Fact-Check: តើ​រូបថត​ទាំង​នេះ​ជា​ទិដ្ឋភាព​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នៅ​ចិន​ក្នុង​ឆ្នាំ​២០២១​នេះ​ឬ?

False International

ថ្មីៗ​នេះ ខេត្ត​ហឹណាន (Henan) នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន បាន​រង​ការវវាយ​ប្រហារ​ដោយ​ទឹក​ជំនន់​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ មនុស្ស​មួយ​ចំនួន​បាត់​ខ្លួន មនុស្ស​រាប់​សែន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង និង​បណ្ដាល​ឱ្យ​ខូច​ខាត​ផល​ដំណាំ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំ​ធេង។

ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជា បាន​បង្ហោះ​រូបថត​មួយ​ចំនួន ដោយ​អះ​អាង​ថា ជា​ទិដ្ឋភាព​នៃ​គ្រោះ​មហន្តរាយ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ចិន​កើត​ឡើង​ថ្មីៗ​នេះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា រូបថត​ពីរ​សន្លឹក​ក្នុង​ចំណោម​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​បួន​សន្លឹក​ជាមួយ​ការ​រៀបរាប់​ថា រូបថត​ទាំង​នោះ​គឺ​ជា​ទិដ្ឋភាព​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ចិន​នា​ពេល​ថ្មីៗ​នេះ ដែល​ជា​ទឹក​ជំនន់​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល ៦០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។ រូបថត​ជាមួយ​ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង។

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «កម្ម​ហើយ​ប្រទេស​ចិន! ជាង ៦០​ឆ្នាំ​ហើយ​មិន​ដែល​កើត​មាន​គ្រោះ​ទឹក​ជំនន់​ខ្លាំង​បែប​នេះ​ពី​មុន​មក​ទេ ទើប​តែ​ចុង​ឆ្នាំ​២០២១​នេះ ដោយ​កូវីដ១៩ មិន​ទាន់​ស្រាក​ស្រាន្ត​ផង ឥឡូវ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឱ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ២៥​នាក់​បាន​ស្លាប់ ហើយ​និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​ស្ទើរ​ខ្ទេច​ខ្ទី»។

Facebook Post | Archived Link

រូបថត​ជាមួយ​ការ​អះ​អាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២១ ហើយខាង​ក្រោម​នេះ​ គឺ​ជា​​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ​ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​រូបថត​ទាំង​នេះ និង​ព័ត៌មាន​របស់​រូបថត​ផង​ដែរ។

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អគារ​មួយ​រលំ​ផ្អៀង​ម្ខាង​លិច​ទៅ​នឹង​ទឹក​ជំនន់​នោះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក​នេះ។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​មួយ​របស់​ខ្លួន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០ សារព័ត៌មាន​ China Dialogue បាន​បញ្ជាក់​ថា​ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​យក​ពី​គេហទំព័រ​រក្សា​រូបថត Alamy។

គេហទំព័រ Alamy បាន​រៀបរាប់​នៅ​ក្រោម​រូបថត​នេះថា អគារ​មួយ​ ត្រូវ​ទឹក​ជន់​លិច​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ភូមិ​ Youdun ស្ថិត​ក្នុង​ស្រុក​ប៉យ៉ាង ទីក្រុង​ Shangrao ​ភាគ​ខាង​កើត​​នៃ​ខេត្ត​ជាំងស៊ី ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២០។

Alamy | Archived Link

ចំណែក​ឯ​រូបថត​មួយ​សន្លឹក​ទៀត​ដែល​បង្ហាញ​អគារ​លំនៅឋាន​​ត្រូវ​ទឹក​ជំនន់​ឡោម​ព័ទ្ធ​នោះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន DW របស់​ប្រទេស​អាល្លឺម៉ង់ និង​សារព័ត៌មាន The Star របស់​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២០​កន្លងម​ក។

បើ​តាម​សារព័ត៌មាន The Star របស់​ម៉ាឡេស៊ី រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ទិដ្ឋភាព​ពី​លំហរ​អាកាស​នៃ​សំណង់​អគារ និង​ដី​ស្រែ​ចម្ការ ត្រូវ​លិច​លង់​នៅ​ក្រោម​ទឹក​ជំនន់​ដោយ​អន្លើ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា​នៅ​ក្នុង​ស្រុក​​ទូឆាង (Duchang) ខេត្ត​ជាំងស៊ី ប្រទេស​ចិន កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០​កន្លង​មក។ សារព័ត៌មាន​ម៉ាឡេស៊ី​មួយ​នេះ បាន​ប្រើ​ប្រាស់​រូបថត​របស់​សារព័ត៌មាន​ China Daily នៅ​ក្រោម​បណ្ដាញ​កិច្ច​សហការ​សារព័ត៌មាន​តំបន់​អាស៊ី ហៅ​ថា Asian News Network (ANN)។

The Star | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ពីរ​សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត​បួន​សន្លឹក​ដែល​ត្រូវ​បាន​អះ​អាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ពីរ​សន្លឹក​នេះ មិន​មែន​ជា​ទិដ្ឋភាព​មហន្តរាយ​ដោយ​ទឹក​ជំនន់​វាយ​ប្រហារ​ខេត្ត​ហឹណាន (Henan) នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២១​នេះ​នោះ​ឡើយ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​នៃ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​វាយ​ប្រហារ​ខេត្ត​ជាំងស៊ី ប្រទេស​ចិន កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០​កន្លង​មក។

Avatar

Title:តើ​រូបថត​ទាំង​នេះ​ជា​ទិដ្ឋភាព​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នៅ​ចិន​ក្នុង​ឆ្នាំ​២០២១​នេះ​ឬ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.