រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

Political Satire

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បានបង្ហោះ​ និង​ភ្ជាប់​នៅ​ក្នុងគេហ​ទំព័រ​សារព័ត៌មាន​មួយ​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​បាន​បង្ហោះ​​នៅ​លើ​គេហ​ទំព័រ​សារ​ព័ត៌មាន​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី១៨​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ គេហ​ទំព័រ​សារព័ត៌មាន​មួយ​ មាន​ឈ្មោះ​ថា​ Khmer Post Asia បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​ «បាប​កម្ម​ សម​ រង្ស៊ី​ បាន​ខិត​ជិត​មក​ដល់​ហើយ​!​»​។​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពីគេហ​ទំព័រ​ខាង​លើ​ បាន​បង្ហាញ​ទិដ្ឋភាព​លោក​ សម​ រង្ស៊ី​ មាន​សភាព​ចំណាស់​ និង​កំពុង​ដេក​សម្រាក​។​

Khmer Post Asia | Archived Link

រូប​ថត​មួយ​សន្លឹក​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហ​ទំព័រ​សារព័ត៌មាន​ដទៃ​ទៀត​ផង​ដែរ​។​

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ ដែល​ត្រូវ​បាន​បង្ហោះ​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។​

រូប​ថត​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Alamy ដែល​ជា​គេហ​ទំព័រ​សោត​ទស្សន៍​ដ៏​ធំ​មួយ​។​ គេហ​ទំព័រ​ខាង​លើ​ បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​រូបថត​មួយ​សន្លឹក​នេះ​ថា​ គឺ​ជា​បុរស​ចំណាស់​ជន​ជាតិ​ឥណ្ឌា​ ដែល​បាន​​ដេក​សម្រាក​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ Varanasi។​ ទីក្រុង​ Varanasi គឺ​ជា​ទីក្រុង​មួយ​នៅ​លើ​ទន្លេ​គង្គា​ ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញពី​គេហ​ទំព័រ​ខាង​លើ​ ដែល​សរសេរ​ជា​ភាសា​អង់​គ្លេស​មាន​ន័យ​ថា​ ទិដ្ឋភាព​បុរស​ចំណាស់​ ដេក​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ Varanasi ប្រទេស​ឥណ្ឌា។​

Alamy Link | Archived Link

ដូច​គ្នា​នេះ​ គេហ​ទំព័រ​ Age Foto Stock ក៏​បាន​ផ្តល់​នូវ​ព័ត៌មាន​លម្អិត​អំពី​រូប​ថត​មួយ​សន្លឹក​ខាង​លើ​ផង​ដែរ​ ដោយ​បាន​បញ្ជាក់​ថា​ បុរស​ម្នាក់​នោះ​ គឺ​ជា​ជន​ជាតិ​ឥណ្ឌា​ ដេក​សម្រាក​តាម​ដង​ផ្លូវ​នៅ​ក្នុង​ទីក្រុង​មួយ​នៃ​ប្រទេស​ឥណ្ឌា​។​ គេហ​ទំព័រ​ដដែល​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​លោក​ សម​ រង្ស៊ី​ មាន​សភាព​ចំណាស់​នោះ​ឡើយ​។​

Age Foto Stock Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​ដូច​ដែល​រៀប​រាប់​ខាង​លើ​នេះ ​ត្រូវ​បាន​កាត់​ត​​មុន​នឹង​ត្រូវ​គេ​បង្ហោះ​នៅ​លើ​​គេហ​ទំព័រ។​ ការ​ពិត​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​បុរស​ចំណាស់​ជន​ជាតិ​ឥណ្ឌា​ ដែល​បាន​ដេក​សម្រាក​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ Varanasi ប្រទេស​ឥណ្ឌា​ ដោយ​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​លោក​ សម​ រង្ស៊ី​ មាន​សភាព​ចំណាស់​នោះ​ទេ​។​

Avatar

Title:រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Satire

Leave a Reply

Your email address will not be published. Required fields are marked *