
ព័ត៌មានដ៏ផុសផុលនៅលើបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Apple ចែកទូរស័ព្ទ iPhone ចំនួន ៧៥០គ្រឿងដោយសារតែទូរស័ព្ទទាំងនោះមានស្នាមឆ្កូតតិចតួចមិនអាចដាក់លក់នៅលើទីផ្សារបាន។ ព័ត៌មាននេះត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម ហើយអូសទាញអ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យចូលរួមតាមព័ត៌មាននេះ។ ទោះជាយ៉ាងណា បន្ទាប់ពីផ្ទៀងផ្ទាត់ព័ត៌មានលម្អិត យើងរកឃើញថា ការផ្សព្វផ្សាយខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានផ្សព្វផ្សាយថា ក្រុមហ៊ុន Apple នឹងចែកទូរស័ព្ទថ្មីរហូតដល់ ៧៥០គ្រឿង ដែលទូរស័ព្ទនោះមិនអាចដាក់លក់លើទីផ្សារបានដោយសារមានស្នាមឆ្កូតតិចតួច។ ព័ត៌មានដដែលនេះ បានបន្តថា ការចែកទូរស័ព្ទនេះ នឹងផ្ដល់ជូនដោយចៃដន្យទៅដល់អ្នកណាដែលបានសរសេរពាក្យ “ជម្រាបសួរ”តែប៉ុណ្ណោះ។
ព័ត៌មាននេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម ហើយក៏ទាក់ទាញបានការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយលើបណ្ដាញសង្គមកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរៀបរាប់ថា “សួស្ដីអ្នកទាំងអស់គ្នា នៅឆ្នាំ២០២៤ ក្រុមការងារ Apple បានធ្វើអ្វីដែលពិសេសនៅថ្ងៃនេះ។ យើងមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសថា យើងនឹងចែកចាយទូរស័ព្ទថ្មីចំនួន ៧៥០គ្រឿងដែលមិនអាចលក់បានដោយសារមានស្នាមឆ្កូតតិចតួច។ បន្ទាប់មក ពួកគេនឹងត្រូវបានផ្ញើដោយចៃដន្យទៅកាន់អ្នកណាដែលសរសេរ ជម្រាបសួរ (អនុវត្តចំពោះប្រទេសទាំងអស់)”។
ព័ត៌មានដូចគ្នានេះ ក៏ត្រូវបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្សេងទៀតដែរ ហើយវាត្រូវបានចែករំលែកបន្តរាប់ពាន់ដង និងមានការបញ្ចេញមតិដ៏ច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ដែលសំណេរដូចគ្នាទាំងស្រុងនៅនឹងព័ត៌មានខាងលើ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានដូចគ្នានេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយទំព័រហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ព័ត៌មាននេះ ត្រូវបានចែករំលែកដល់ទៅជាង ៤ពាន់ដង ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន បានចូលរួមពាក់ព័ន្ធនឹងសារមួយនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានដូចគ្នាទាំងស្រុងដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ហើយត្រូវបានចែករំលែកបន្តជាច្រើនដងបន្ថែមទៀត និងទាក់ទាញអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចូលរួមពាក់ព័ន្ធ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយក៏ត្រូវបានចែករំលែកបន្តពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះតាមរយៈការស្វែងរកការបញ្ជាក់ពីក្រុមហ៊ុន Apple ក្រុមហ៊ុនក្នុងស្រុកដែលទទួលបានសិទ្ធិចែកចាយពីក្រុមហ៊ុន Apple និងអ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថល ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ជាដំបូង យើងពិនិត្យនៅលើទំព័រហ្វេសប៊ុកដែលបានផ្សព្វផ្សាយព័ត៌មាននេះ ដោយយើងបានរកឃើញថា ទំព័រហ្វេសប៊ុកទាំងនេះ មិនជាប់ពាក់ព័ន្ធអ្វីទាំងអស់នឹងក្រុមហ៊ុន Apple Inc. និងមិនមែនជាទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនណាមួយដែលទទួលបានសិទ្ធិចែកចាយ និងលក់រាយផលិតផលរបស់ក្រុមហ៊ុន Apple Inc. នោះឡើយ។
