
សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទ«ញុះញង់» និង«រួមគំនិតក្បត់» ហើយសំណុំរឿងក្ដីប្រឆាំងនឹងសកម្មជនរូបនេះ ត្រូវបានតុលាការបើកសវនាការជំនុំជម្រះចាប់តាំងពីដើមឆ្នាំ២០២១មក និងបន្តរហូតដល់ឆ្នាំនេះ។
រាល់ពេលបង្ហាញខ្លួនសម្រាប់ចូលរួមក្នុងសវនាការនៅតុលាការរាជធានីភ្នំពេញ កញ្ញា សេង ធារី ដែលជាសកម្មជននយោបាយគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចោលទៅហើយនោះ តែងតែតុបតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ប្លែកៗ និងដើរតាមដងផ្លូវ។
សកម្មភាពបែបនេះរបស់កញ្ញា សេង ធារី ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនចាត់ទុកថា មេធាវីសញ្ជាតិអាមេរិកដើមកំណើតខ្មែររូបនេះ មានបញ្ហាខួរក្បាល ឬស្មារតីមិនល្អជាដើម។
អ្នកប្រើប្រាស់បណ្ដាញសង្គម បានបង្ហោះរូបថត ៣សន្លឹកដែលបង្ហាញកញ្ញា សេង ធារី ស្លៀកពាក់ស ដៃកាន់ជញ្ជីង និងពាក់ខ្សែពាក់ឈាង ដែលមានសំណេរថា «អ្នកនាងយុត្តិធម៌» (Lady Justice)។
ការអះអាងនៅលើបណ្ដាញសង្គមមួយនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួនចែករំលែកបន្ត និងមានការបញ្ចេញមតិ និងប្រតិកម្មផ្សេងៗផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គម ដែលសរសេររៀបរាប់ជាភាសាខ្មែរកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យមើលសេចក្ដីរាយការណ៍របស់សារព័ត៌មាននានានៅក្នុងប្រទេសកម្ពុជាអំពីព្រឹត្តិការណ៍មួយនេះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានវីអូអេ (VOA) កញ្ញា សេង ធារី អាយុ ៥១ឆ្នាំ ដែលជាមេធាវីដើមកំណើតខ្មែរសញ្ជាតិអាមេរិក ត្រូវបានតុលាការរាជធានីភ្នំពេញ កោះហៅឱ្យបង្ហាញខ្លួនសម្រាប់សវនាការសំណុំរឿងដែលចោទប្រកាន់អ្នកស្រីថា «រួមគំនិតក្បត់ជាតិ»កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា។
កញ្ញា សេង ធារី ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧ផងនោះ បានបង្ហាញវត្តមាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ជាមួយការស្លៀកពាក់ជា«អ្នកនាងយុត្តិធម៌» ប៉ុន្តែ មិនបានចូលរួមក្នុងសវនាការនោះឡើយ។

តើអ្នកនាងយុត្តិធម៌ (Lady Justice)មានន័យដូចម្ដេច?
នៅបណ្ដាប្រទេសតំបន់អឺរ៉ុប អាមេរិក និងប្រទេសដទៃទៀត រូបសំណាក់«អ្នកនាងយុត្តិធម៌» ឬ Lady Justice ដែលកាន់ម្ខាងកាន់ជញ្ជីង ដៃម្ខាងកាន់ដាវ និងបិទភ្នែកនោះ ត្រូវបានគេសាងសង់ដាក់នៅមុខតុលាការ ដែលតំណាងឱ្យភាពយុត្តិធម៌នៅក្នុងប្រព័ន្ធតុលាការ។
តម្លៃនៃភាពយុត្តិធម៌តាមរយៈរូបសំណាក់«អ្នកនាងយុត្តិធម៌»នេះ មានប្រវត្តិយូរអង្វែងតាំងពីសម័យចក្រភពរ៉ូមមកម៉្លេះ ដែលត្រូវបានគេរំលឹកដល់ទេពធីតាយុត្តិធម៌នៅក្នុងទេវកថាចក្រភពរ៉ូម។
កញ្ញា សេង ធារី ធ្វើសកម្មភាពនានាដើម្បីតវ៉ាទៅនឹងការចោទប្រកាន់
កញ្ញា សេង ធារី តែងតែធ្វើសកម្មភាពនានា ដើម្បីតវ៉ាទៅនឹងការចោទប្រកាន់មកលើកញ្ញាពីសំណាក់តុលាការរាជធានីភ្នំពេញ ចាប់តាំងពីតុលាការមួយនេះ បានបើកសវនាការជំនុំជម្រះសំណុំរឿងមួយតាំងពីខែមករា ឆ្នាំ២០២១កន្លងមក។
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ កញ្ញា សេង ធារី បានស្លៀកពាក់ឈុតអប្សរា និងកោរសក់ ហើយធ្វើដំណើរទៅចូលរួមក្នុងសវនាការ ប៉ុន្តែ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងសវនាការនោះឡើយ។
នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអាស៊ីសេរី កញ្ញា សេង ធារី បាននិយាយថា កញ្ញាបានស្លៀកពាក់ឈុតអប្សរា និងកោរសក់បែបនេះ ដើម្បីចូលរួមសម្ដែងនៅក្នុងអ្វីដែលកញ្ញាហៅថា «ល្ខោននយោបាយ»។
ប្រហែល ១ខែក្រោយមកទៀត កញ្ញា សេង ធារី ក៏បានបង្ហាញវត្តមាននៅឯសាលាដំបូងរាជធានីភ្នំពេញផងដែរ ដោយបានស្លៀកពាក់ឯកសណ្ឋានជាអ្នកទោស។
កាសែតភ្នំពេញ ប៉ុស្តិ៍ បានស្រង់សម្ដីកញ្ញា សេង ធារី ដែលនិយាយថា ការស្លៀកពាក់ឈុតអ្នកទោសបែបនេះ គឺកញ្ញាចង់ដាស់តឿនមនុស្សពីភាពអយុត្តិធម៌នៅក្នុងសង្គម ដែលបណ្ដាលឱ្យមានការឃុំខ្លួន និងការធ្វើទារុណកម្មទៅលើអ្នកទោសមនសិការ និងអ្នកទោសនយោបាយ។

PHNOM PENH POST | ARCHIVED LINK
កាលពីដើមខែមេសាកន្លងមកនេះ កញ្ញា សេង ធារី បានស្លៀកពាក់សារុង រុំក្រមានៅលើក្បាល និងទួលកញ្ច្រែងផ្កាឈូក ដែលកញ្ញាថា ជាឈុតនារីជនបទស្រុកស្រែចម្ការ ដើម្បីចូលរួមក្នុងសវនាការនៅតុលាការរាជធានីភ្នំពេញ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានវីអូអេ។
មេធាវីអាមេរិកដើមកំណើតខ្មែររូបនេះ កញ្ញា សេង ធារី ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់» និង«រួមគំនិតក្បត់ជាតិ» ជាប់ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩កន្លងមក។
Fact Crescendo Cambodia បានព្យាយាមទំនាក់ទំនងទៅកញ្ញា សេង ធារី ដើម្បីបកស្រាយបន្ថែមផងដែរជុំវិញគោលបំណងនៃការតុបតែងកាយរបស់កញ្ញារាល់ពេលបង្ហាញវត្តមានសម្រាប់សវនាការជំនុំជម្រះក្ដីរបស់គាត់ ប៉ុន្តែ មិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេគិតត្រឹមម៉ោងចេញផ្សាយអត្ថបទនេះ។
ស្ថាប័នត្រួតពិនិត្យការពិត Fact Crescendo Cambodia នឹងផ្ដល់ជូនព័ត៌មានលម្អិតបន្ថែមទៀត បន្ទាប់ពីទទួលបានការបកស្រាយពីកញ្ញា សេង ធារី។

Title:តើសកម្មជននយោបាយ កញ្ញា សេង ធារី មានបញ្ហាស្មារតីមែនទេ?
Fact Check By: Jay UdomResult: Explainer
