រូប​ថត​បង្ហាញ​លោក​ មីង​ អ៊ុង​ឡាំង​ ផ្ចង់​កាំ​ភ្លើង​ខ្លួន​ឯង ជា​រូប​ថត​កាត់​ត

International Satire

​ការ​តវ៉ា​ប្រឆាំង​ និង​រិះ​គន់​ទៅ​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ានម៉ា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មីង​ អ៊ុងឡាំង​ ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ 

ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់លោក​ មីង​ អ៊ុង​ឡាំង​ កំពុង​តែ​កាន់​កាំ​ភ្លើង​ផ្ចង់​ខ្លួន​ឯង​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី១៧​​ ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយមាន​ឈ្មោះ​ថា​ Angkor.Empire​​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោកមេ​ដឹក​នាំ​យោ​ធា​មីយ៉ានម៉ា​ មីង​ អ៊ុង​ឡាំង​ កាន់​កាំ​ភ្លើង​ខ្លី​ផ្ចង់​ខ្លួន​ឯង​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​ អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «ក្នុង​​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​សូម​ចូល​រួម​សាទរ​ជាមួយ​នឹង​ពលរដ្ឋ​ ភូមា​ ដែល​តុលាការ​អន្តរជាតិ​កោះ​អា​_ឡាំង​ទៅ​កាត់​ទោស​។ តែ​ខ្ញុំ​នៅ​តែ​សោក​ស្តាយ​ ចំពោះ​ទង្វើ​អា​_ប៉ោត​ដ៏​ឧក្រិដ្ឋ​ ដែល​តែង​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ពល​រដ្ឋ​ឲ្យ​ខ្លោច​ផ្សា​ ទឹក​ភ្នែក​ឥត​ស្រាក​ស្រាន្ត​ហើយ​មិន​មាន​ទោស​ពៃរ៌​ នៅ​សុខ​សប្បាយ​។ សូម​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក​ជួយ​កាត់​ទោស​ជន​ឧក្រិដ្ឋ​ផង​»។​

Facebook Post | Archived Link

រូបថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​បែប​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គមមួយ​ឈ្មោះ​ថា និមិត្ត​រូប​នៃ​ការ​ផ្លាស់​ប្ដូរ​ ដោយ​មាន​ការ​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​ផង​ដែរ​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើគេហ​ទំព័រ​ Human Rights Watch ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០២១​កន្លង​ទៅ​។​ គេហ​ទំព័រ​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​អំពី​ទិដ្ឋភាព​របស់​រូប​ថត​ខាង​លើ​ថា​ ជា​ការ​ថ្លែង​ការណ៏​តាម​ទូរទស្សន៍​របស់​មេ​ដឹក​នាំ​យោធា​​លោក​ មីង​ អ៊ុង​ឡាំង។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «State Administrative Council Chairman and Commander-in-Chief Senior Gen. Min Aung Hlaing makes a televised statement in Naypyitaw, Myanmar, February 11, 2021»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ និង​ជា​អគ្គ​មេ​បញ្ជា​ការ​ជាន់​ខ្ពស់​លោក​ មីង​ អ៊ុងឡាំង​ បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​តាម​ទូរទស្សន៍​នៅ​ក្នុង​ទីក្រុង​ណៃ​ពីដោ​ (Naypyidaw) ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​១១​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​»។​

Human Rights Watch Link | Archived Link

កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​មេសា​ ឆ្នាំ​២០២១​ រូប​ថត​មួយ​សន្លឹក​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​ផង​ដែរ​ នៅ​ក្នុង​គេហ​ទំព័រ​សារព័ត៌មាន​ DW​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​​​ «The UK has said Min Aung Hlaing is “responsible for the serious human rights violations committed by the Myanmar security forces”» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ចក្រ​ភព​អង់គ្លេស​បាន​និយាយ​ថា​លោក​ មីង​ អ៊ុងឡាំង ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ដែល​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​»។​

DW News Report | Archived Link

ជា​មួយ​គ្នា​នេះ​ដែរ​ តាម​រយៈ​គេហ​ទំព័រ​សារ​ព័ត៌​មាន​អន្តរជាតិ​មួយ​​ The Eastern ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០២១​កន្លង​ទៅ​ ក៏​បាន​បង្ហោះ​រូប​ថត​របស់​មេ​ដឹក​នាំ​យោធា​លោក​ មីង​ អ៊ុង​ឡាំង​ មួយ​សន្លឹក​នេះ​ផង​ដែរ​។​ រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​មេ​ដឹក​នាំ​យោធា​មីយ៉ានម៉ា​លោក​ មីង​ អ៊ុង​ឡាំង​ បាន​កាន់​កាំភ្លើង​ផ្ចង់​ខ្លួន​ឯង​នោះ​ទេ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​​​ «In this image taken from video posted in Tatmadaw True Information Team Facebook page, State Administrative Council Chairman and Commander-in-Chief Senior Gen. Min Aung Hlaing makes a televised statement Thursday, Feb. 11, 2021, in Naypyidaw, Myanmar» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «រូបភាព​នេះ​ ថត​ចេញ​ពី​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​ Tatmadaw True Information Team ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ និង​ជា​អគ្គ​មេ​បញ្ជាការ​ជាន់​ខ្ពស់​លោក​ មីង​ អ៊ុង​ឡាំង​ បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ក្នុង​ទី​ក្រុង​ណៃ​ពី​ដោ​ ប្រទេស​មីយ៉ាន់ម៉ា​»។​

The Eastern Link Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ទេ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ​ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​មេ​ដឹក​នាំ​យោធា​មីយ៉ានម៉ា​លោក​ មីង​ អ៊ុង​ឡាំង​ បាន​កាន់​កាំភ្លើង​ផ្ចង់​ខ្លួន​ឯង​នោះ​ទេ​។​ រូប​ថត​នេះ​ គឺ​ត្រូវ​បាន​ថត​នៅ​ពេល​លោក​ធ្វើ​ សេចក្តី​ថ្លែង​ការណ៍​តាម​ទូរទស្សន៍​ នៅ​ក្នុង​ទីក្រុង​ណៃ​ពីដោ​ ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​១១​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​កន្លង​ទៅ​។​

Avatar

Title:រូប​ថត​បង្ហាញ​លោក​ មីង​ អ៊ុង​ឡាំង​ ផ្ចង់​កាំ​ភ្លើង​ខ្លួន​ឯង ជា​រូប​ថត​កាត់​ត

Fact Check By: Kakada Sim 

Result: Satire

Leave a Reply

Your email address will not be published. Required fields are marked *