
បន្ទាប់ពីគ្រោះរញ្ជួយដីបានអង្រួនភូមា និងថៃមក វីដេអូឃ្លីបមួយ បង្ហាញទិដ្ឋភាពនៃសំណង់ប្រាសាទបុរាណបាក់បែក ត្រូវបានបង្ហោះឡើង ដោយភ្ជាប់ទិដ្ឋភាពមុន និងក្រោយមានព្រឹត្តិការណ៌គ្រោះធម្មជាតិមួយនេះ។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន បានចែករំលែក និងប្រតិកម្មចំពោះការបង្ហោះខាងលើ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការផ្ទៀងផ្ទាត់ជាមួយ Google Reverse Image search យើងបានរកឃើញថា ការអះអាងនេះ ធ្វើឱ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបប្រមាណ១៤វិនាទី បង្ហាញទិដ្ឋភាពសំណង់ប្រាសាទមុន និងក្រោយពីមានគ្រោះរញ្ជួយដី ត្រូវបានបង្ហោះឡើង ដោយទំព័រហ្វេសប៊ុកមួយ។
វីដេអូឃ្លីបជាមួយនឹងទិដ្ឋភាពបែបនេះ ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គមពី សំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ដោយបានបញ្ចេញមតិ ដោយគិតថា នោះគឺជាប្រាសាទចេតិយ Shwedagon ដែលមានទីតាំងនៅក្នុងទីក្រុង Yangon។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអះអាងដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ រៀបរាប់ថា «ភូមា ទីកន្លែងសក្ការបូជាព្រះពុទ្ធ ជាកន្លែងក្នុងក្តីស្រម៉ៃរបស់មនុស្សគ្រប់ៗរូបប៉ងប្រាថ្នាចង់ទៅលេងរួមទាំងខ្ញុំផងដែរ តែពេលនេះបាត់បង់ហើយ»។
ក្រៅពីការបង្ហោះខាងលើ ទំព័រហ្វេសប៊ុកមួយផ្សេងទៀត ក៏បានបង្ហោះទិដ្ឋភាពដូចគ្នា ហើយត្រូវបានចែកចាយបន្ត និងប្រតិកម្មយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាផងដែរ។
វីដេអូឃ្លីបជាមួយនឹងការអះអាងបែបនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ដែលនាំឱ្យមានការចែកចាយបន្តកាន់តែច្រើនថែមទៀត។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search និងពាក្យគន្លឹះដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
វីដេអូឃ្លីបដើមប្រមាណ៣០វិនាទី ដែលមានទម្រង់ និងសណ្ឋានដូចគ្នា ត្រូវបានរកឃើញនៅលើបណ្ដាញសង្គម TikTok នាពេលថ្មីៗនេះ។ វីដេអូឃ្លីបដដែលនេះ ត្រូវបានភ្ជាប់ជាមួយនឹងការបញ្ជាក់ជាភាសាមីយ៉ាន់ម៉ាថា «#12:51အချိန်1နာရီချိန်ငလျင်လှုပ်ခပ်မှုကြောင့်ပင်းတယစေတီကြီးပြိုကြပြန်လည်လှူသန်းဝိုင်းဝန်းပေးကြပါဗျငိုသံတွေနက်စိတ်မကောင်းဖစ်မိပါတယ်ဗျာ» ឬប្រែសម្រួលជាភាសាខ្មែរ មានន័យថា «ម៉ោង១២:៥១ គ្រោះរញ្ជួយដី រយៈពេល១ម៉ោង បានបណ្ដាលឱ្យប្រាសាទ စေတီကြီး ឬ ZayTiGyi បានដួលរលំ និងខូចខាត»។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីប ផ្ដាមចេញពីបណ្ដាញសង្គម TikTok ដែលពុំបានបង្ហាញទិដ្ឋភាពប្រាសាទនោះ ជាប្រាសាទចេតិយ Shwedagon ក្នុងទីក្រុង Yangon នោះឡើយ។
តាមរយៈគេហទំព័រ Google Map ប្រាសាទ စေတီကြီး ឬ ZayTiGyi មានទីតាំងស្ថិតនៅក្នុងទីក្រុង Pindaya រដ្ឋ Shan ភាគខាងត្បូងនៃទីក្រុង Mandalay ដែលនេះ មិនមែនជាប្រាសាទចេតិយដែលល្បី នៅក្នុងទីក្រុង Yangon ដូចដែលអ្នកប្រើប្រាស់បានច្រឡំនោះឡើយ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពរួមនៃការខូចខាតសំណង់ប្រាសាទបុរាណនៅក្នុងទីក្រុង Mandalay ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន NDTV។
Fact Crescendo Cambodia ក៏បានរកឃើញផងដែរថា ប្រាសាទ Mahamuni មានទីតាំងស្ថិតនៅក្នុងក្រុង Mandalay ដែលនេះមិនមែនជាប្រាសាទចេតិយ Shwedagon ក្នុងទីក្រុង Yangon ដូចអ្នកប្រើប្រាស់ខាងលើបានភ្ជាប់មិនត្រឹមត្រូវនោះទេ។
តើចេតិយ Shwedagon មានទីតាំងស្ថិតនៅឯណា?
ប្រាសាទចេតិយ Shwedagon ជាចេតិយព្រះពុទ្ធសាសនាមួយ ដែលមានទីតាំងនៅក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា និងមានចម្ងាយប្រមាណ ៦៣០គីឡូម៉ែត្រពីប្រាសាទ Mahamuni ដែលមានទីតាំងនៅក្នុងក្រុង Mandalay។
ប្រតិបត្តិការជួយសង្គ្រោះនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្ត ខណៈពេលដែលតួលេខអ្នកបាត់បង់ជីវិត បានឡើងលើស៣០០០នាក់ហើយ គិតត្រឹមថ្ងៃចេញផ្សាយអត្ថបទមួយនេះ។
គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ដែលវាគឺជារញ្ជួយដីធំបំផុត មិនធ្លាប់មានឡើយ ក្នុងរយៈពេលជាង១សតវត្សរ៍ នៅប្រទេសអាស៊ានមួយនេះ។
CNN News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook | Twitter | Telegram | Google News | TikTok | WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើ មិនត្រឹមត្រូវនោះទេ។ ប្រាសាទបុរាណដែលខូចខាតដោយរញ្ជួយដីនោះ គឺជាប្រាសាទ Mahamuni ដែលមានទីតាំងនៅក្នុងក្រុង Mandalay មិនមែនជាប្រាសាទចេតិយ Shwedagon ក្នុងទីក្រុង Yangon នោះឡើយ។

Title:ប្រាសាទបុរាណខូចខាតដោយរញ្ជួយដីនៅ Mandalay ត្រូវបានច្រឡំថាជាចេតិយ Shwedagon
Fact Check By: Kakada SimResult: Misleading
