
បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើអ៊ុយក្រែនមក រូបថតជាច្រើន ត្រូវបានបង្ហោះលើបណ្ដាញសង្គម ដែលត្រូវបានអះអាងដោយមិនត្រឹមត្រូវ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញស្ត្រីម្នាក់ស្ថិតក្នុងឯកសណ្ឋានយោធា ត្រូវបានគេអះអាងថា ជាអ្នកបើកបរយន្តហោះចម្បាំងដំបូងគេរបស់អ៊ុយក្រែន ហើយបានស្លាប់បន្ទាប់ពីរងរបួសធ្ងន់នៅក្នុងប្រតិបត្តិការការពារប្រទេស។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់យើង រកឃើញថា ការអះអាងនៅលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីសប្ដាហ៍មុន អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះរូបថតនារី ២នាក់ស្ថិតក្នុងឯកសណ្ឋានយោធានៅលើបណ្ដាញសង្គម ដោយអះអាងថា នារីទាំង ២នាក់នៅក្នុងរូបថតមួយសន្លឹកនេះ គឺនាង Natalia Rerakov អាយុ ២៨ឆ្នាំ ដែលជាអាកាសយានិកអ៊ុយក្រែនជាស្ត្រីដំបូងគេ ហើយនាងបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរងរបួសធ្ងន់អំឡុងពេលហោះហើរយន្តហោះចម្បាំង MiG-29 ដើម្បីការពារដែនអាកាសអ៊ុយក្រែន។
ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរចែករំលែកបន្តជាច្រើនដង រួមជាមួយការបញ្ចេញមតិសម្ដែងការសោកស្ដាយផងដែរ និងចូលរួមរំលែកទុក្ខចំពោះមរណភាពនារីរូបនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០២ ខែមេសា ដែលនិយាយថា «ស្ត្រីអ្នកបើកបរយន្តហោះចម្បាំងអ៊ុយក្រែនលើកដំបូងគេ ត្រូវបានស្លាប់ក្នុងមន្ទីរពេទ្យ បន្ទាប់ពីនាងរងរបួសធ្ងន់ ដែលកំពុងហោះហើរ MIG-29 ដើម្បីការពារដែនអាកាសអ៊ុយក្រែន។ នាងឈ្មោះ Natalia Rerakov អាយុ ២៨ឆ្នាំ»។

រូបថត និងការអះអាងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមពីសំណាក់ទំព័រហ្វេសប៊ុកដទៃទៀតផងដែរចាប់តាំងពីដើមខែមីនាកន្លងមក ដែលមានតំណភ្ជាប់នៅខាងក្នុងនេះ (១,២,៣,៤ )។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់ទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី០១ ខែមីនាកន្លងមកនេះ ដែលរៀបរាប់ថា «ចូលរួមរំលែកទុក្ខស្ត្រីដែលបើកយន្តហោះចម្បាំងដំបូងគេរបស់អ៊ុយក្រែនល្បីឈ្មោះម្នាក់ Natasha Perakov បានស្លាប់បាត់បង់ជីវិតហើយត្រឹមវ័យ ២៨ឆ្នាំកំឡុងពេលប្រយុទ្ធតទល់ជាមួយរុស្ស៊ីម្សិលមិញ»។

ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញឱ្យពីការបង្ហោះ និងចែករំលែករូបថតនារីរូបនេះនៅលើបណ្ដាញសង្គមចាប់តាំងពីដើមខែមីនាកន្លងមក។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញថា រូបថតរបស់នារីទាំងពីររូបនេះ ត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយស្ថាប័នត្រួតពិនិត្យការពិតជាច្រើនចាប់តាំងពីដើមខែមីនាមក។
នៅក្នុងអត្ថបទរបស់ខ្លួនចុះផ្សាយកាលពីថ្ងៃទី០៥ ខែមីនាកន្លងមក ក្រុមការងារត្រួតពិនិត្យការពិតរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរកឃើញថា នារីមួយរូបនៅក្នុងរូបថតនេះ មិនមែនជានាង Natalia Perakov ទេ ប៉ុន្តែ ថា នាងមានឈ្មោះពិតប្រាកដថា Olesia Vorobei ជ័យលាភីនៃកម្មវិធីប្រកួតសម្រស់ «Glory to Heroes » ដែលជាកម្មវិធីប្រកួតសម្រស់ទាហាននារីអ៊ុយក្រែនកាលពីឆ្នាំ២០១៦កន្លងមក។
AFP បានរកឃើញទៀតថា នាង Olesia Vorobei មិនមែនជាសមាជិកនៃកងទ័ពអាកាសអ៊ុយក្រែននោះឡើយ ហើយផ្ទុយទៅវិញ នាងគឺជាសមាជិកនៃក្រុមប្រតិបត្តិការប្រឆាំងភេរវកម្ម (ATO)។

