
បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរវាងឥណ្ឌា និងប៉ាគីស្ថានបានកើតឡើងកាលពីថ្ងៃពុធកន្លងមកនេះ វីដេអូឃ្លីបមួយដែលបង្ហាញយន្តហោះមួយគ្រឿងផ្ទុះឆេះនៅលើដីនោះ ត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាយន្តហោះចម្បាំងឥណ្ឌា ដែលត្រូវប៉ាគីស្ថានបាញ់ទម្លាក់កាលពីថ្ងៃពុធកន្លងមកនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូយន្តហោះមួយធ្លាក់ផ្ទុះឆេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាយន្តហោះកងទ័ពអាកាសឥណ្ឌា ដែលត្រូវបានកងទ័ពប៉ាគីស្ថានបាញ់ទម្លាក់់នៅក្នុងការវាយប្រហារគ្នាតាមផ្លូវអាកាសកាលពីថ្ងៃម្សិលមិញនេះ។
វីដេអូជាមួយការអះអាងបែបនេះ ត្រូវបានចែកចាយរហូតដល់ទៅជាង ១០០ដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងការបញ្ចេញមតិយោបល់ចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់់បណ្ដាញសង្គមកម្ពុជា ដែលជឿទៅតាមការអះអាងដូច្នេះ។
ខាងក្រោមនេះ គឺជាវីដេអូផ្ដាមចេញពីវីដេអូឃ្លីបដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា “នេះជាការពិតដែលយើងត្រូវទទួលស្គាល់ថា ប្រទេសឥណ្ឌាពិតជានៅខ្សោយខាងផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រប្រើប្រាស់ទ័ពអាកាសនៅឡើយទេ ព្រោះត្រូវគេបាញ់យន្តហោះធ្លាក់អស់ ៥គ្រឿងត្រឹមរយៈពេលមួយថ្ងៃ។ ហើយនេះជាយន្តយន្តហោះទ័ពអាកាសឥណ្ឌាដែលត្រូវប៉ាគីស្ថានបាញ់ធ្លាក់”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបញ្ចេញមតិយោបល់របស់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា ក្នុងនោះមានមួយចំនួនជឿថាជាការពិត មួយចំនួនទៀតចោទសួរថា តើវាជាវីដេអូបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ឬក៏យ៉ាងណា ហើយមួយចំនួនទៀតកោតសរសើរសមត្ថភាពរបស់កងទ័ពអាកាសប៉ាគីស្ថាន។
វីដេអូឃ្លីប ១៥វិនាទីនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញ YouTube ផងដែរ ដោយបញ្ជាក់ថា វាជាការវាយប្រហារតាមផ្លូវអាកាសរវាងកងទ័ពឥណ្ឌា និងប៉ាគីស្ថានកាលពីថ្ងៃម្សិលមិញនេះ។
Video Uploaded on YouTube | Archived Link
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search វាបង្ហាញឱ្យឃើញប្រភពដើមនៃវីដេអូនេះ និងព័ត៌មានលម្អិតនៃហេតុការណ៍មួយនេះ ដែលបញ្ជាក់ថា យន្តហោះដែលធ្លាក់ឆេះនេះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមយ៉ាងតិចជិតមួយខែមុនការវាយប្រហារតាមផ្លូវអាកាសរវាងឥណ្ឌា និងប៉ាគីស្ថាន បានកើតឡើង។
