
ការប្រើប្រាស់ និងចាយវាយប្រាក់កាក់នៅក្នុងសង្គមខ្មែរ គឺមានតាំងពីបុព្វបុរសខ្មែរបុរាណ រហូតមកដល់រជ្ជកាលព្រះបាទអង្គឌួង។ វាបានកំពុងនឹងក្លាយជាប្រធានបទជជែកថ្មីមួយនៅក្នុងបណ្តាញសង្គម ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ មានរូបថតមួយសន្លឹកដែលបានបង្ហាញអំពីរូបិយវត្ថុបុរាណមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការសរសេរថា វាគឺជាប្រាក់ស្លឹង។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួនបីសន្លឹក ទៅក្នុងក្រុមមួយមានឈ្មោះថា អ្នកស្រឡាញ់សិល្បៈខ្មែរ Khmer art lover។ រូបថតទាំងបីសន្លឹកនោះ គឺបានបង្ហាញអំពីសណ្ឋាន និងភិនភាគរូបរាងនៃប្រភេទរូបិយប័ណ្ណបុរាណ ដែលមានការដាក់អក្សរនៅពីលើរូបថតនីមួយៗថា វាគឺជា «ប្រាក់ស្លឹង» «ប្រាក់ដួង» និង«ប្រាក់ណែន»។
រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងការចុចគាំទ្រពីសំណាក់អ្នកប្រើ ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ជាភាសាខ្មែរ ដោយអមជាមួយនឹងរូបថតថា «បងប្អូនខ្លះប្រហែលជាស្គាល់ហើយ ប្រាក់កាលសម័យក្រុងលង្វែក»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image និងពាក្យគន្លឹះដែលនាំឲ្យទៅរកឃើញប្រភពដើមនៃរូបិយប័ណ្ណបុរាណរបស់ខ្មែរមួយនេះ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មាន Fresh News បង្ហោះកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយបានបង្ហាញអំពីរូបថតគំរូនៃប្រាក់ស្លឹង។ ទំព័រហ្វេសប៊ុកដដែលនេះ បានសរសេរនៅក្នុងសារបង្ហោះរបស់ខ្លួនដែរថា ប្រភេទប្រាក់នេះត្រូវបានបោះផ្សាយជាថ្មីនៅឆ្នាំ២០១៦ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ជូនជាអនុស្សាវរីយ៍ដល់សិស្សនិទ្ទេស A កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ។ ប្រាក់ស្លឹង ត្រូវបានគេរចនាធ្វើឡើងដោយមានរូបនាគក្បាល៧នៅខាងមុខ និងមានរំលេចនូវអក្សរខ្មែរបុរាណថា «ក្រុងកម្ពុជា» និង «មួយស្លឹង» នៅផ្នែកខាងក្រោយ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក Fresh News នោះបានរៀបរាប់ថា «នេះជាគំរូប្រាក់ស្លឹងដែលខ្មែរយេីងប្រេីនៅឆ្នាំ១៥១៤ រជ្ជកាលហ្លួងព្រះស្តេចកន»។
ដោយឡែកគេហទំព័រធនាគារជាតិនៃកម្ពុជា ក៏បានផ្សព្វផ្សាយផងដែរទាក់ទងទៅនឹងភិនភាគ និងព័ត៌មានទូទៅរបស់ប្រាក់ស្លឹង ដែលក្នុងនោះគេបានបែងចែកជាពីរប្រភេទគឺ ប្រាក់ស្លឹងមាស និងប្រាក់ស្លឹងប្រាក់។ ប្រាក់ស្លឹងមាស ត្រូវបានគេឃើញថាមានសណ្ឋាន និងភិនភាគមូលសំប៉ែតដែលមានសមាសធាតុ Nordic-gold និងមានទម្ងន់ ១៦ក្រាម។ ចំណែកឯប្រាក់ស្លឹងប្រាក់វិញ គឺមានសណ្ឋានមូលសំប៉ែតដូចគ្នា ដែលមានសមាសធាតុប្រាក់សុទ្ធ៩៩៩ និងមានទម្ងន់២០ក្រាម។ ប្រភេទប្រាក់ទាំងពីរនេះ ត្រូវបានគេបោះផ្សាយនៅក្នុងឆ្នាំ២០០៦។
រូបភាពផ្តាមចេញពីគេហទំព័រធនាគារជាតិនៃកម្ពុជា បង្ហាញអំពីសណ្ឋាន និងភិនភាគរូបរាងនៃប្រាក់ស្លឹងមាស និងប្រាក់ស្លឹងប្រាក់។
National Bank Of Cambodia | Archived Link
តាមរយៈសេចក្តីរាយការណ៍នៅក្នុងគេហទំព័រសារព័ត៌មានជាតិ Phnom Penh Post មួយផ្សេងទៀតក៏បានចុះផ្សាយ ទាក់ទងទៅនឹងរូបិយប័ណ្ណបុរាណរបស់ខ្មែរ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦កន្លងមក។ នៅក្នុងសេចក្តីរាយការណ៍មួយនេះ បានលើកឡើងអំពីប្រវត្តិ និងប្រភេទនៃរូបិយប័ណ្ណរបស់ខ្មែរផងដែរ ដែលក្នុងនោះក៏មានគំរូប្រាក់ស្លឹង និងប្រាក់ស្នូក ឬប្រាក់ណែន។
រូបភាពផ្ដាមចេញពីគេហទំព័រសារព័ត៌មាន Phnom Penh Post ដែលបានសរសេររៀបរាប់ចំណងជើងថា «បដិវត្តន៍រូបិយប័ណ្ណ រៀល របស់ខ្មែរ»។
Phnom Penh Post Report | Archived Link
រូបភាពផ្តាមចេញពីសេចក្តីរាយការណ៍របស់គេហទំព័រសារព័ត៌មាន Phnom Penh Post ដែលបង្ហាញអំពីរូបសំណាកប្រាក់ស្នូក ឬប្រាក់ណែន និងប្រាក់ស្លឹង។
Phnom Penh Post Report | Archived Link
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលេីនេះ គឺមិនត្រឹមត្រូវនោះឡេីយ។ រូបថតមួយសន្លឹកក្នុងចំណោមបីសន្លឹក ដែលមានតួអក្សរសរសេរនៅពីលើថាជា «ប្រាក់ស្លឹង» នេះ ការពិតមិនមែនជាប្រាក់ស្លឹងនោះទេ។ រូបថតមួយសន្លឹកនោះ ត្រូវបានគេស្គាល់ និងហៅឈ្មោះថាជាប្រាក់ស្នូក ឬប្រាក់ណែន។ ចំណែកឯប្រាក់ស្លឹងវិញ គឺមានរូបរាងទម្រង់ និងសណ្ឋានមូលសំប៉ែតដែលខុសគ្នាទៅនឹងប្រាក់ស្នូក ឬប្រាក់ណែន។
