
បើទោះបីលោក បារ៉ាក់ អូបាម៉ា (Barack Obama) បានចាកចេញពីតំណែងប្រធានាធីបតីអាមេរិកជាច្រើនឆ្នាំហើយក្ដី លោកនៅតែស្ថិតក្នុងទីចាប់អារម្មណ៍របស់មហាជននៅឡើយ។ ថ្មីៗនេះ រូបថតមួយសន្លឹកបង្ហាញអតីតប្រធានាធិបតីអាមេរិករូបនេះឈរកាន់រូបព្រះពុទ្ធ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមព្រោងព្រាត។ រូបភាពដដែលនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពអតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ា បានឈរបង្ហាញរូបថតព្រះពុទ្ធ។ ការបង្ហោះបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេរជាភាសាស្រីលង្កា ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ជនបរទេសក៏ទទួលយកសាសនាបរិសុទ្ធរបស់ពិភពលោកដែរ»។

Fact Crescendo Cambodia រកឃើញផងដែរថា រូបថតបង្ហាញលោក អូបាម៉ា កាន់រូបព្រះពុទ្ធខាងលើ ក៏ត្រូវបានគេយកមកធ្វើជាគម្របនៃសៀវភៅដែលមានចំណងជើងថា «បរាភវសូត្រ»។

5000-Years Link | Archived Link
រូបថតខាងលើ ក៏ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើគេហទំព័ររបស់វៀតណាមមួយផ្សេងទៀតផងដែរ។

Nguoi Lang Thang Cuoi Cung Link | Archived Link
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនោះ ត្រូវបានរកឃើញនៅលើគេហទំព័រ Flickr ដែលបានបង្ហាញទិដ្ឋភាពអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា (Barack Obama) បានឈរកាន់ទទួលស្រោមដៃពីលោក Jimmie Johnson ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកបើកបររថយន្តប្រណាំងជនជាតិអាមេរិក។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ពុំបានបង្ហាញទិដ្ឋភាពរបស់លោក អូបាម៉ា បានឈរកាន់រូបព្រះពុទ្ធនោះឡើយ។

ដូចគ្នានេះ រូបថតបង្ហាញលោក អូបាម៉ា បានទទួលស្រោមដៃពីលោក Jimmie ក៏ត្រូវបានរកឃើញគេហទំព័រ Getty Images ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយផងដែរ។ គេហទំព័រខាងលើនេះ ពុំបានបញ្ជាក់ និងបង្ហាញថាអតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ា បានកាន់រូបថតព្រះពុទ្ធនោះឡើយ។
ការប្រគល់ជូននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១១ នៅសេតវិមានប្រធានាធិបតី ក្នុងរដ្ឋវ៉ាស៊ីនតោន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានសរសេរបញ្ជាក់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «លោក Jimmie Johnson ដែលជាម្ជាស់ជើងឯក Sprint Cup លើកទី៥ជាប់ៗគ្នា បានប្រគល់ស្រោមដៃទៅដល់លោក អូបាម៉ា ក្នុងពិធីសា្វគមន៍លោក នៅសេតវិមាន»។

Getty Images Link | Archived Link
ដូចគ្នានេះ ករណីខាងលើ ក៏ត្រូវបានរាយការណ៍ និងផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន The San Diego Union-Tribune ផងដែរ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១១កន្លងទៅ ដោយពុំបានបង្ហាញទិដ្ឋភាពរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ បានឈរកាន់រូបថតព្រះពុទ្ធនោះឡើយ។

The San Diego Union-Tribune Report | Archived Link
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ផ្សព្វផ្សាយដោយ The Obama White House កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១១កន្លងទៅ ដែលបង្ហាញអតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ា ស្វាគមន៍លោក Jimmie Johnson ម្ជាស់ជើងឯក Sprint Cup លើកទី៥ជាប់ៗគ្នា។
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតផ្តាមនៅក្នុងវីដេអូឃ្លីបខាងលើដែលត្រូវបានកាត់ត។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការពិតរូបថតនេះ គឺជាទិដ្ឋភាពអតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ា ឈរទទួលស៊ុមស្រោមដៃ ប្រគល់ដោយលោក Jimmie Johnson ម្ជាស់ជើងឯក Sprint Cup កាលពីឆ្នាំ២០១១។

Title:រូបថតអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ឈរកាន់រូបព្រះពុទ្ធ គឺជារូបភាពកាត់ត
Written By: Kakada SimResult: Altered