រូបថតដូចគ្នានេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាននានានៅក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន និងត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញសង្គម កាលពីពាក់កណ្ដាលខែមេសាកន្លងមកនេះ។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន សារព័ត៌មានឥណ្ឌាឈ្មោះ INDIA TV បាននិយាយថា យន្តហោះហ្វឹកហ្វឺនមួយគ្រឿងរបស់កងទ័ពអាកាសប៉ាគីស្ថាន បានធ្លាក់ផ្ទុះឆេះនៅស្រុកវេហារី (Vehari) ក្នុងខេត្តបញ្ចាប (Punjab)របសស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៦ ខែមេសាកន្លងមកនេះ។
សេចក្ដីរាយការណ៍ដដែលនេះដែលបានដកស្រង់សម្ដីមន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន បានឱ្យដឹងទៀតថា យន្តហោះ Mirage V Rose ដែលផលិតដោយប្រទេសបារាំង បានជួបបញ្ហាបច្ចេកទេស ដែលបណ្ដាលឱ្យធ្លាក់ចុះ និងផ្ទុះឆេះអស់ ប៉ុន្តែ អាកាសយានិក ២រូបដែលបញ្ជាយន្តហោះនេះ គ្រាន់តែរងរបួសតិចតួចប៉ុណ្ណោះ។
INDIA TV’s Report | Archived Link
ព័ត៌មាននេះក៏ត្រូវបានចុះផ្សាយជាភាសា Urdu (ភាសាផ្លូវការប្រើនៅក្នុងប្រទេសប៉ាគីស្ថាន)ដោយវេបសាយសារព័ត៌មានមួយ WENEWS ដែលមានខ្លឹមសារដូចគ្នាទៅនឹងសេចក្ដីរាយការណ៍ខាងលើ។
ព័ត៌មានមួយនេះ ក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មានដទៃទៀតជាភាសាផ្សេងទៀតផងដែរ ដូចជា សេចក្ដីរាយការណ៍ហិណ្ឌីរបស់សារព័ត៌មាន Punjab Kesari (archived) និងសារព័ត៌មាន DAWN (archived) ជាភាសាអង់គ្លេសជាដើម។
សេចក្ដីរាយការណ៍របស់សារព័ត៌មានខាងលើនេះ សុទ្ធតែបញ្ជាក់ថា យន្តហោះដែលធ្លាក់់ និងផ្ទុះឆេះនេះ ជាយន្តហោះរបស់កងទ័ពអាកាសប៉ាគីស្ថាន ហើយហេតុការណ៍ធ្លាក់បានកើងឡើងតាំងពីពាក់កណ្ដាលខែមេសា ពោលគឺជិតមួយខែមុនការវាយប្រហារតាមផ្លូវអាកាសពីសំណាក់កងទ័ពឥណ្ឌាចូលទៅក្នុងទឹកដីប៉ាគីស្ថានកាលពីថ្ងៃទី៧ ខែឧសភា។
ឥណ្ឌាបានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសឈ្មោះថា Operation Sindoor នៅថ្ងៃ៧ ខែឧសភា ឆ្នាំ២០២៥ ដោយបានបាញ់មីស៊ីលសំដៅទីតាំងជាច្រើននៅក្នុងទឹកដីគ្រប់គ្រងដោយប៉ាគីស្ថាន។
ការវាយប្រហារទៅវិញទៅមកតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ បានជំរុញឱ្យមានព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនត្រឹមត្រូវជាច្រើន ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គម។
Follow Us and Stay Up to Date with Our Latest Fact-Checks
Facebook | Twitter | Telegram | TikTok | WhatsApp | Instagram
សន្និដ្ឋាន
Fact Crescendo បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូនេះ មិនមែនជាយន្តហោះចម្បាំងរបស់កងទ័ពអាកាសឥណ្ឌាដែលត្រូវប៉ាគីស្ថានបាញ់ទម្លាក់់នោះឡើយ។ ផ្ទុយទៅវិញ វាជាវីដេអូនៃការធ្លាក់យន្តហោះហ្វឹកហ្វឺនមួយគ្រឿងរបស់ទ័ពអាកាសប៉ាគីស្ថាននៅខេត្តបញ្ចាប កាលពីពាក់កណ្ដាលខែមេសាកន្លងមក។

Title:វីដេអូចាស់មួយត្រូវបានគេផ្សាយថា ជាយន្តហោះចម្បាំងឥណ្ឌាដែលប៉ាគីស្ថានបាញ់ទម្លាក់
Fact Check By: Jay UdomResult: False
