រូប​ថត​បង្ហាញ​លោក​ ហ៊ុន​​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាម​ ជា​រូប​ថត​កាត់​ត​

Altered Political

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។

ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាម​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី២៤​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ លោក​ ហ៊ុន​ ម៉ាណែត​ ដោយ​ពាក់​មួក​កង​ទ័ព​វៀត​ណាម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ឃ្លា​ថា​ «ជន​ផ្តាច់​ការ​ចូល​ម្លប់​»​។​

រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ «​កូន​យួន​កំពុង​អុក​ឡុក​នគរ​ខ្មែរ​ សម្លាប់​ខ្មែរ​ បំផ្លាញ​ខ្មែរ​ បំបែក​បំបាក់​ខ្មែរ​គ្រប់​រូបភាព​ ហ៊ុន​ម៉ាណែត​ មិន​ត្រឹម​តែ​បោស​សម្អាត​តែ​បក្ស​ប្រឆាំង​ទេ​ សូម្បី​អ្នក​ក្នុង​បក្ស​វា​ ក៍​វា​បោស​សម្អាត​ដែរ​ ក្នុង​នោះ​ដូច​ជា​ អតីត​បក្ស​ជា​ស៊ីម​ បក្ស​ហេង​សំរិន​ បក្ស​ស​ ខេង​ គឺ​ជា​មុខ​សញ្ញា​ដែល​វា​ត្រូវ​កម្ទេច​ទាំង​អស់​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​ របស់​លោក​ ហ៊ុន​ ម៉ាណែត​ ដែល​បាន​បង្ហោះ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​តុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​។​ លោក​ ហ៊ុន​ ម៉ាណែត​ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូ​ទោ​ថា​ គឺ​ជា​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​នា​ពេល​អនាគត​ខាង​មុខ​នេះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ដោយ​ពុំ​បាន​បង្ហាញ​ទិដ្ឋ​ភាព​របស់​លោក​ បាន​ពាក់​មួក​កង​ទ័ព​វៀត​ណាម​នោះ​ទេ​។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហ​ទំព័រ​សារ​ព័ត៌​មាន​ Grand News Asia ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ផង​ដែរ​។​ គេហ​ទំព័រ​ដដែល​នេះ​ ពុំ​បាន​បង្ហាញ​​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាមនោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​សារព័ត៌មាន​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «លោក​ ហ៊ុន​ ម៉ាណែត​ ថ្លែង​អំណរ​គុណ​ដល់​លោក​ឳពុក​ និង​អ្នក​ម្តាយ​ចំពោះ​អ្វី​គ្រប់​យ៉ាង​ដែល​លោក​មាន​សព្វ​ថ្ងៃ​នេះ​»​។

Grand News Asia | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ទេ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ​ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាមនោះ​ឡើយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​បង្ហោះ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​តុលា​​ ឆ្នាំ​២០១៥​កន្លង​ទៅ​ នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​។​

Avatar

Title:រូប​ថត​បង្ហាញ​លោក​ ហ៊ុន​​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាម​ ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: ALtered

Leave a Reply

Your email address will not be published. Required fields are marked *