
ខណៈដែលបណ្ដាញសង្គមក្លាយទៅជាកន្លែងចែករំលែកព័ត៌មាន និងការលក់ដូរទំនិញនោះ ការផ្សព្វផ្សាយដ៏ផុសផុលនៅលើបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះ បាននិយាយថា ផ្សារម៉ាក្រូនៅកម្ពុជាផ្ដល់រង្វាន់មានតម្លៃដ៏ច្រើនទៅដល់អតិថិជនរាប់រយនាក់សម្រាប់ឱកាសគម្រប់ខួបរបស់ផ្សារនេះនៅកម្ពុជា។ ការផ្សព្វផ្សាយនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា បន្ទាប់ពីផ្ទៀងផ្ទាត់ព័ត៌មានលម្អិត យើងរកឃើញថា ការផ្សព្វផ្សាយខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុកមួយឈ្មោះថា Makro-Fans បានផ្សព្វផ្សាយថា ផ្សារម៉ាក្រូនឹងចែករង្វាន់ជាលុយចំនួន ៥,០០០ដុល្លារសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមចូលរួមអបអរខួបកំណើតផ្សារលក់រាយមួយនេះនៅដើមខែកក្កដានេះ។
ការផ្សព្វផ្សាយនេះ ត្រូវបានចែករំលែកបន្តដល់ទៅជាង ១ម៉ឺងដង ហើយក៏ទទួលបានការបញ្ចេញមតិយោបល់ដ៏ច្រើនលើសលប់ និងប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយលើបណ្ដាញសង្គមកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “សួស្ដីអ្នកទាំងអស់គ្នា ដើម្បីអបអរថ្ងៃខួបកំណើតរបស់ Makro អ្នកទាំងអស់គ្នាដែលសរសេរថា Happy Birthday នៅលើផេករបស់យើងមុនថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នឹងទទួលបានកាដូ ៥,០០០ដុល្លារឥតគិតថ្លៃសម្រាប់ ៥០០ថង់សម្រាប់ ៣៥០នាក់។ អ្នកឈ្នះទាំងអស់នឹងត្រូវបានទាក់ទងដោយផ្ទាល់ដោយក្រុម។ Voucher អាចផ្លាស់ប្ដូរបាននៅគ្រប់ភ្នាក់ងាររបស់យើង”។
យើងក៏បានរកឃើញព័ត៌មានដូចគ្នានេះត្រូវបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្សេងទៀតដែរ ហើយត្រូវបានចែករំលែកបន្តរាប់ពាន់ដង និងមានការបញ្ចេញមតិដ៏ច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយព័ត៌មានដោយទំព័រហ្វេសប៊ុកឈ្មោះ Makro Fans. កាលពីថ្ងៃទៅ៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “សួស្ដីអ្នកទាំងអស់គ្នា ដើម្បីអបអរថ្ងៃខួបកំណើតរបស់ Makro រាល់ ៣៥០នាក់ដែលសរសេរ Happy Birthday នៅលើ PAGE របស់យើងមុនថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នឹងទទួលបានកាដូ ៥,០០០ដុល្លារឥតគិតថ្លៃសម្រាប់ ៥០០កាបូប។ អ្នកឈ្នះទាំងអស់នឹងត្រូវបានទាក់ទងដោយផ្ទាល់ដោយក្រុម។ Vouchers អាចផ្លាស់ប្ដូរបាននៅគ្រប់ភ្នាក់ងាររបស់យើង”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានដូចគ្នាទាំងស្រុងដែលផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកឈ្មោះ Makro Fan កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ហើយត្រូវបានចែករំលែកបន្តជាច្រើនដងបន្ថែមទៀត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយក៏ត្រូវបានចែករំលែកបន្តពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះតាមរយៈការស្វែងរកការបញ្ជាក់ពីក្រុមហ៊ុនផ្សារម៉ាក្រូ និងអ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថល ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ជាដំបូង យើងបានចូលទៅមើលទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្សារម៉ាក្រូ Makro Cambodia ដោយរកពុំឃើញការផ្សព្វផ្សាយអំពីការចែករង្វាន់ជាទឹកប្រាក់បែបនេះនោះឡើយ។
