
ចាប់តាំងពីខែតុលាកន្លងមកនេះ ការអះអាង និងព័ត៌មាននានាទាក់ទងនឹងលោក Elon Musk បានលេចធ្លោនៅលើបណ្ដាញសង្គម។ ការអះអាងថ្មីបំផុតមួយ បាននិយាយថា មហាសេដ្ឋីអាមេរិករូបនេះ បានទិញយកទូរទស្សន៍ CNN ក្នុងតម្លៃ ៣ពាន់លានដុល្លារ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាត និងទាក់ទាញបានការជឿតាមរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានកំពុងផុសផុលនៅលើបណ្ដាញសង្គមនាពេលប៉ុន្មានថ្ងៃនេះ បានអះអាងថា មហាសេដ្ឋីអាមេរិក លោក Elon Musk បានប្រកាសទិញបណ្ដាញផ្សព្វផ្សាយទូរទស្សន៍ CNN របស់អាមេរិកក្នុងទឹកប្រាក់ដល់ទៅ ៣ពាន់លានដុល្លារអាមេរិក។
ព័ត៌មាននេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ព្រមទាំងការបញ្ចេញប្រតិកម្ម និងមតិយោបល់ចម្រុះបែបផងដែរទៅនឹងព័ត៌មាននេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “លោក Elon Musk ម្ចាស់អង្គការអវកាស SpaceX បានប្រកាសទិញ CNN TV ក្នុងតម្លៃ ៣ពាន់លានដុល្លារ”។
ព័ត៌មានដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាផងដែរកាលពីថ្ងៃម្សិលមិញនេះ ដោយនិយាយបន្ថែមថា ប្រសិនបើ Elon Musk ដែលជាសម្ព័ន្ធមិត្តប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ អាចទិញទូរទស្សន៍នេះបាន នោះទីលានព័ត៌មាននៅអាមេរិក នឹងប្រែប្រួលពី “ការពិតទៅប្រជានិយម”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មាននេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់លោក ហ៊ុយ វណ្ណៈ ដែលជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។
ការបង្ហោះព័ត៌មានបែបនេះ បាននាំឱ្យមានការចែករំលែកបន្តនៅលើបណ្ដាញសង្គម ក្នុងនោះមានទាំងសារព័ត៌មានក្នុងស្រុកផងដែរ បានយកព័ត៌មាននេះទៅបង្ហោះបន្តនៅលើទំព័រហ្វេសប៊ុករបស់ពួកគេ។ គេអាចរកមើលព័ត៌មានដូចគ្នានេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈតំណភ្ជាប់នៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។
ការបង្ហោះ និងចែករំលែកព័ត៌មានជាភាសាខ្មែរនេះនៅលើបណ្ដាញសង្គម បានកើតឡើងក្រោយពីមានការបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមជាភាសាអង់គ្លេសថា ស្ថាបនិក និងជា CEO ក្រុមហ៊ុន Tesla រូបនេះ បានយល់ព្រមទិញយកទូរទស្សន៍ CNN ក្នុងតម្លៃ ៣ពាន់លានដុល្លារ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការអះអាងជាភាសាអង់គ្លេសដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “Elon Musk agrees to $3 billion to buy CNN. Elon Musk reportedly eyeing CNN acquisition. I’ll fix the media, one network at a time.”។
គេអាចរកមើលការអះអាងជាភាសាអង់គ្លេសដូចគ្នានេះនៅលើបណ្ដាញសង្គមតាមរយៈតំណភ្ជាប់នៅទីនេះ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), ឬ Link 5 (archived)។
ការអះអាងដូចគ្នានេះ ក៏ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមដទៃទៀតដែរ ដូចជា X (អតីត Twitter) និងThreads ដែលជាបណ្ដាញសង្គមថ្មីរបស់ក្រុមហ៊ុន Meta។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនេះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសរសេររៀបរាប់ថា “Elon Musk makes a hostile bid to acquire CNN for $3b” ឬអាចប្រែជាភាសាខ្មែរថា “លោក Elon Musk ដេញថ្លៃទិញយក CNN តម្លៃ ៣ពាន់លានដុល្លារ”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មានដូចគ្នានេះនៅលើបណ្ដាញសង្គម Threads កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “Breaking News: Elon Musk agrees to $3 billion to buy CNN. Elon Musk Reportedly eyeing CNN acquisition. I’ll fix the media, one network at a time.”។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើព័ត៌មាននេះតាមរយៈការពិនិត្យមើលសេចក្ដីរាយការណ៍ព័ត៌មានពីប្រភពគួរឱ្យទុកចិត្តនានា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រហូតមកទល់ថ្ងៃទី១១ ខែវិច្ឆិកានេះ សារព័ត៌មានអន្តរជាតិធំៗ ដូចជា ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC ទូរទស្សន៍អាមេរិក ABC និងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយដ៏គួរឱ្យទុកចិត្តដទៃទៀត គ្មានរាយការណ៍ទាល់តែសោះនូវព័ត៌មានបែបនេះ។
