
បន្ទាប់ពីកម្មវិធីប្រឡងសមត្ថភាពអន្តរជាតិ Cambodian Idol បានប្រកាសថា បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ត្រូវបានសម្រេចឱ្យឈានទៅវគ្គផ្ដាច់ព្រ័ត្រនោះ វីដេអូដែលបង្ហាញបុរសម្នាក់វាយកម្ទេចទូរទស្សន៍របស់ខ្លួន ក្រោយទស្សនាកម្មវិធីនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ វីដេអូឃ្លីបនេះ ទទួលបានការបញ្ចេញមតិជាច្រើន និងប្រតិកម្មផ្សេងៗពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា វីដេអូបង្ហោះខាងលើ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះវីដេអូឃ្លីបមួយដែលបង្ហាញបុរសម្នាក់វាយកម្ទេចទូរទស្សន៍គ្រឿង ក្រោយពីបានទស្សនាកម្មវិធីប្រឡងសមត្ថភាព Cambodian Idol ដែលប្រកាសឱ្យបេក្ខជន ស៊ឹម ច័ន្ទពន្លឺ ជាប់ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
វីដេអូឃ្លីបនេះ ទទួលបានការចូលទស្សនា និងការចែករំលែកជាច្រើនដង ព្រមទាំងមានការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើវីដេអូមួយនេះតាមរយៈ Google Reverse Image Search។ ជាលទ្ធផល យើងបានរកឃើញការពិតដូចខាងក្រោមនេះ។
វីដេអូឃ្លីបដែលទិដ្ឋភាពដូចគ្នានេះ ត្រូវបានរកឃើញនៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន Daily Express ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។ សេចក្ដីរាយការណ៍របស់សារព័ត៌មានអង់គ្លេសមួយនេះ បានឱ្យដឹងថា អ្នកគាំទ្របាល់ទាត់ជនជាតិតួកគីម្នាក់ បានវាយកម្ទេចទូរទស្សន៍របស់ខ្លួន ខណៈកំពុងទស្សនាការប្រកួតបាល់ទាត់ Euro ឆ្នាំ២០១៦។

Daily Express News Report | Archived Link
ចំណែកឯការផ្សាយរបស់គេហទំព័រសារព័ត៌មាន Daily Mail នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ បានឱ្យដឹងទៀតថា បុរសម្នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះ Izzet Salti ហើយគាត់ផ្ទុះកំហឹង និងវាយកម្ទេចទូរទស្សន៍ខ្លួនឯងអំឡុងពេលកំពុងមើលការប្រកួតបាល់ទាត់។
គេហទំព័រដដែលនេះ បានបន្ថែមថា មូលហេតុនៃការវាយបំផ្លាញ គឺបណ្ដាលមកពីលោកមួម៉ៅនឹងទូរទស្សន៍ ដែលបិទបើកដោយគ្មានមូលហេតុ។ ការបិទបើកនេះ គឺជាការលេងសើចរបស់ប្រពន្ធគាត់តែប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីប បង្ហាញទិដ្ឋភាពលោក Izzet Salti វាយកម្ទេចទូរទស្សន៍ ពេលលោកទស្សនាការប្រកួតបាល់ទាត់រវាងតួកគី និងក្រូអាស៊ី។
Daily Mail Link | Archived Link
ករណីខាងលើនេះ ក៏ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន The Sun កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅផងដែរ ដោយពុំបានបង្ហាញទិដ្ឋភាពបុរសម្នាក់នេះ បានបំផ្លាញទូរទស្សន៍របស់ខ្លួន ព្រោះតែលទ្ធផលរបស់កម្មវិធី Cambodian Idol នោះឡើយ។
The Sun News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា វីដេអូដូចដែលបានរៀបរាប់ខាងលើនេះ គឺត្រូវបានកាត់ត។ វីដេអូនេះ ការពិត គឺជាទិដ្ឋភាពលោក Izzet Salti បានវាយកម្ទេចទូរទស្សន៍ ខណៈពេលលោកទស្សនាការប្រកួតបាល់ទាត់។ បុរសជនជាតិតួកគីរូបនេះ ផ្ទុះកំហឹង ហើយវាយកម្ទេចទូរទស្សន៍ ដែលបានបិទបើកៗអំឡុងពេលលោកកំពុងទស្សនាការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិតួកគី និងក្រុមជម្រើសជាតិក្រូអាស៊ី។

Title:បុរសម្នាក់វាយកម្ទេចទូរទស្សន៍ចោលព្រោះតែកម្មវិធី Cambodian Idol តើជាការពិតឬទេ?
Fact Check By: Kakada SimResult: Altered
