ខណៈ​ដែល​​ការ​បោះ​ឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្ដ្រ​​នីតិកាល​ទី​៧​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​នោះ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុមស្លៀក​ពាក់​ខ្មៅ និង​សែង​មឈូស​មាន​បិទ​រូបថត​ លោក​ សម​ រង្ស៊ី​ ក្នុង​ន័យ​ថា មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ទទួល​មរណភាព។​ រូបថត​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​បន្ត និង​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​យើង​ បាន​រក​ឃើញ​ថា​ រូបថត​នេះ​ត្រូវ​បាន​កាត់ត។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​​ដង្ហែ​មឈូស​​​មាន​រូប​ថត​របស់​លោក​ សម​ រង្ស៊ី​ តាំង​នៅ​ពី​មុខ​​ ដោយ​ភ្ជាប់​ថា​ លោក​បាន​ទទួល​មរណភាព​ហើយ​។​

រូប​ថត​ភ្ជាប់​ជាមួយទៅ​​នឹង​សំណេរ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​ «ត្បិត​ប្រឆាំង​ដោយ​ចរិត​បំផ្លាញ​ជាតិ​ តែ​បើ​តៃ​ហោង​ហើយ​ ក៏​អហោសិកម្ម​ចុះ​​»។​

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​​បង្ហោះ​ផង​ដែរ ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ដែល​សរសេរ​រៀបរាប់​ថា «សព​របស់​ជន​ក្បត់​ជាតិ​បី​ជំនាន់​ឈ្មោះ សម រង្ស៊ី អម​ដង្ហែ​ជាប់​មឈូស​ខ្មោច​ដោយ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​៥​នាក់​ដែល​ត្រូវ​បាន​គេ​ជួល​មក​ឱ្យ​ធ្វើ​ជា​កូន​របស់​ខ្មោច»។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជារូបភាព​ផ្ដាម​​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ដែល​សរសេរ​រៀបរាប់​ថា «R.I.P ទៅ​ឱ្យ​បាន​សុខ​ចុះ កើត​ជាតិ​ណាៗ​សូម​កុំ​ឱ្យ​អាក្រក់​ក្បត់​ជាតិ​ដូច​ជាតិ​នេះ​ទៀត ស្ដាយ​ណាស់​មិន​ទាន់​បាន​វ៉ៃ​ក្បាល​នឹង​ស្បែក​ជើង​ផង ងាប់​បាត់»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន​អះ​អាង​ខាង​លើ​ តាម​រយៈកម្មវិធី​​ Google Reverse Image Search និង​សារ​បង្ហោះ​របស់​លោក​ សម​ រង្ស៊ី​ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​

ដំណឹង​មរណភាព​របស់​មេដឹក​នាំ​ប្រឆាំង​កំពូល​ម្នាក់​នេះ​ គួរ​តែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ និង​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នា​នា​ ឬ​តាមរយៈ​គណបក្ស​របស់​ខ្លួន​ផ្ទាល់​ ប៉ុន្ដែ ​គិត​ត្រឹម​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ​ ពុំ​មាន​ព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​​ចុះ​ផ្សាយ​នោះ​ឡើយ។

យើង​បាន​រក​ឃើញ​វីដេអូ​មួយ​​ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម TikTok កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​ស្លៀក​ពាក់​ខ្មៅ បាន​ដង្ហែ​មឈូស​មួយ​មាន​បិទ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ខាង​មុខ​នោះ។

​សំណេរ​រៀបរាប់​ភ្ជាប់​ជាមួយ​វីដេអូ​នោះ បាន​ឱ្យ​ដឹង​ថា រូបថត​នៃ​វីដេអូ​នោះ គឺ​ជា​ការ​បង្ហាញ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ប្រឆាំង​ទៅ​នឹង​លោក ហ៊ុន សែន។

@samsameth3

ហែលសពលោកក្បត់ជាតិ ហ៊ុន សែន Is in Australia.

♬ original sound - Sam Sameth - Sam Sameth

TikTok Link | Archived Link

ការ​ដង្ហែ​ហឹប​​មឈូស​ខាង​លើ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​បង្ហាញ​ទិដ្ឋភាព​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែលត្រូវ​បាន​រៀប​ចំ​ឡើង​​នៅ​ក្នុង​ទីក្រុង​មែលប៊ន​ (Melborne) ប្រទេស​អូស្រ្តាលី​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ដោយ​មិន​បាន​បង្ហាញ​ទិដ្ឋភាព​រូប​ថត​របស់​លោក​ សម​ រង្ស៊ី​ នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​នៃ​ទិដ្ឋភាព​បាតុកម្ម​របស់​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ប្រឆាំង​ទៅ​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ថ្ងៃ​អាទិត្យ​ ទី​២៣​ ខែ​កក្កដា​ ខាង​មុខ​នេះ​។​

Facebook Post | Archived Link

មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី​​ «វេទិកា​សំឡេង​សង្គ្រោះ​ជាតិ​» ដែល​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅថ្ងៃ​សៅរ៍​នេះ​។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ នៃ​កិច្ច​ពិភាក្សា​ផ្សាយ​ផ្ទាល់​មួយ​ ដែល​មាន​​វត្ត​មាន​របស់​លោក​ សម​ រង្ស៊ី​ បាន​ចូល​រួម​ជា​វាគ្មិន​ដោយ​ផ្ទាល់​។​

Facebook Post | Archived Link

កម្ពុជា​គ្រោង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ស្អែក ២៣ កក្កដា ឆ្នាំ​២០២៣ ដោយ​គណបក្ស​ភ្លើងទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​នោះ​ឡើយ។

ខាង​ក្រោ​ម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូប​ថត​ដែល​ត្រូវ​បានកាត់​ត​ និង​រូប​ថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia ​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នេះ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​ពិត​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ក្រុម​បាតុករ​ដង្ហែ​មឈូស​ក្លែង​ក្លាយ​ ដែល​មាន​រូប​ថត​លោក​នាយក​រដ្ឋមន្រ្ដី​ ហ៊ុន​ សែន​។​ ចំណែក​លោក​ សម​ រង្ស៊ី​ នៅ​រស់​រាន​មាន​ជីវិត​ជា​ធម្មតា​ ហើយ​លោក​ទើប​តែ​បង្ហាញ​វត្តមាន​នៅ​ក្នុង​វេទិកា​សំឡេង​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០២៣​​។​

Avatar

Title:លោក​ សម​ រង្ស៊ី​ មិន​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ​

Written By: Kakada Sim

Result: Altered