ការផ្សាយរបស់ទស្សនាវដ្ដី Business Insider កាលពីឆ្នាំ២០១៤កន្លងមក បានឱ្យដឹងថា ក្រុមហ៊ុន Apple Inc. គ្មានទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនោះឡើយ ហើយបើមានទំព័រហ្វេសប៊ុកណាដាក់ឈ្មោះ Apple វាគ្រាន់តែជាទំព័រហ្វេសប៊ុកដែលបង្កើតឡើងដោយអ្នកគាំទ្រក្រុមហ៊ុន Apple ប៉ុណ្ណោះ។
ចំពោះមូលហេតុដែលក្រុមហ៊ុន Apple Inc. គ្មានទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននោះ វាបណ្ដាលមកពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកទាំងពីរនេះ មានទំនាស់នឹងគ្នាជាយូរមកហើយ។ មិនត្រឹមតែគ្មានទំព័រហ្វេសប៊ុកផ្លូវការទេ ក្រុមហ៊ុន Apple Inc. ក៏គ្មានគណនី X (Twitter) ផងដែរ។ អត្ថបទទាំងស្រុងនៅទីនេះ
បណ្ដាក្រុមហ៊ុនផលិតទូរស័ព្ទធំៗដូចជា Samsung ដែលជាគូប្រជែងដ៏ធំរបស់ក្រុមហ៊ុន Apple សុទ្ធតែប្រើប្រាស់បណ្ដាញសង្គមធ្វើជាឧបករណ៍ស្វែងយល់ទីផ្សាររបស់ខ្លួន ប៉ុន្តែ ក្រុមហ៊ុន Apple Inc. បានជ្រើសរើសការបើកហាងលក់រាយរបស់ខ្លួននៅតាមទីផ្សារអភិវឌ្ឍន៍នានាជុំវិញពិភពលោក។
ទោះជាយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ ពុំមានហាងផ្លូវការរបស់ខ្លួននៅកម្ពុជានោះឡើយ ហើយផលិតផលរបស់ក្រុមហ៊ុនមួយនេះ ត្រូវបានផ្ដល់សិទ្ធិចែកចាយ និងលក់រាយទៅឱ្យក្រុមហ៊ុនក្នុងស្រុកចំនួន ៥ មានក្រុមហ៊ុន iOne Cambodia, ក្រុមហ៊ុន Cactus Cambodia ក្រុមហ៊ុន Digibox Cambodia, ហាងលក់ទូរស័ព្ទ Koung Y និងហាងលក់រាយទូរស័ព្ទដៃ UNI YOUNG។
ក្រុមហ៊ុនក្នុងស្រុកទាំង៥នោះ សុទ្ធតែមានទំព័រហ្វេសប៊ុករបស់ពួកគេសម្រាប់ផ្សព្វផ្សាយលក់ផលិតផលរបស់ក្រុមហ៊ុន Apple ហើយដោយបានពិនិត្យទៅលើទំព័រហ្វេសប៊ុករបស់ពួកគេ យើងរកពុំឃើញនូវការផ្សព្វផ្សាយណាមួយដែលនិយាយអំពីការចែកទូរស័ព្ទដៃ iPhone ដែលមានស្នាមឆ្កូតនៅលើខ្លួនទូរស័ព្ទនោះឡើយ។
Fact Crescendo Cambodia បានស្វែងរកការបកស្រាយរបស់ក្រុមហ៊ុន និងហាងទូរស័ព្ទដែលបានសិទ្ធិចែកចាយ និងលក់រាយទូរស័ព្ទ iPhone និងផលិតផលបច្ចេកវិទ្យាដទៃទៀតរបស់ក្រុមហ៊ុន Apple Inc. ប៉ុន្តែ ពុំទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
Fact Crescendo Cambodia នឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត ក្រោយទទួលបានការឆ្លើយតបណាមួយពីក្រុមហ៊ុន Apple ឬក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយ និងលក់រាយផលិតផល Apple នៅកម្ពុជា។
យើងបានចូលទៅពិនិត្យមើលវេបសាយរបស់ក្រុមហ៊ុន Apple Inc. ដោយរកពុំឃើញការប្រកាសចែកចាយដោយឥតគិតថ្លៃនូវទូរស័ព្ទ iPhone មានស្នាមឆ្កូតតិចតួចទៅដល់អតិថិជននោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីវេបសាយរបស់ក្រុមហ៊ុន Apple នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ដែលបង្ហាញពីការផ្សព្វផ្សាយលក់ផលិតផលផ្សេងៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ។
