
ការបោះឆ្នោតជាតិសំខាន់ៗកាន់តែខិតជិតចូលមកដល់នៅក្នុងរយៈពេលមួយឆ្នាំខាងមុខទៀត ចំណែកឯការរិះគន់ និងវាយប្រហារគ្នាជាពាក្យសម្តីខាងនយោបាយ បានក្លាយទៅជាប្រធានបទមួយនៃការជជែកដេញដោល រវាងអ្នកប្រើប្រាស់គ្រប់មជ្ឍដ្នាន និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមនានា។
ក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ស ខេង ឈរកាន់សត្វមាន់ មានសភាពមុខមាត់ជាមនុស្សចំណាស់ ត្រូវបានអ្នកប្រើប្រាស់យកមកចែកចាយ និងបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង មានសភាពមុខមាត់ ទម្រង់ជាមនុស្សចំណាស់។ អ្នកប្រើប្រាស់ដដែលនេះ ពុំបានបញ្ជាក់ទីតាំង និងព័ត៌មានលំអិតអំពីរូបថតមួយសន្លឹកនោះឡើយ។
រូបថតភ្ជាប់ដោយសំណេរអះអាងមួយនេះត្រូវបានប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ និងចែកចាយតៗគ្នាជាច្រើនដង នៅលើបណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក ក៏បានសរសេររៀបរាប់នៅក្នុងសំណេររបស់ខ្លួនផងថា «យើងទៅជល់មាន់ នៅ ម៉ាយ៉ានម៉ា [មីយ៉ាន់ម៉ា] ដើម្បីបង្វែរបច្ចុប្បន្នភាពរបស់រាស្ត្រខ្មែរ..»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
រូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅលើគេហទំព័រ Pinterest ពុំបានបង្ហាញនូវទិដ្ឋភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង ជាមនុស្សចំណាស់ កំពុងឈរកាន់សត្វមាន់នោះឡើយ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ បានសរសេរជាភាសាអង់គ្លេសថា «Beautiful Chickens» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «សត្វមាន់ដ៏ស្រស់ស្អាត»។

Pinterest Link | Archived Link
រូបថតមួយសន្លឹកដូចគ្នានេះ ក៏ត្រូវបានបង្ហោះឡើងផងដែរនៅក្នុងគេហទំព័រ Kaichon Online កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ បានសរសេរជាភាសាថៃថា «ใจรักไก่ชนอยู่ในสายเลือด อายุไม่สำคัญ» ឬប្រែសម្រួលជាភាសាខ្មែរតាមរយៈកម្មវិធី Google Translate មានន័យថា «ចិត្តស្រឡាញ់មាន់ពេញក្នុងសរសៃឈាម អាយុមិនសំខាន់»។

Kaichon Online Link | Archived Link
ដូចគ្នានេះដែរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់ថៃមួយមានឈ្មោះថា «เซียนไก่ชน» ក៏បានបង្ហោះនូវរូបថតមួយសន្លឹកដែលមានទម្រង់ដូចគ្នាទាំងស្រុងផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ សរសេររៀបរាប់ជាភាសាថៃថា «ไม่มีหรอกใครเก๋ากว่าใคร “คนเหมือนกันทั้งนั้น” คนเงียบเท่านั้นที่จะชนะ» ឬប្រែសម្រួលជាភាសាខ្មែរតាមរយៈកម្មវិធី Google Translate មានន័យថា «គ្មាននរណាម្នាក់ចាស់ជាងនរណាម្នាក់ឡើយ។ “មនុស្សដូចគ្នាទាំងអស់” មានតែអ្នកស្ងៀមទេដែលនឹងឈ្នះ»។


ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើ គឺពិតជាមិនត្រឹមត្រូវទេ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិត ច្បាប់ដើមនៃរូបថតនេះ ពុំបានបង្ហាញនូវទិដ្ឋភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង ជាមនុស្សចំណាស់កំពុងឈរកាន់សត្វមាន់នោះឡើយ។

Title:រូបថតលោក ហ៊ុន សែន និងលោក ស ខេង កាន់មាន់ជល់ គឺជារូបថតកាត់ត
Fact Check By: Kakada SimResult: Altered
