Fact-Check: តើ​ឥណ្ឌា​រក​ឃើញ​វីរុស​កូរ៉ូណា​នៅ​មាន​ជីវិត​​ក្នុង​ទឹក​ទន្លេ​មែន​ឬទេ?

COVID-19 Explainer

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ សារព័ត៌មាន​កម្ពុជា​ថ្មី បាន​ចុះ​ផ្សាយ​នូវ​សេចក្ដី​រាយការណ៍​បន្ត​មួយ​ ដែល​និយាយ​ថា វីរុស​កូរ៉ូណា ឬ​កូវីដ-១៩ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹក​ទន្លេ និង​ដៃ​ទន្លេ​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​សេចក្ដី​រាយការណ៍​បែប​នេះ​ដោយ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​នៃ​សារព័ត៌មាន​ឥណ្ឌា​ថ្ងៃ​នេះ (India Today)។

សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន​មួយ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ២០០​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ដល់​ជាង ៣០០​ដង និង​មតិ​មួយ​ចំនួន​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី ដែល​ត្រូវ​បាន​ចែក​រំលែក​លើ​ទំព័រហ្វេសប៊ុក​ «ពេល​នេះ​ ឥណ្ឌា​រក​ឃើញ​វីរុស​កូវីដ-១៩​ក្នុង​ទឹក​ទន្លេ»។

Kampuchea Thmey’s report | Archived Link

ក្រៅ​ពី​ចុះ​ផ្សាយ​អត្ថបទ​សារព័ត៌មាន​ហើយ​នោះ សារព័ត៌មាន​កម្ពុជា​មួយ​នេះ ក៏​បាន​ផលិត​សេចក្ដី​រាយការណ៍​នេះ​ជា​វីដេអូ​ផង​ដែរ ហើយ​ចែក​រំលែក​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ផង​ដែរ​នៅ​ថ្ងៃ​នោះ។

វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចូល​មើល​ដល់​ទៅ​ជិត ៨​ម៉ឺន​ដង ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិម្ម​ពី​សំណាក​អ្នក​ប្រើ​បណ្ដាញ​សង្គម​រាប់​ពាន់​នាក់ និង​មតិ​ជាច្រើន​ផង​ដែរ។

Kampuchea Thmey’s video report | Archived Link

ក្រោយ​ពី​ការ​ចុះ​ផ្សាយ​នៃ​សេចក្ដី​រាយការណ៍​បែប​នេះ Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ការពិត​តាម​រយៈ​ការ​កិច្ច​សហការ​ជាមួយ​ក្រុម​ការងារ​របស់ Fact Crescendo នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន​មួយ​នេះ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ក្នុង​ប្រទេស​ឥណ្ឌា។

បើ​តាម​អត្ថបទ​របស់ Fact Crescendo ព័ត៌មាន​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ដោយ​សារព័ត៌មាន​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌានៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ២៤​ម៉ោង​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ Google ដែល​បង្ហាញ​ពី​ការ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​មួយ​នេះ​ដោយ​សារព័ត៌មាន​នានា​នៅ​ក្នុងប្រទេស​ឥណ្ឌា។

ថ្វី​បើ​មាន​ការ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​បែប​នេះ​ក្ដី Fact Crescendo បាន​​ជជែក​ជាមួយ​ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ការ​សិក្សា​នេះ ដើម្បី​ស្វែង​យល់​នូវ​អ្វី​ដែល​បាន​កើត​ត្រូវ​បាន​រក​ឃើញ​ពិត​ប្រាកដ​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ ហើយ​ក៏​ចង់​ផ្ទៀង​ផ្ទាត់​ផង​ដែរ​ថា តើ​សារព័ត៌មាន​ទាំង​នោះ​បាន​ចុះ​ផ្សាយ​ត្រឹម​ត្រូវ​ដោយ​ផ្អែក​តាម​ឯកសារ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដែរ​ឬ​យ៉ាងណា។

នរណ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ?

