វីដេអូ​ឃ្លីប​ចាស់​ៗ​​ត្រូវ​បាន​ចែក​រំលែក​ថា​ជា​វីដេអូ​ទឹក​ជំនន់​ថ្មី​ៗ​នេះ​​នៅ​ក្នុង​ទីក្រុង​ឌូបៃ​

Misleading Political

បន្ទាប់​ពី​​ភ្លៀង​ធ្លាក់​បាន​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​​វាយ​ប្រហារ​​ប្រទេស​អារ៉ាប់​រួម​នា​ពេល​ថ្មីៗ រូប​ថត​ និង​វីដេអូ​ឃ្លីប​បង្ហាញ​​ផល​ប៉ះពាល់​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ភ្ជាប់​នឹង​ការ​អះអាង​ថា​ វាគឺជា​​ជំនន់​ទឹក​ភ្លៀង​​នៅ​ក្នុង​ទីក្រុង​ឌូបៃ​រួម​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ វីដេអូ​យ៉ាង​ផុសផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម TikTok បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​រង​ខូចខាត​ និង​ផល​ប៉ះពាល់​ទៅ​លើ​អគារ​ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ ជាមួយ​នឹង​ការអះអាង​ថា​ នោះ​គឺជា​ទិដ្ឋភាព​នៃ​ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង​ឌូបៃ​ថ្ងៃ​នេះ​។​

ការ​បង្ហោះ​នេះ​ កើត​ឡើង​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ដែល​បណ្ដាល​អ្នក​បើក​បរ​យាន​យន្ត​ជាច្រើន​ ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​យាន​ជំនិះ​នៅ​លើ​ដង​ផ្លូវ​ នៅ​ពេល​ទឹក​ជន់​ឡើង​ និង​មាន​ការ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​នា​នា​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok ​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ខ្យល់ព្យុះ​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទីក្រុង​ឌូបៃ​ថ្ងៃនេះ»។

https://vt.tiktok.com/ZSFW1rMEf

TikTok Post | Archived Link

វីដេអូ​ឃ្លីប​ដូច​គ្នា​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ឱ​ព្រះ​ជា​ម្ចាស់​អើយ​ ថ្ងៃ​នេះ​ខ្យល់​ព្យុះ​ និង​ភ្លៀង​»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

តាម​រយៈ​ Google Reverse Image Search យើង​បាន​រក​ឃើញ​វីដេអូ​នៅ​លើ​បណ្ដាញ​ YouTube ដែល​បង្ហាញ​ព្យុះ​ភ្លៀង​វាយ​ប្រហារ​​ដ៏​ខ្លាំង​ក្លា​វាយ​ប្រហារ​លើ​អគារ​ និង​ដើម​ឈើ​នៃ​តំបន់​មួយ។​ វីដេអូឃ្លីប​​នេះ​ ត្រូវ​បាន​គេ​បង្ហោះ​តាំង​ពី​​ឆ្នាំ​២០១៩ ពោល​គឺ ៤​ឆ្នាំ​មុន​ហេតុការណ៍​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ទីក្រុង​ឌូបៃ​នៅ​ក្នុង​ខែមេសា​ឆ្នាំ​នេះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង ដែល​ពុំ​បាន​ពាក់​ព័ន្ធ​ទៅ​នឹង​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង​ឌូបៃ​នា​ពេល​ថ្មី​ៗ​នោះ​ឡើយ​។

YouTube Link | Archived Link

វីដេអូ​ឃ្លីបបង្ហាញ​​ខ្យល់​ព្យុះ​​មួយ​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​រកឃើញ​ផង​ដែរ​ ដែល​បញ្ជាក់​ថា​ នោះ​គឺជា​ខ្យល់​ព្យុះ​កំបុត​ត្បូង​នៅ​ក្នុង​ប្រទេស​គុយបា​។​

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ YouTube ដោយ​ឆាណែល​មួយ​កាល​ពីថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​​កន្លង​មក។

YouTube Link | Archived Link

វីដេអូ​ឃ្លីប​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​ក្រុម​ការងារ​របស់​យើង​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​ (Fact Crescendo Sri Lanka) ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ ដោយ​បាន​បង្ហាញ​ថា​ វីដេអូ​ឃ្លីប​នោះ​ ត្រូវ​បាន​ប្រមូល​ផ្ដុំ​នៃ​វីដេអូ​ឃ្លីប​ចាស់​ៗ​ ដែល​បាន​កើត​ឡើង​ និង​មិន​បាន​ពាក់​ព័ន្ធ​ទៅ​នឹង​ជំនន់​ទឹក​លិច​នៅ​ក្នុង​ទីក្រុង​ឌូបៃ​នា​ពេល​ថ្មី​ៗ​នេះ​ឡើយ​។​

Fact Crescendo Sri Lanka News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​នៃ​វីដេអូ​ឃ្លីប​ចាស់​ៗ​ ដែល​បាន​កើត​ឡើង​ និង​មិន​បាន​ពាក់​ព័ន្ធ​ទៅ​នឹង​ជំនន់​ទឹក​លិច​នៅ​ក្នុង​ទីក្រុង​ឌូបៃ​នា​ពេល​ថ្មី​ៗ​នេះ​ឡើយ​។​

Avatar

Title: វីដេអូ​ឃ្លីប​ចាស់​ៗ​​ត្រូវ​បាន​ចែក​រំលែក​ថា​ជា​វីដេអូ​ទឹក​ជំនន់​ថ្មី​ៗ​នេះ​​នៅ​ក្នុង​ទីក្រុង​ឌូបៃ​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *