តើ​សកម្មជន​នយោបាយ​ កញ្ញា សេង ធារី មាន​បញ្ហា​ស្មារតី​មែន​ទេ?

Explainer Political

សកម្មជន​​សិទ្ធិ​មនុស្ស កញ្ញា សេង ធារី ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់» និង​«រួម​គំនិត​ក្បត់» ហើយ​សំណុំ​រឿង​ក្ដី​ប្រឆាំង​នឹង​សកម្មជន​រូប​នេះ ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២១​មក និង​បន្ត​រហូត​ដល់​ឆ្នាំ​នេះ។

រាល់​ពេល​បង្ហាញ​ខ្លួន​សម្រាប់​ចូល​រួម​ក្នុង​សវនាការ​នៅ​តុលាការ​រាជ​ធានី​ភ្នំពេញ កញ្ញា សេង ធារី ដែល​ជា​សកម្មជន​នយោបាយ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ទៅ​ហើយ​នោះ តែង​តែ​តុប​តែង​ខ្លួន​ជាមួយ​ឈុត​សម្លៀក​បំពាក់​ប្លែកៗ និង​ដើរ​តាម​ដង​ផ្លូវ។

សកម្មភាព​បែប​នេះ​របស់​កញ្ញា សេង ធារី ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចាត់​ទុក​ថា មេធាវី​សញ្ជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​រូប​នេះ មាន​បញ្ហា​ខួរ​ក្បាល ឬ​ស្មារតី​មិន​ល្អ​ជាដើម។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ បាន​បង្ហោះ​រូបថត ៣​សន្លឹក​ដែល​បង្ហាញ​កញ្ញា សេង ធារី ស្លៀក​ពាក់​ស ដៃ​​កាន់​ជញ្ជីង និង​ពាក់​ខ្សែ​ពាក់​ឈាង​ ដែល​មាន​សំណេរ​ថា «អ្នក​នាង​យុត្តិធម៌» (Lady Justice)។

ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចំនួន​ចែក​រំលែក​បន្ត និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​សរសេរ​រៀបរាប់​ជា​ភាសា​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២២។

FACEBOOK POST | ARCHIVED LINK

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​អំពី​ព្រឹត្តិការណ៍​មួយ​នេះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម។

បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​វីអូអេ (VOA) កញ្ញា សេង ធារី អាយុ ៥១​ឆ្នាំ ដែល​ជា​មេធាវី​ដើម​កំណើត​ខ្មែរ​សញ្ជាតិ​អាមេរិក ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ កោះ​ហៅ​ឱ្យ​បង្ហាញ​ខ្លួន​សម្រាប់​សវនាការ​សំណុំ​រឿង​ដែល​ចោទ​ប្រកាន់​អ្នក​ស្រី​ថា «រួម​គំនិត​ក្បត់​ជាតិ»​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ឧសភា។

កញ្ញា សេង ធារី ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧​ផង​នោះ បាន​បង្ហាញ​វត្តមាន​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ជាមួយ​ការ​ស្លៀក​ពាក់​ជា​«អ្នកនាង​យុត្តិធម៌» ប៉ុន្តែ មិន​បាន​ចូល​រួម​ក្នុង​សវនាការ​នោះ​ឡើយ។

VOA | ARCHIVED LINK

តើ​អ្នក​នាង​យុត្តិធម៌ (Lady Justice)​មាន​ន័យ​ដូច​ម្ដេច?

នៅ​បណ្ដា​ប្រទេស​តំបន់​អឺរ៉ុប អាមេរិក និង​ប្រទេស​ដទៃ​ទៀត រូប​សំណាក់​«អ្នក​នាង​យុត្តិធម៌» ឬ Lady Justice ដែល​កាន់​ម្ខាង​កាន់​ជញ្ជីង ដៃ​ម្ខាង​កាន់​ដាវ និង​បិទ​ភ្នែក​នោះ ត្រូវ​បាន​គេ​សាង​សង់​ដាក់​នៅ​មុខ​តុលាការ ដែល​តំណាង​ឱ្យ​ភាព​យុត្តិធម៌​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ។

តម្លៃ​នៃ​ភាព​យុត្តិធម៌​តាម​រយៈ​រូប​សំណាក់​«អ្នក​នាង​យុត្តិធម៌»​នេះ មាន​ប្រវត្តិ​យូរ​អង្វែង​តាំង​ពី​សម័យ​ចក្រ​ភព​រ៉ូម​មក​ម៉្លេះ ដែល​ត្រូវ​បាន​គេ​រំលឹក​ដល់​ទេព​ធីតា​យុត្តិធម៌​នៅ​ក្នុង​ទេវកថា​ចក្រ​ភព​រ៉ូម។