កាល​ពី​ឆ្នាំ​មុន​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​​វិទ្យាស្ថាន IIT Gandhinagar ដែល​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​ឈាន​មុខ​គេ​មួយ​នៅ​ឥណ្ឌា បាន​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​មួយ ដើម្បី​ស្វែង​រក​វត្តមាន​សំណាក​សេណេទិច​វីរុស​ផ្លូវ​ដង្ហើម (SARS-CoV-2) ឬ​វីរុស​កូរ៉ូណា នៅ​ក្នុង​ទឹក​ធម្មជាតិ​នៅ​ទីក្រុង​ពីរ​របស់​ឥណ្ឌា។

ពួកគេ​បាន​​ត្រួត​ពិនិត្យ​រក​មើល​វីរុស​កូរ៉ូណា​នៅ​ក្នុង​ទឹក​ស្ថិត​លើ​ប្រភព​ទឹក​លើ​ផ្ទៃ​ដី​នៅ​ក្នុង​ទីក្រុង​អាម៉េដាបាដ (Ahmedabad) ស្ថិត​ក្នុង​រដ្ឋ​គុជរ៉ាត់ (Gujarat) និង​ទីក្រុង​​ហ្គូវ៉ាហាទី (Guwahati) នៅ​ក្នុង​រដ្ឋ​អាសាម (Assam)។

សាស្ត្រាចារ្យ​ ម៉ានីស កុមារ (Manish Kumar) នៃ​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​ផែនដី​នៅ​វិទ្យាស្ថាន IIT-Gandhinagar បាន​ដឹកនាំ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ។

សាស្ត្រាចារ្យ​ ម៉ានីស កុមារ បាន​ប្រាប់​ថា «ការ​សិក្សា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​​បញ្ជាក់​ពី​ការ​ពិនិត្យ​សំណល់​រាវ​នៅ​តាម​ទីក្រុង​មាន​កម្រិត​អនាម័យ​ទាប ដែល​មិន​មាន​ប្រព័ន្ធ​ប្រតិកម្ម​សំណល់​រាវ និង​តាម​តំបន់​ជន​បទ​ផង​ដែរ​»។

អង្គការ​យូនីសែហ្វ និង​កម្មវិធី​ផ្តួច​ផ្ដើម​ការ​ស្រាវ​ជ្រាវ និង​អប់រំ​អង់គ្លេស-ឥណ្ឌា  (UKIERI) បាន​ផ្ដល់​ជំនួយ​សម្រាប់​គម្រោង​មួយ​នេះ។

អ្វី​ជា​ហេតុផល​សម្រាប់​ការ​សិក្សា​នេះ?

អ្នក​ជំងឺ​កូវីដ-១៩ បាន​បញ្ចេញ​វីុរស​កូរ៉ូណា​មាន​ជីវិត​តាម​រយៈ​ការ​បន្ទោរ​បង់​ទឹក​នោម និង​លាមក ដែល​បង្ក​ឱ្យ​មាន​ហានិភ័យ​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ដោយសារ​ការ​ចម្លង​តាម​កាក​សំណល់​របស់​មនុស្ស ឬ​ការ​បំភាយ​នៃ​តំណក់​ទឹក​ផ្ទុក​ទៅ​ដោយ​វីរុស។

កម្រិត​នៃ​វីរុស​កូរ៉ូណា​នៅ​ក្នុង​អង្គ​ធាតុ​រាវ​ ហាក់​ដូច​ជា​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​​អំឡុង​ពេល​វិបត្តិ​កូវីដ-១៩​កំពុង​រាត​ត្បាត។ ក្ដី​បារម្ភ​ទាំង​នេះ កាន់​តែ​មាន​ច្រើន​នៅ​ឥណ្ឌា ជា​ទី​ដែល​ទឹក​ស្អុយ​គ្មាន​ឆ្លង​កាត់​ការ​សម្អាត តែង​តែ​ត្រូវ​បាន​បង្ហូរ​ចូល​ក្នុង​ទឹក​​លើ​ផ្ទៃ​ដី និង​ការ​បន្ទោរ​បង់​​​ពាស​វាល​ពាស​កាល តែង​តែ​កើត​មាន​ឡើង។

ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ កត់​សម្គាល់​ថា «ឥណ្ឌា​កំពុង​ស្ថិត​នៅ​មាត់​ច្រាំង​នៃ​ការ​ប្រឈម​មុខ​នឹង​រលក​ទី​បី​នៃ​មេរោគ​កូវីដ-១៩។ ដូច្នេះ ទឹក​លើ​ផ្ទៃ​ដី​ដែល​ទទួល​សំណល់​​ដោយ​ផ្ទាល់ អាច​​ជា​គោលដៅ​សម្រាប់​ការ​ពិនិត្យ​រក​ហ៊្សែន​វីរុស​កូរ៉ូណា ហើយ​អាច​ផ្ដល់​នូវ​​ទិដ្ឋភាព​ជាច្រើន​ស្ដី​ពី​កំណើន​នៃ​ការ​ចម្លង អនាម័យ និង​ហានិភ័យ​​នា​ពេល​អនាគត និង​ការ​គ្រប់​គ្រង»។

តើ​ពួកគេ​រក​អ្វី​?

វត្ថុ​បំណង​សំខាន់​នៃ​ការ​សិក្សា​នេះ គឺ​ដើម្បី​ស្វែង​យល់​ពី​​បរិមាណ​វីរុស​កូរ៉ូណា​នៅ​ក្នុង​អង្គធាតុ​រាវ។

ក្រុម​​អ្នក​ស្រាវ​ជ្រាវ​បាន​យក​សំណាក​ទឹក​ម្ដង​នៅ​រៀង​រាល់​សប្ដាហ៍​ចន្លោះ​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​យក​ពី​បឹង​កានការៀ (Kankaria) បឹង​ចាន់ដូឡា (Chandola) បឹង​វ៉ាស្ត្រាពួរ (Vastrapur) និង​ទន្លេ​សាបារម៉ាទី (Sabarmati) នៅ​ទីក្រុង​អាម៉េដាបាដ។

​លទ្ធផល​នៃ​ការ​វិភាគ​​ បញ្ជាក់​ថា ហ្សេណេទិច​វីរុស​កូរ៉ូណា (N, S និង ORF 1ab ) មាន​វត្តមាន​នៅ​ក្នុង​សំណាក​ទឹក​ដែល​គេ​ប្រមូល​ពី​ទីក្រុង​អាម៉េដាបាដ។

សាស្ត្រាចារ្យ កុមារ និយាយ​ថា «យើង​រក​ឃើញ​សំណាក​ហ៊្សែន N នៅ​ក្នុង​ទឹក​នៅ​ទន្លេ​សាបារម៉ាទី បឹង​ចាន់ដូឡា និង​បឹង​កានការៀ។ ហ៊្សែន ORF មិន​ត្រូវ​បាន​រក​ឃើញ​ក្នុង​សំណាក​ទឹក​បឹង​ចាន់ដូឡា​ទេ ខណៈ​សំណាក​ហ៊្សែន S មាន​វត្តមាន​ក្នុង​សំណាក​ទឹក​យក​ចេញ​ពី​ប្រភព​ទាំង​បី»។

ចំណែក​ឯ​សំណាក​ទឹក​យក​ពី​​ទីក្រុង​ហ្គូវ៉ាហាទី បង្ហាញ​លទ្ធផល​អវិជ្ជមាន​ ឬ​មិន​មាន​ហ៊្សែន​វីរុស​កូវីដ-១៩​ទេ។

តើ​ការ​សិក្សា​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ទីណា?