ការផ្សព្វផ្សាយផ្ដល់រង្វាន់នៅលើបណ្ដាញសង្គមបែបនេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ ហើយត្រូវបានអ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថលចាត់ទុកជាការបោកបញ្ឆោតតាមអនឡាញ ឬតាមបណ្ដាញសង្គម។
កាលពីដើមឆ្នាំនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃ បានព្រមានពីហានិភ័យសម្រាប់អ្នកចុច ឬធ្វើតាមការផ្សព្វផ្សាយផ្ដល់រង្វាន់បែបនេះ ជាពិសេសការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន។
អ្នកបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពលើប្រព័ន្ធឌីជីថល អ្នកស្រី ឈិត កណិកា បានឱ្យដឹងថា ការផ្សព្វផ្សាយបែបបោកបញ្ឆោតបែបនេះ បានកើតឡើងជាយូរមកហើយ ដោយមានការប្រើប្រាស់ឈ្មោះក្រុមហ៊ុនល្បីៗដូចជា ក្រុមហ៊ុនផលិតរថយន្តតូយ៉ូតា និងក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ជាដើម។
អ្នកជំនាញសុវត្ថិភាពឌីជីថលរូបនេះ បន្ថែមថា ការផ្សព្វផ្សាយផ្ដល់រង្វាន់បែបនេះ គឺជាវាយប្រហារដោយបោកបញ្ឆោតបែបបន្លំតាមអនឡាញ (phishing attack) ដើម្បីល្បួងអ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យអនុវត្តតាមជំហានបន្តបន្ទាប់ ដូចជា ការតម្រូវឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមចុចលើតំណភ្ជាប់ណាមួយ ឬបំពេញព័ត៌មានផ្ទាល់ខ្លួន។
អ្នកស្រី កណិកា បានប្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យជៀសវាងការចូលរួមនៅក្នុងករណីបែបនេះ និងការអនុវត្តតាមសេចក្ដីណែនាំ ឬលក្ខខណ្ឌតម្រូវណាមួយទៀតនៅជំហានបន្ទាប់ ដោយព្រមានពីការបែកធ្លាយព័ត៌មានខ្លួនដែលនាំឱ្យបុគ្គលមានបំណងអាក្រក់យកព័ត៌មានទាំងនេះទៅប្រើប្រាស់ក្នុងបំណងទុច្ចរិតណាមួយ។
កាលពីសប្ដាហ៍មុន Fact Crescendo Cambodia បានត្រួតពិនិត្យនូវករណីស្រដៀងគ្នានេះដែលមានការផ្សព្វផ្សាយព័ត៌មានមួយលើបណ្ដាញសង្គមថា ផ្សារទំនើបម៉ាក្រូនៅកម្ពុជាផ្ដល់រង្វាន់មានតម្លៃរហូតដល់ ៥,០០០ដុល្លារដល់អតិថិជន ៣៥០នាក់ ដោយគ្រាន់តែសរសេរពាក្យ “Happy Birthday”។
យើងបានរកឃើញថា ករណីនេះគឺជាបោកបញ្ឆោតផងដែរ ហើយផ្សារម៉ាក្រូកម្ពុជាបានបដិសេធការជាប់ពាក់ព័ន្ធនឹងករណីបោកបញ្ឆោតបន្លំបែបនេះនៅលើបណ្ដាញសង្គម។ អត្ថបទទាំងស្រុងនៅទីនេះ
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការផ្សព្វផ្សាយព័ត៌មានថា ក្រុមហ៊ុន Apple ចែកចាយទូរស័ព្ទ iPhone មានស្នាមឆ្កូតតិចតួចនោះ មិនមែនជាការពិតនោះឡើយ។ បណ្ដាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយ និងលក់រាយទូរស័ព្ទ iPhone នៅកម្ពុជា ពុំបានផ្សព្វផ្សាយព័ត៌មានបែបនេះទេ ហើយអ្នកជំនាញសុវត្ថិភាពឌីជីថលចាត់ទុកការផ្សព្វផ្សាយបែបនេះ គឺជាការបោកបញ្ឆោតតាមអនឡាញ។

Title:ព័ត៌មានបោកបញ្ឆោតប្រកាសថា Apple ចែកទូរស័ព្ទ iPhone មានស្នាមឆ្កូតរាប់រយគ្រឿង
Written By: Jay UdomResult: False