
រូបថតទេសភាពកោះនានា និងទីតាំងទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជា ត្រូវបានចែករំលែកជាហូរហែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឬបណ្ដាញសង្គមផ្សេងទៀត។
ក្នុងចំណោមនោះ រូបថតមួយសន្លឹកនៃតំបន់ទេសចរណ៍មួយកន្លែង ត្រូវបានទំព័រហ្វេសប៊ុកមួយបង្ហោះនៅលើបណ្តាញសង្គមកម្ពុជា ជាមួយនឹងការអះអាងថា វាគឺជាទិដ្ឋភាពថ្ងៃរៀបលិចនៅកោះរុងនៃប្រទេសកម្ពុជា។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលទំព័រហ្វេសប៊ុកបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយមានឈ្មោះថា Free Fun Post បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញអំពីទិដ្ឋភាពថ្ងៃរៀបលិចនៅកោះមួយ។ រូបថតនេះបានភ្ជាប់ជាមួយនឹងសំណេរ និងអះអាងដោយទំព័រហ្វេសប៊ុកដដែរថា ទិដ្ឋភាពនេះគឺជាកោះរុងដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ រូបថតនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលបានសរសេររៀបរាប់ថា «ទេសភាពថ្ងៃលិចនៅកោះរុងយើងហ្នឹង បើមានឱកាសទៅលេងផង»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតដូចគ្នាមួយសន្លឹកនេះ បានរកឃើញនៅក្នុងគេហទំព័រ Unsplash ដែលជាគេហទំព័រសម្រាប់ការប្រើប្រាស់រូបថតដោយសេរីមិនគិតថ្លៃ។ រូបថតមួយនេះ ត្រូវបានបង្ហោះឡើងដោយលោក Darren Lawrence កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩កន្លងមក។
គេហទំព័រដដែលនេះ ក៏បានភ្ឋាប់ជាមួយនឹងការសរសេររៀបរាប់ និងបានបញ្ជាក់ទីតាំងនៃទិដ្ឋភាពនៃកោះមួយនេះផងដែរជាភាសាអង់គ្លេសថា «Sunset on Koh Nang Yuan Island in Koh Tao, Thailand, Southeast Asia» ឬដែលអាចប្រែសម្រួលជាភាសាខ្មែរថា «ថ្ងៃលិចនៅលើកោះណាងយួនដែលស្ថិតនៅក្នុងប្រទេសថៃ»។
រូបថតដែលមានទម្រង់ និងទិដ្ឋភាពនៃកោះដូចគ្នានេះ ក៏ត្រូវបានរកឃើញនៅលើគេហទំព័រ Getty Images ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រ Getty Images នេះ ក៏បានបញ្ជាក់អំពីឈ្មោះ និងទីតាំងរបស់កោះមួយនេះផងដែរ ដែលមានឈ្មោះថាកោះណាងយួន ស្ថិតនៅក្នុងខេត្តសុរ៉ាត់ថានី ភាគខាងត្បូងនៃប្រទេសថៃ។
រូបភាពផ្តាមចេញពីគេហទំព័របង្ហាញអំពីទិដ្ឋភាពនៃកោះមួយនេះដែលពុំបានអះអាងថាស្ថិតនៅក្នុងតំបន់កោះរុង នៃប្រទេសកម្ពុជានោះឡើយ។
កោះណាងយួន (Koh Nang Yuan) គឺជាកូនកោះតូចចំនួន២ដែលមានទីតាំងស្ថិតនៅចុងខាងជើងនៃកោះតៅ (Koh Tao) ក្នុងឈូងសមុទ្រថៃ នៃភាគខាងត្បូងប្រទេសថៃ។ កោះតៅ និងកោះណាងយួននេះមានផ្ទៃដីសរុបប្រមាណ ២១គីឡូម៉ែត្រការ៉េ និងស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងនៃខេត្តសុរ៉ាត់ថានី។
រូបភាពផ្តាមចេញពី Google Map បង្ហាញអំពីទិដ្ឋភាពរួមនៃកោះណាងយួន ដែលមានទម្រង់ដូចគ្នាទាំងស្រុងទៅនឹងរូបថត ដែលត្រូវបានទំព័រហ្វេសប៊ុកខាងលើបានបង្ហោះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលេីនេះ គឺមិនត្រឹមត្រូវនោះឡេីយ។ រូបថតមួយសន្លឹកនេះ មិនមែនជាទិដ្ឋភាពថ្ងៃរៀបលិចនៅកោះរុង ប្រទេសកម្ពុជានោះទេ។ រូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពថ្ងៃរៀបលិចដែលត្រូវបានថតចេញពីកោះណាងយួន ស្ថិតនៅក្នុងខេត្តសុរ៉ាត់ថានី ភាគខាងត្បូងនៃប្រទេសថៃ។

Title:តើរូបថតនេះជាទិដ្ឋភាពថ្ងៃលិចនៅលើកោះរុងរបស់កម្ពុជាមែនដែរឬទេ?
Fact Check By: Kakada SimResult: False