ការ​សិក្សា​ស្រាវ​ជ្រាវ​​នេះ​ដែល​បង្ហាញ​លម្អិត​នូវ​វិធីសាស្ត្រ និង​លទ្ធផល​រក​ឃើញ​នោះ ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​លើក​ដំបូង​នៅ​លើ​វេបសាយ medRxiv ដោយ​គ្រាន់​តែ​​បោះ​ពុម្ព​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១។

«The Spectre of SARS-CoV-2 in Ambient Urban Natural Water in Ahmedabad and Guwahati: A Tale of Two Cities» គឺ​ជា​ចំណង​ជើង​នៃ​ឯកសារ​សិក្សា​ស្រាវ​ជ្រាវ​នោះ។

នៅ​ពេល​បោះ​ពុម្ព​ផ្សាយ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ វេបសាយ medRxiv បាន​បញ្ជាក់​ច្បាស់​ថា «ការ​សិក្សា​នេះ គឺ​ជា​ការ​បោះ​ពុម្ព​ឡើង​វិញ ហើយ​មិន​ត្រូវ​បាន​បញ្ជាក់​ដោយ​ការ​វិនិច្ឆ័យ​នោះ​ឡើយ»។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បោះពុម្ព​ផ្សាយ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​នេះ​នៅ​លើ​វេបសាយ medRxiv កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១។

នេះ​បញ្ជាក់​ដោយ​សាមញ្ញ​ថា អ្នក​អាន​គួរ​តែ​ជ្រាប​ថា ឯកសារ​ស្រាវ​ជ្រាវ​នេះ មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចប់​សព្វ​គ្រប់​ពី​សំណាក​ម្ចាស់​ស្នាដៃ​នៅឡើយ​ទេ អាច​ផ្ទុក​នូវ​កំហុស និង​ព័ត៌មាន​នានា ដែល​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ ឬ​វេជ្ជសាស្ត្រ​នៅ​ឡើយ​ទេ។

អំឡុង​ពេលរាយការណ៍​អំពី​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ក្រុម​អ្នកសារព័ត៌មាន គួរ​តែ​កត់​សម្គាល់​ថា ការ​សិក្សា​នេះ មិន​ទាន់​ត្រូវ​បាន​វាយ​តម្លៃ​ពី​សំណាក់​សហគមន៍​វេជ្ជសាស្ត្រ​នៅ​ឡើយ​ទេ ហើយ​ព័ត៌មាន​ដែល​មាន​បង្ហាញ​នោះ អាច​មាន​កំហុស​ឆ្គង។

តើ​មាន​ការ​ឆ្លើយ​តប​ដូចម្ដេច?

បន្ទាប់​ពី​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​ចេញ​ផ្សាយ រដ្ឋបាល​ក្រុង​អាម៉េដាបាដ សម្រេច​បញ្ជូន​សំណាក​ទឹក​ទៅ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ជីវៈ​បច្ចេកវិទ្យា​គុជរ៉ាត់ (GBRC)។

វិស្វករ​ធនធាន​ទឹក​ប្រចាំ​រដ្ឋបាល​ក្រុង​អាម៉េដាបាដ លោក ហាប៉ាល់ស៊ីញ ហ្សាឡា  (Harpalsinh Zala) បាន​ប្រាប់ Fact Crescendo ថា លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នោះ កំពុង​ត្រូវ​បាន​គេ​បក​ស្រាយ​មិន​ត្រឹម​ត្រូវ។

លោក ហ្សាឡា និយាយ​ថា «ភាព​តក់​ស្លុត​នេះ បង្ក​ជា​ពាក្យ​ចរចាម​អារ៉ាម​ថា វីរុស​កូរ៉ូណា កំពុង​រីក​រាល​ដាល​តាម​ទឹក​ផឹក។ នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ ការ​ស្រាវ​ជ្រាវ​របស់ IIT-Gandhinagar មិន​បាន​បញ្ជាក់​ថា វីរុស​កូវីដ-១៩​មាន​ជីវិត ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹក​ទន្លេ​សាបារម៉ាទី​នោះ​ឡើយ»។

