយានដ្ឋាន Kubinka ក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីឆេះម៉ាស៊ីន។ ចំនួនអ្នកស្លាប់នៅពេលនេះមិនទាន់ដឹងនៅឡើយទេ»។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលបានផ្សព្វផ្សាយដោយ Breaking Aviation News & Videos។
ករណីធ្លាក់យន្តហោះរុស្ស៊ីខាងលើនេះ ក៏ត្រូវបានចុះផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន The Week ដែលបានចុះផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Moscow: In this handout photo taken from video provided by Dmitry Ovchinnikov, The new light military transport burning plane Il-112V flies down near Kubinka airfield about 45 kilometers (28 miles) west of Moscow, Russia, Tuesday, Aug. 17, 2021» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «មូស្គូ៖ យន្តហោះដឹកជញ្ជូនយោធាធុនស្រាលថ្មី ឈ្មោះ Il-112V បានឆេះ និងធ្លាក់ចុះក្បែរអាកាសយានដ្ឋាន Kubinka ចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុងមូស្គូ ប្រទេសរុស្សី កាលពីថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១»។
ព័ត៌មាននៃហេតុការណ៍ធ្លាក់យន្តហោះរបស់រុស្ស៊ីមួយគ្រឿងនេះ ក៏ត្រូវបានចុះផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Digi24 ដែលធ្វើឡើងជាភាសារ៉ូម៉ានីផងដែរ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។
Digi24 News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថាវីដេអូឃ្លីប និងការលើកឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺមិនត្រឹមត្រូវឡើយ។ ច្បាប់ដើមនៃវីដេអូឃ្លីបនេះ គឺជាទិដ្ឋភាពនៃការធ្លាក់យន្តហោះរុស្ស៊ី ឈ្មោះ Il-112V នៅភាគខាងលិចនៃទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។
Title:តើនេះគឺជាវីដេអូយន្តហោះដឹកអ្នកដំណើរមួយគ្រឿងធ្លាក់នៅនេប៉ាល់មែនឬទេ?
Fact Check By: Kakada SimResult: False