AFP FACT CHECK | ARCHIVED LINK
ការត្រួតពិនិត្យរបស់ទីភ្នាក់ងារព័ត៌មាន AFP បានផ្អែកតាមអត្ថបទមួយចុះផ្សាយដោយគេហទំព័រកងទ័ពអ៊ុយក្រែនកាលពីខែតុលា ឆ្នាំ២០១៦កន្លងមក។
បើតាមការត្រួតពិនិត្យរបស់ AFP អាកាសយានិកបើកបរយន្តចម្បាំងដំបូងគេរបស់អ៊ុយក្រែន គឺអ្នកស្រី Nadiya Savchenko ដែលបច្ចុប្បន្ននេះ អ្នកស្រីគឺជាអ្នកនយោបាយ។
សេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក Los Angeles Times បានឱ្យដឹងថា អ្នកស្រី Nadiya Savchenko ត្រូវបានរុស្ស៊ីចាប់ដាក់ឃុំឃាំងអស់រយៈពេលជិត ២ឆ្នាំ បន្ទាប់ពីត្រូវបានចាប់ខ្លួនពីសំណាក់ពួកបះបោរគាំទ្រដោយក្រុងមូស្គូ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសេចក្ដីរាយការណ៍របស់សារព័ត៌មាន Los Angeles Times កាលពីឆ្នាំ២០១៦កន្លងមក ដែលនិយាយអំពីអាកាសយានិកបើកបរយន្តហោះចម្បាំងដំបូងគេរបស់អ៊ុយក្រែន ត្រូវបានរុស្ស៊ីដោះលែងវិញ ជាថ្នូរនឹងការដោះដូរអ្នកទោស។

Los Angeles Times | ARCHIVED LINK
ចំណែករូបថតមួយសន្លឹកទៀតដែលត្រូវបានគេអះអាងថាជាអាកាសយានិកបើកបរយន្តហោះចម្បាំងដំបូងគេរបស់អ៊ុយក្រែនដែរនោះ ត្រូវបានក្រុមការងារត្រួតពិនិត្យការពិត Fact Crescendo នៅក្នុងប្រទេសស្រីលង្កា រកឃើញថា មិនមែនជាការពិតនោះឡើយ។
ក្រុមការងារត្រួតពិនិត្យការពិត Fact Crescendo បានរកឃើញថា នារីស្ថិតក្នុងឯកសណ្ឋានយោធានោះ គឺគ្រាន់តែជានារីបង្ហាញម៉ូដសម្លៀកបំពាក់តែប៉ុណ្ណោះ។
សូមអានអត្ថបទលម្អិត៖ A Ukrainian Queen Who Died On The Battlefield?
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ នារីដែលត្រូវបានគេអះអាងលើបណ្ដាញសង្គមនោះ មិនមែនជាអ្នកបើកបរយន្តហោះចម្បាំងជាស្ត្រីដំបូងគេរបស់អ៊ុយក្រែននោះឡើយ។ នាងគឺជាទាហានអ៊ុយក្រែនមួយរូបឈ្មោះ Olesia Vorobei ដែលជាជ័យលាភីការប្រកួតសម្រស់កាលពីឆ្នាំ២០១៦។ ចំណែកឯស្ត្រីជាអ្នកបើកបរយន្តហោះចម្បាំងដំបូងគេរបស់អ៊ុយក្រែន គឺអ្នកស្រី Nadiya Savchenko ដែលបច្ចុប្បន្ននេះ គឺជាអ្នកនយោបាយ។

Title:តើស្ត្រីក្នុងរូបថតនេះគឺជាអ្នកបើកបរយន្តហោះចម្បាំងដំបូងគេរបស់អ៊ុយក្រែនមែនឬទេ?
Fact Check By: Jay UdomResult: False