លោក ហ្សាឡា និយាយ​បន្ត​ថា «យើង​បញ្ជូន​សំណាក​ទឹក​ជាប្រចាំ​ទៅ GBRC។ ពេល​នេះ យើង​ក៏​បាន​បញ្ជូន​សំណាក​ទឹក​ស្អាត​ផង​ដែរ។ យើង​ទទួល​បាន​របាយការណ៍​នៅ​ពីរ​បី​ថ្ងៃ​បន្ទាប់។ ប៉ុន្តែ ខ្ញុំ​ធានា​ថា ប្រជាជន​ទទួល​ទាន​ទឹក​នៅ​ទីក្រុង​អាម៉េដាបាដ មាន​សុវត្ថិភាព»។

វេជ្ជ​បណ្ឌិត បាវីន សូឡានគី (Bhavin Solanki) ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ក្រុង​អាម៉េដាបាដ ប្រាប់ Fact Crescendo ផង​ដែរ​ថា ទីក្រុង​អាម៉េដាបាដ ទទួល​ទឹក​ស្អាត​ពី​ព្រែក​ទន្លេ​ណាម៉ាដា (Narmada) មិន​មែន​ទន្លេរ​សាបារម៉ាទី​ទេ។ ទន្លេ​សាបារម៉ាទី ត្រូវ​បាន​ប្រើ​សម្រាប់​សោភ័ណភាព និង​សម្រាប់​ការ​ស្រោច​ស្រព។ ប្រជាជន​មិន​គួរ​ព្រួយ​បារម្ភ ឬ​ភ័យ​ខ្លាច​ថា ទឹក​ទន្លេ​សាបារម៉ាទី​ឆ្លង​មេរោគ​នោះ​ឡើយ។

ពាក្យ​សម្ដី​ចុង​ក្រោយ?

ឯកសារ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ​ច្បាប់​ដើម បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ថា ហ៊្សែន​វីរុស​ SARS-CoV-2 ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សំណាក​ទឹក។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ក៏​មិន​បាន​បញ្ជាក់​ច្បាស់​ទេ​ថា ពួកគេ​បាន​រក​ឃើញ​វីរុស​កូវីដ-១៩ ដែល​អាច​ចម្លង​នៅ​ក្នុង​ទឹក​បាន​នោះ​ឡើយ។

សាស្ត្រាចារ្យ កុមារ ប្រាប់ Fact Crescendo ថា «យើង​មិន​បាន​រក​ឃើញ​វីរុស​កូរ៉ូណា​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​សំណាក​ទឹក​ដែល​យក​ពី​ទន្លេ​សាបារម៉ាទី ឬ​បឹង​ដទៃ​ទៀត​ឡើយ។ យើង​គ្រាន់​តែ​រក​ឃើញ​​បំណែក​ហ៊្សែន​​វីរុស​កូរ៉ូណា​នៅ​ក្នុង​ទឹក​ប៉ុណ្ណោះ។ សេចក្ដី​រាយការណ៍​ព័ត៌មាន និង​សាធារណជន បាន​បក​ស្រាយ​ខុស​ពី​លទ្ធផល​នៃ​ការ​រក​ឃើញ​របស់​យើង»។

សាស្ត្រាចារ្យ កុមារ បន្ត​ថា ការ​រក​ឃើញ​​បំណែក​ហ៊្សែន​ច្រើន​នៅ​ក្នុង​ទឹក​ធម្មជាតិ គ្រាន់​តែ​បញ្ជាក់​ពី​អនាម័យ​កម្រិត​ទាប ហើយ​មាន​ផល​វិបាក​ផ្សេងៗ​ចំពោះ​សុខភាព និង​ប្រព័ន្ធ​អេកូឡូស៊ី ដែល​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ទៀត។

ហេតុ​នេះ មិន​ចាំ​បាច់​ភ័យ​ខ្លាច និង​ចែក​រំលែក​ពាក្យ​ចរចាម​អារ៉ាម​ថា ទន្លេ​សាបារម៉ាទី​រង​ការ​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ឡើយ។

Avatar

Title:តើ​ឥណ្ឌា​រក​ឃើញ​វីរុស​កូរ៉ូណា​នៅ​មាន​ជីវិត​​ក្នុង​ទឹក​ទន្លេ​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Explainer

Leave a Reply

Your email address will not be published. Required fields are marked *