
ខណៈដែលអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានរំលឹកខួបនៃការស្លាប់របស់អ្នកស្រី ពិសិដ្ឋ ពីលីកា នោះ វីដេអូមួយដែលបង្ហាញរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនាដការីរូបនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ។ វីដេអូនេះ ទទួលបានការចូលទស្សនាជាច្រើនដង ហើយក៏ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់ Fact Crescendo Cambodia រកឃើញថា វីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពី ២ថ្ងៃមុន ទំព័រហ្វេសប៊ុក ភ្លេងមច្ចុរាជ បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយអ្នកស្រី ពិសិដ្ឋ ពិលិកា តារាសម្ដែង និងនាដការីកម្ពុជាដ៏ល្បីល្បាញនាទសវត្សរ៍១៩៩០។
វីដេអូនេះ ទទួលបានការទស្សនា និងចែករំលែកយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនទៀត បានបញ្ចេញមតិ និងប្រតិកម្មចម្រុះទៅនឹងវីដេអូនេះ។
ខាងក្រោមនេះ គឺជាវីដេអូផ្ដាមចេញពីវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក ភ្លេងមច្ចុរាជ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឬ ១ថ្ងៃមុនខួប ២៣ឆ្នាំនៃការបាញ់សម្លាប់អ្នកស្រី ពិសិដ្ឋ ពីលីកា។
វីដេអូដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកដទៃទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ សូមចូលទៅមើលតាមរយៈតំណភ្ជាប់នៅទីនេះ និងតំណភ្ជាប់មួយទៀតនៅទីនេះផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតនៃវីដេអូនេះតាមរយៈការដំណើរការស្វែងរកដោយ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
រូបថតជាច្រើននៅក្នុងវីដេអូនេះ ត្រូវបានរកឃើញនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបង្ហាញឱ្យឃើញរូបលោកថតរួមគ្នាជាមួយភរិយារបស់លោក អ្នកស្រី ប៊ុន រ៉ានី។

រូបថតមួយសន្លឹកដែលបង្ហាញលោក ហ៊ុន សែន ជូនផ្កាមួយបាច់ទៅស្ត្រីម្នាក់នោះ ត្រូវបានរកឃើញនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលបង្ហាញឱ្យឃើញលោកនាយករដ្ឋមន្ត្រីរូបនេះជូនបាច់ផ្កាទៅភរិយារបស់លោកនៅលើវេទិកានៃពិធីមួយ។


រូបថតមួយសន្លឹកទៀតនៅក្នុងវីដេអូដដែលនេះ ដែលបង្ហាញលោក ហ៊ុន សែន អង្គុយនឹងស្ត្រីម្នាក់ពាក់អាវពណ៌សនោះ ត្រូវបានរកឃើញនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងដែរ។ រូបថតច្បាប់ដើម បង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គុយជាប់នឹងភរិយារបស់លោកនៅលើវេទិកានៃពិធីផ្លូវការមួយ។


សូមមើលការប្រៀបធៀបរវាងរូបថតទាំងអស់នៅក្នុងវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម និងរូបថតច្បាប់ដើម ដែលត្រូវបានរកឃើញនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។




អ្នកស្រី ពិសិដ្ឋ ពីលីកា រងការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៩៩ ហើយបានទទួលមរណភាពនៅមួយសប្ដាហ៍ក្រោយមក។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតនៅក្នុងវីដេអូដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតនៅក្នុងវីដេអូនោះ សុទ្ធតែជារូបភាពកាត់ត។ រូបថតច្បាប់ដើមទាំងអស់នៅក្នុងវីដេអូនោះ សុទ្ធតែជារូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក មិនមែនជារូបថតលោកថតជាមួយអ្នកស្រី ពិសិដ្ឋ ពីលីកា នោះឡើយ។

Title:រូបថតលោក ហ៊ុន សែន ជាមួយអ្នកស្រី ពិសិដ្ឋ ពីលីកា គឺជារូបភាពកាត់ត
Fact Check By: Jay UdomResult: Altered