កញ្ញា សេង ធារី ធ្វើ​សកម្មភាព​នានា​ដើម្បី​តវ៉ា​ទៅ​​នឹង​ការ​ចោទ​ប្រកាន់

កញ្ញា សេង ធារី តែង​តែ​ធ្វើ​សកម្មភាព​នានា ដើម្បី​តវ៉ា​ទៅ​នឹង​ការ​ចោទ​ប្រកាន់​មក​លើ​កញ្ញា​ពី​សំណាក់​តុលាការ​រាជ​ធានី​ភ្នំពេញ ចាប់​តាំង​ពី​តុលាការ​មួយ​នេះ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​មួយ​តាំង​ពី​ខែ​មករា ឆ្នាំ​២០២១​កន្លង​មក។

កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​មក​នេះ កញ្ញា សេង ធារី បាន​ស្លៀក​ពាក់​ឈុត​អប្សរា និង​កោរ​សក់ ហើយ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ក្នុង​សវនាការ ប៉ុន្តែ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​សវនាការ​នោះ​ឡើយ។

​នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​អាស៊ី​សេរី កញ្ញា សេង ធារី បាន​និយាយ​ថា កញ្ញា​បាន​ស្លៀក​ពាក់​ឈុត​អប្សរា និង​កោរ​សក់​បែប​នេះ ដើម្បី​ចូលរួម​សម្ដែង​នៅ​ក្នុង​អ្វី​ដែល​កញ្ញា​ហៅ​ថា «ល្ខោន​នយោបាយ»។

ប្រហែល ១​ខែ​ក្រោយ​មក​ទៀត កញ្ញា សេង ធារី ក៏​បាន​បង្ហាញ​វត្តមាន​នៅ​ឯ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ ដោយ​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​អ្នក​ទោស។

កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ស្រង់​សម្ដី​កញ្ញា សេង ធារី ដែល​និយាយ​ថា ការ​ស្លៀក​ពាក់​ឈុត​អ្នក​ទោស​បែប​នេះ គឺ​កញ្ញា​ចង់​ដាស់​តឿន​មនុស្ស​ពី​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម ដែល​បណ្ដាល​ឱ្យ​មាន​ការឃុំ​ខ្លួន និង​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នក​ទោស​មនសិការ និង​អ្នក​ទោស​នយោបាយ។

PHNOM PENH POST | ARCHIVED LINK

កាល​ពី​ដើម​ខែមេសា​កន្លង​មក​នេះ កញ្ញា សេង ធារី បាន​ស្លៀក​ពាក់​​សារុង រុំ​ក្រមា​នៅ​លើ​ក្បាល និង​ទួល​កញ្ច្រែង​ផ្កា​ឈូក ដែល​កញ្ញា​ថា ជា​ឈុត​នារី​ជនបទ​ស្រុក​ស្រែ​ចម្ការ ដើម្បី​ចូលរួម​ក្នុង​សវនាការ​នៅ​តុលាការ​រាជ​ធានី​ភ្នំពេញ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​​របស់​សារព័ត៌មាន​វីអូអេ។

មេធាវី​អាមេរិក​ដើម​កំណើត​ខ្មែរ​រូប​នេះ កញ្ញា សេង ធារី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ «ញុះ​ញង់» និង​«រួម​គំនិត​ក្បត់​ជាតិ» ជាប់​ពាក់​ព័ន្ធ​នឹង​​គម្រោង​មាតុ​ភូមិ​និវត្តន៍​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​មក​។

Fact Crescendo Cambodia បាន​​ព្យាយាម​ទំនាក់​ទំនង​ទៅ​កញ្ញា សេង ធារី ដើម្បី​បក​ស្រាយ​បន្ថែម​ផង​ដែរ​ជុំ​វិញ​គោល​បំណង​នៃ​ការ​តុប​តែង​កាយ​របស់​កញ្ញា​រាល់​ពេល​បង្ហាញ​វត្តមាន​សម្រាប់​សវនាការ​ជំនុំ​ជម្រះ​ក្ដី​របស់​គាត់ ប៉ុន្តែ មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ​គិត​ត្រឹម​ម៉ោង​ចេញ​ផ្សាយ​អត្ថបទ​នេះ។

ស្ថាប័ន​ត្រួត​ពិនិត្យ​ការពិត Fact Crescendo Cambodia នឹង​​ផ្ដល់​ជូន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត បន្ទាប់​ពី​ទទួល​បាន​ការ​បក​ស្រាយ​ពី​កញ្ញា សេង ធារី។

Avatar

Title:តើ​សកម្មជន​នយោបាយ​ កញ្ញា សេង ធារី មាន​បញ្ហា​ស្មារតី​មែន​ទេ?

Fact Check By: Jay Udom 

Result: Explainer

Leave a Reply

Your email address will not be published.