ផ្ទុយទៅវិញ យើងបានរកឃើញសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រុមហ៊ុនផ្សារម៉ាក្រូ ដែលបានបញ្ជាក់ថា ការផ្សព្វផ្សាយដូចដែលត្រូវរៀបរាប់ខាងលើនេះ មិនមែនជាអ្វីដែលផ្សារមួយនេះរៀបចំឡើងនោះឡើយ។
ក្រុមហ៊ុនផ្សារម៉ាក្រូបានអះអាងថា ទំព័រហ្វេសប៊ុកមួយចំនួន បានដាក់ឈ្មោះស្រដៀង ឬប្រហែលនឹងឈ្មោះផ្សារម៉ាក្រូដែរ ដែលទំព័រហ្វេសប៊ុកទាំងនោះ សុទ្ធតែជា “ក្លែងក្លាយ” មិនពាក់ព័ន្ធនឹងផ្សារមួយនេះនោះឡើយ។
ខាងក្រោមនេះ គឺជាការប្រកាសព័ត៌មានដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្សារម៉ាក្រូ (Makro Cambodia) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលបានជំរុញទៅអតិថិជនឱ្យប្រុងប្រយ័ត្នចំពោះទំព័រហ្វេសប៊ុកមួយចំនួនដែលដាក់ឈ្មោះស្រដៀងនឹងខ្លួន។
ការបោកបញ្ឆោតតាមបណ្ដាញ បានកើតមានឡើងជាហូរហែរមកហើយ ហើយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ក៏បានដាស់តឿនអ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយណាមួយនៅលើបណ្ដាញសង្គមដែលប្រកាសផ្ដល់រង្វន់ជាទឹកប្រាក់ ឬរង្វាន់ផ្សេងៗ។
ខាងក្រោមនេះ គឺជាការក្រើនរំលឹកមួយទៀតរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃកាលពី ២ឆ្នាំមុន បន្ទាប់ពីទំព័រហ្វេសប៊ុកមួយដែលបានដាក់ឈ្មោះតាមធនាគារ ABA បានប្រកាសបរិច្ចាគប្រាក់ដល់មនុស្ស ១០០នាក់ដំបូង។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ការបង្ហោះសារផ្សព្វផ្សាយថាមានការផ្ដល់ជូនរង្វាន់ផ្សេងៗនៅលើបណ្ដាញសង្គមនោះ គឺជាល្បិចបោកបញ្ឆោតដើម្បីបានចំនួនអ្នកចុច Like ឬក៏បោកបញ្ឆោតយកទិន្នន័យរបស់អ្នកប្រើប្រាស់។
នៅក្នុងដំណើរការពិនិត្យនេះ យើងបានរកឃើញថា ទំព័រហ្វេសប៊ុកដែលបង្កើតព័ត៌មានក្លែងក្លាយខាងលើនេះ បានដាក់លក្ខខណ្ឌតម្រូវទៅអ្នកប្រើប្រាស់ហ្វេសប៊ុកដែលបានចូលទៅបញ្ចេញមតិនោះ ឱ្យចែករំលែកសារនេះនៅលើបណ្ដាញសង្គមទៅកាន់ក្រុមបណ្ដាញសង្គមផ្សេងៗ។
អ្នកជំនាញផ្នែកសុវត្ថីភាពបណ្ដាញសង្គម លោក ជុំ រ៉ាស៊ី បានប្រាប់ថា សារប្រភេទនេះ គឺជាការបោកបញ្ឆោតនៅលើបណ្ដាញសង្គម ដោយទំព័រហ្វេសប៊ុកប្រភេទនេះ នឹងទាមទារ ឬតម្រូវឱ្យជនរងគ្រោះអនុវត្តតាមលក្ខខណ្ឌផ្សេងៗ និងចុងក្រោយទាមទារឱ្យជនរងគ្រោះបង់លុយក្នុងចំនួនណាមួយ ដើម្បីដំណើរការដកយករង្វាន់។
បញ្ជាក់ថា សារបែបនេះមិនមានសុវត្ថិភាពទេ ហើយអ្នកប្រើប្រាស់បណ្ដាញសង្គម មិនគួរពាក់ព័ន្ធនឹងសារបែបនេះទេ ប្រសិនបើមិនស្គាល់ច្បាស់ពីលក្ខណៈនៃការបោកបញ្ឆោតនោះ ដោយលោកថា គ្មានហេតុផលណាដែលរង្វាន់ត្រូវបានផ្ដល់ឱ្យទទេៗនោះទេ។
បើតាមអ្នកជំនាញសុវត្ថិភាពឌីជីថលរូបនេះ ជនបោកបញ្ឆោតបានប្រើប្រាស់សារបែបនេះនៅលើបណ្ដាញសង្គម ដើម្បីបោកយកលុយរបស់ជនរងគ្រោះ បោកបញ្ឆោតយកព័ត៌មានគណនីអនឡាញរបស់ជនរងគ្រោះ ដើម្បីបោកប្រាស់មនុស្សដទៃទៀតដែលជាសាច់ញាតិ ឬមិត្តភក្តិរបស់ជនរងគ្រោះ ហើយវាក៏ជាវិធីរបស់ក្រុមរកស៊ីលក់ផេកហ្វេសប៊ុកដែរ ដើម្បីទាក់ទាញ់ការចុច Like, និង Share។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការផ្សព្វផ្សាយព័ត៌មានថា ផ្សារម៉ាក្រូផ្ដល់រង្វាន់ដើម្បីអបអរសាទរខួបរបស់ផ្សារនោះ មិនមែនជាព័ត៌មានពិតនោះឡើយ។ ក្រុមហ៊ុនផ្សារម៉ាក្រូ បានច្រានចោលនូវព័ត៌មាន ដោយចាត់ទុកជាព័ត៌មាន “មិនពិត” ដែលបង្កើតឡើងដោយទំព័រហ្វេសប៊ុកក្លែងបន្លំឈ្មោះស្រដៀងនឹងឈ្មោះផ្សារមួយនេះ។

Title:ផ្សារម៉ាក្រូច្រានចោលការផ្សព្វផ្សាយថា ក្រុមហ៊ុនផ្ដល់រង្វាន់ដ៏ច្រើនដល់អតិថិជននៅដើមខែនេះ
Fact Check By: Jay UdomResult: False