នៅក្នុងបណ្ដាញផ្សព្វផ្សាយទូរទស្សន៍ CNN ផ្ទាល់ ពុំមានសេចក្ដីរាយការណ៍ណាមួយទាក់ទងនឹងសំណើដេញថ្លៃពីមហាសេដ្ឋីអាមេរិក លោក Elon Musk នោះឡើយ គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកានេះ។
ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ CNN ដែលមានមូលដ្ឋាននៅទីក្រុង Atlanta រដ្ឋ Georgia នោះ គឺស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុន Warner Bros. Discovery បន្ទាប់ពីការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Warner Bros និង Discovery កាលពីឆ្នាំ២០២២កន្លងមក។
នៅក្នុងផ្នែក Newsroom របស់ក្រុមហ៊ុន Warner Bros. Discover គ្មានសេចក្ដីប្រកាសព័ត៌មានណាមួយដែលនិយាយអំពីការដេញថ្លៃទិញយកទូរទស្សន៍ CNN របស់លោក Elon Musk នោះឡើយគិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកានេះ។
ចំណែកលោក Elon Musk វិញ ក៏ពុំបាននិយាយអ្វីទាល់តែសោះនៅលើបណ្ដាញសង្គម X (អតីត Twitter)របស់លោកអំពីការទិញយកប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយនេះ។
ផ្ទុយទៅវិញ យើងបានរកឃើញព័ត៌មានដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន USA TODAY បាននិយាយថា ព័ត៌មានដែលនិយាយថា មហាសេដ្ឋលេខ១ពិភពលោក Elon Musk យល់ព្រមទិញយកទូរទស្សន៍ CNN នេះ គឺជាព័ត៌មានមិនពិតមានលក្ខណៈបែបចំហក (satirical)។
សារព័ត៌មានអាមេរិក USA TODAY បានវាយតម្លៃបែបនេះ បន្ទាប់ពីពុំបានរកឃើញសេចក្ដីប្រកាសព័ត៌មានផ្លូវការណាមួយចេញដោយក្រុមហ៊ុន Warner Bros Discovery ដែលជាក្រុមហ៊ុនមេរបស់ទូរទស្សន៍ CNN ឬសេចក្ដីប្រកាសព័ត៌មានផ្លូវការណាមួយពីលោក Elon Musk នោះឡើយ។
ក្រៅពី USA TODAY ស្ថាប័នផ្ទៀងផ្ទាត់ព័ត៌មានមួយទៀតឈ្មោះថា Snopes ក៏បានវាយតម្លៃដូចគ្នាដែរថា ព័ត៌មានដែលនិយាយថា លោក Elon Musk ទិញយកទូរទស្សន៍ CNN នោះ គឺជាព័ត៌មានក្លែងក្លាយ។
ស្ថាប័នទាំងពីរនេះ បានរកឃើញថា ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយដោយគ្មានបង្ហាញប្រភពច្បាស់លាស់នោះឡើយ ដែលនាំឱ្យមានការវាយតម្លៃថា ការអះអាងនេះ គ្មានការពិតជាមូលដ្ឋាននោះឡើយ។
បើតាមការផ្សាយរបស់ទស្សនាវដ្ដី Forbes លោក Elon Musk អាយុ ៥៣ឆ្នាំ ដែលជាស្ថាបនិក និងជានាយប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនអវកាស SpaceX នោះ មានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោករហូតដល់ជាង ៣០០ពាន់លានដុល្លារហើយ បន្ទាប់ពីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតកាលពីសប្ដាហ៍មុន។
មហាសេដ្ឋីអាមេរិក-កាណាដារូបនេះ បានទិញយកក្រុមហ៊ុនបណ្ដាញសង្គម Twitter កាលពីឆ្នាំ២០២២ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ហើយក្រោយមក លោកប្ដូរឈ្មោះទៅជាបណ្ដាញសង្គម X វិញ។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ប្រភពផ្លូវការណាមួយរាយការណ៍ថា លោក Elon Musk យល់ព្រមទិញយកបណ្ដាញផ្សព្វផ្សាយទូរទស្សន៍ CNN នោះឡើយ។ ការអះអាងថា លោក Elon Musk ដេញថ្លៃទិញយកប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ CNN គឺជាព័ត៌មានក្លែងក្លាយមានលក្ខណៈចំអក បន្ទាប់ពីលោក ដូណាល់ ត្រាំ ដែលលោក Elon Musk គាំទ្រថវិកានោះ បានឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកជាថ្មី។

Title:ព័ត៌មានក្លែងក្លាយថា លោក Elon Musk ទិញ CNN តម្លៃ ៣ពាន់លានដុល្លារ
Fact Check By: Jay UdomResult: False
