
ខណៈដែលមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កំពុងរស់នៅឯក្រៅប្រទេសនោះ រូបថតមួយសន្លឹកដែលបង្ហាញរូបលោក និងភរិយាស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ដោយមានសំណេរថា រូបថតនោះជារូបថតថ្ងៃលោករៀបមង្គលការ។ រូបថតនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គមរួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែប។ ទោះជាយ៉ាងណា តាមរយៈ Google Reverse Image Search យើងរកឃើញថា ការអះអាងលើរូបថតបែបនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងភរិយា ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណី និងធ្វើដំណើរនៅក្នុងបរិវេណព្រះបរមរាជវាំងនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរនៅលើរូបថតនោះថា «ជូឡុង សូមួរ៉ា និង សម រង្ស៊ី ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍»។
រូបថតដែលមានសំណេរបែបនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គមរួមជាមួយការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០១ ខែសីហា ដែលមានសំណេរលើរូបថត«ជូឡុង សូមួរ៉ា និង សម រង្ស៊ី ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅលើគេហទំព័រ CSC DAILY ក្នុងអត្ថបទមួយនិយាយអំពីជីវប្រវត្តិរបស់អ្នកស្រី ជូឡុង សូមូរ៉ា ដែលភរិយារបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា។
សំណេរនៅក្រោមរូបថត បានឱ្យដឹងថា រូបថតមួយសន្លឹកនេះ បង្ហាញឱ្យឃើញលោក សម រង្ស៊ី និងភរិយារបស់លោកដែលស្ថិតក្នុងឈុតប្រពៃណី ធ្វើដំណើរចូលក្នុងព្រះបរមរាជវាំង នៅក្នុងថ្ងៃដែលលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយភរិយាលោកត្រូវបានតែងតាំងជាអគ្គទេសាភិបាលរងធនាគារជាតិ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី១។

រូបថតដដែលនេះ ក៏ត្រូវបានរកឃើញផងដែរនៅក្នុងអត្ថបទមួយទៀតនៅលើគេហទំព័រ CSC DAILY កាលពីឆ្នាំ២០២០កន្លងមក។ សូមមើលរូបថតនេះនៅក្នុងអត្ថបទរបស់គេហទំព័រ CSC DAILY តាមរយៈតំណភ្ជាប់នៅទីនេះ។
អត្ថបទជីវប្រវត្តិរបស់អ្នកស្រី ជូឡុង សូមូរ៉ា បានឱ្យដឹងថា លោក សម រង្ស៊ី បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយារបស់លោកនៅឆ្នាំ១៩៧១ នៅឯទីក្រុងប៉ារីស អំឡុងពេលភរិយារបស់លោកទៅបន្តការសិក្សានៅទីនោះ ហើយលោក សម រង្ស៊ី ក៏កំពុងរស់នៅទីនោះផងដែរ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា សំណេរនៅលើរូបថតលោក សម រង្ស៊ី និងភរិយារបស់លោក មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកដែលបង្ហាញឱ្យលោក សម រង្ស៊ី និងភរិយា ស្ថិតក្នុងឈុតប្រពៃណីខ្មែរនោះ មិនមែនជារូបថតនៅថ្ងៃពួកគាត់រៀបអាពាហ៍ពិពាហ៍នោះឡើយ។ រូបថតមួយសន្លឹកនេះ គឺលោក សម រង្ស៊ី និងភរិយា ធ្វើដំណើរចូលទៅព្រះបរមរាជវាំង បន្ទាប់ពីលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយភរិយាលោកត្រូវបានតែងតាំងជាអគ្គទេសាភិបាលរងធនាគារជាតិ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី១។

Title:តើរូបថតនេះជារូបថតលោក សម រង្ស៊ី និងភរិយា រៀបអាពាហ៍ពិពាហ៍មែនឬទេ?
Fact Check By: Jay UdomResult: Misleading
