Fact-Check: រូបថត​ពីរ​សន្លឹក​ភ្ជាប់​ដោយ​មិន​ត្រឹម​ទៅ​នឹង​​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ភូមា-ចិន

False International

ក្រោយ​រដ្ឋ​ប្រហារ​របស់​ពួក​យោធា​ភូមា​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​ជាច្រើន​ទាក់​ទង​នឹង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​​មួយ​នេះ ត្រូវ​បាន​អ្នក​ប្រើ​​ហ្វេសប៊ុក​កម្ពុជា​យក​មក​ចែក​រំលែក​ដោយ​មិន​បាន​ផ្ទៀង​ផ្ទាត់​នោះ​ឡើយ។ ក្នុង​ចំណោម​នោះ រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​យោធា​ភូមា និង​មេដឹកនាំ​កម្ពុជា​ ដោយ​មាន​ការ​សរសេរ​រៀប​រាប់​ថា មេដឹកនាំ​ទាំង​ពីរ​នេះ​ការពារ​ផល​ប្រយោជន៍​របស់​ចិន។ បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​ដែល​បង្ហាញ​ពី​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ភ្ជាប់​ជាមួយ​នឹង​ប៉ុស្តិ៍​នោះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​អះ​អាង​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត និង​រូបភាព ៤​សន្លឹក​ជាមួយ​ការ​រៀបរាប់​ថា មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន និង​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ការពារ​ផល​ប្រយោជន៍​ប្រទេស​ចិន។

រូបថត​មួយ​បង្ហាញ​ការ​ចាប់​ដៃ​គ្នា​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ និង​​ប្រធានាធិបតី​ចិន លោក ស៊ី ជិនភីង ហើយ​រូបថត​មួយ​សន្លឹក​ទៀត បង្ហាញ​ឧត្ដមសេនីយ៍​យោធា​ភូមា លោក មិន អ៊ុងលាំង (Min Aung Hliang) មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា ដែល​បាន​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​អំណាច។

ចំណែក​ឯ​រូបថត​ពីរ​សន្លឹក​ទៀត បង្ហាញ​បំពង់​ទុយ​ដែក​ធំៗ​ និង​រូបភាព​មួយ​សន្លឹក បង្ហាញ​គំនូស​នៃ​ខ្សែ​ដឹក​ជញ្ជូន ឬ​បញ្ជូន​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​ចេញ​ពី​ប្រទេស​ភូមា​ទៅ​កាន់​ប្រទេស​ចិន។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «របប​ផ្តាច់​ការ​ការពារ​ចិន​មេរដ្ឋ​ប្រហារ​ខ្មែរ​ភូមា​សច្ចា​ការពារ​ប្រយោជន៍​សហគ្រាស​ចិន»។

Facebook Post | Archive Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​រូបថត​ពីរ​សន្លឹក​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​ទៅ​ដល់​រូបថត​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​ទាំង​ពីរ​សន្លឹក​នោះ។

រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​ព័ត៌មាន​រូបថត Getty Images និង​គេហទំព័រ iStock ដែល​ជា​​ក្រុម​ហ៊ុន​ចំណុះ​ឱ្យ​​ក្រមហ៊ុន​មេ Getty Images ផង​ដែរ។

ក្រុមហ៊ុន Getty Images បានរូបថត​ពណ៌​ធម្មជាតិ​ទម្រង់​បញ្ឈរ​ជាមួយ​ព័ត៌មាន​បង្ហាញ​ថា រូបថត​នេះ​គឺ​ជា​បំពង់​ប្រេង និង​ឧស្ម័ន​ ដែល​ត្រូវ​បាន​ត​ភ្ជាប់​ពី​រដ្ឋ​អាឡាស្កា​របស់​សហរដ្ឋ​អាមេរិក ហើយ​រត់​ឆ្លង​កាត់​ព្រៃ​ភ្នំ​ជាច្រើន​កន្លែង។ រូបថត​នេះ ត្រូវ​បាន​ផ្ដិត​ឡើង​ដោយ​លោក Patrick J. Endres ប៉ុន្តែ ព័ត៌មាន​ជាង​នេះ​ទៀត មិន​មាន​នោះ​ឡើយ។

Getty Images | Archived Link

រូបថត​មួយ​សន្លឹក​ទៀត​នៅ​គេហទំព័រ​ Getty Images​ ក៏​បង្ហាញ​ឱ្យ​ឃើញ​ផង​ដែរ​នូវ​ទិដ្ឋភាព​មួយ​ជ្រុង​ទៀត​នៃ​បំពង​បង្ហូរ​ប្រេង និង​ឧស្ម័ន​មួយ​នេះ។

Getty Images | Archived Link

ចំណែក​ឯ​រូបថត​មួយ​សន្លឹក​ទៀត​បង្ហាញ​បំពង់​ធំ​ដ៏​វែង​ដែរ​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហ​ទំព័រ iStock ដែល​​ក្រុមហ៊ុន​ចំណុះ​ឱ្យ​ក្រុមហ៊ុន Getty Images។ ព័ត៌មាន​នៅ​លើ​រូបថត​នេះ ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​នូវ​បំពង​បង្ហូរ​ទឹក និង​ថាមពល​អគ្គិសនី​ដែល​លាត​សន្ធឹង​កាត់​វាល​ខ្សាច់​នៃ​រដ្ឋ​កាលីហ្វ័នី។ ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នៃ​រូបថត​នេះ មិន​មាន​នោះ​ឡើយ។

iStock | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​មែន​ជា​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ពី​ប្រទេស​ភូមា​ទៅ​ប្រទេស​ចិន​នោះ​ឡើយ។ រូបថត​ខាង​លើ បង្ហាញ​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ពី​រដ្ឋ​អាឡាស្កា​របស់​អាមេរិក ហើយ​រូបថត​មួយ​សន្លឹក​ទៀត គឺ​ជា​ទិដ្ឋភាព​មួយ​នៃ​បំពង​បង្ហូរ​ទឹក​ឆ្លង​កាត់​វាល​ខ្សាច់​នៅ​ក្នុង​កាលីហ្វ័នី សហរដ្ឋ​អាមេរិក។

Avatar

Title:រូបថត​ពីរ​សន្លឹក​ភ្ជាប់​ដោយ​មិន​ត្រឹម​ទៅ​នឹង​​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ភូមា-ចិន

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.