​ការ​តវ៉ា​ប្រឆាំង​ និង​រិះ​គន់​ទៅ​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មីង​ អ៊ុងឡាំង​ ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​យ៉ាង​ផុសផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​នា​។​ ក្នុង​ចំណោម​នោះ​ រូប​ថតមួយ​សន្លឹក​ដែល​បង្ហាញ​ទិដ្ឋភាព​ស្ត្រី​ម្នាក់​បាន​ឈរ​កាន់​ដាវ​ពាំង​មុខ​​រថ​ក្រោះ​មួយ​គ្រឿង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​​ថា ​ជា​ស្រ្តី​ជនជាតិ​មីយ៉ាន់ម៉ា​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បានប្រតិកម្ម​ចម្រុះ​ និង​ចែកចាយ​​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ​ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៥​​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​ឱ្យ​ឃើញ​ស្ត្រី​ម្នាក់​កាន់​ដាវ​ឈរ​នៅ​មុខ​រថ​ក្រោះ​មួយ​គ្រឿង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថាជា​ស្រ្តី​ជន​ជាតិ​មីយ៉ាន់ម៉ា។ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បាន​បង្ហាញ​ឱ្យឃើញ​​ស្រ្តីមួយ​ក្រុម​​បាន​ឈរ​កាន់​គ្រឿង​ស្រវឹង​ផង​ដែរ​។​

រូប​ថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​​ថា​ «ស្រី​ភូមា​ ក្លាហាន​មែន​ ដក ដាវ​ឈរ​ពាំង​រថក្រោះ​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​គេហទំព័រ​ Twitter ផ្សព្វ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន​ បាន​បង្ហាញ​ទិដ្ឋភាព​រូប​ថត​ចំនួន​ ៣​សន្លឹ​ក​​ ដែល​មាន​ទម្រង់​ដូច​គ្នា​ទៅ​នឹង​រូប​ថត​បង្ហោះ​ខាង​លើ​។

​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​បាន​រៀប​រាប់​ជា​អង់​គ្លេស​ និង​​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ ដោយ​មាន​ន័យ​ថា​ «ការ​ត​ភ្ជាប់អ៊ីនធឺណិត​ក្នុ​ងប្រទេ​សមីយ៉ាន់ម៉ា​ ត្រូវ​បាន​កាត់​ផ្តាច់ម្តងទៀ​តចា​ប់តាំ​ង​ពីម៉ោង​ប្រហែល​១​ព្រឹក​​ថ្ងៃចន្ទ​ ចំ​ពេល​មានការ​ភ័យ​​ខ្លា​ចនៃកា​រប​ង្ក្រា​បលើ​កា​រតវ៉ា​នាពេ​លថ្មីៗ​នេះ​។ ការ​ផ្លាស់ប្តូ​រនេះកើ​តឡើ​ងនៅ​ពេល​ដែលរថពាស​ដែក​ និង​រថយន្ត​យោធា​ជាច្រើន​គ្រឿង​ផ្សេង​ទៀត​ ត្រូ​វបាន​គេឃើញនៅ​ក្នុងទីតាំងផ្សេងៗ​គ្នា​ជុំវិញ​ទីក្រុ​ង​នៃ​ប្រទេស​មួយ​នេះ​​»។​

Twitter | Archived Link

រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ក៏​​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​នៅគេហទំព័រ​សារព័ត៌មាន​ BBC ដែល​បាន​សរសេរ​រៀប​រាប់​ជាភាសាមីយ៉ាន់ម៉ា​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​កម្មវិធី​ Google Translate មាន​ន័យ​ថា​ «សព្វាវុធ​​យោធា​ពី​អ៊ុ​យក្រែន​​បាន​បន្ត​ចូល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​»។​ រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​មនុស្ស​ស្រី​បាន​ឈរ​ពាំង​ពីមុខ​រថ​ពាស​ដែក​នោះ​ឡើយ​។​

BBC News Report | Archived Link

ដូច​គ្នា​នេះ​ ករណី​ខាង​លើ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន​ AFP ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៧​​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​​កន្លង​ទៅ​​។​ គេហ​ទំព័រ​ដដែល​ខាង​លើ​​ បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ថា​ រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​មនុស្ស​ស្រី​ ឈរ​ពាំង​រថ​ពាស​ដែក​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​ ដោយ​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​មនុស្ស​ស្រី​បាន​ឈរ​នៅ​ពី​មុខ​នោះ​ឡើយ​។​

AFP Link | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​បង្ហោះ​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ជា​ទិដ្ឋភាព​រថពាស​ដែក​យោធា​ ដែល​ត្រូវ​បាន​​ថត​នៅ​ក្នុង​​ទីក្រុង​ Yangon ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ឆ្នាំ​មុន​ ដែល​រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​មនុស្ស​ស្រី​បាន​ឈរ​ពាំង​នឹង​រថ​ពាស​ដែក​​នោះ​ឡើយ​។​

Avatar

Title:រូបថត​ស្ត្រី​ម្នាក់​កាន់​ដាវ​ត្រូវ​បាន​កាត់​ត​ឱ្យ​ឈរ​ពី​មុខ​រថក្រោះ​យោធា​ភូមា​មួយ​គ្រឿង

Fact Check By: Kakada Sim

Result: Altered