Fact Check: តើនេះ​គឺ​ជា​ប្រាក់​ស្លឹង​មែន​ឬទេ​​​?

False Social

ការ​ប្រើ​ប្រាស់​ និង​ចាយ​វាយ​ប្រាក់​កាក់​នៅ​ក្នុង​សង្គមខ្មែរ គឺ​មាន​តាំង​ពី​បុព្វ​បុរស​​ខ្មែរ​​បុរាណ​ រហូត​មក​​ដល់​រជ្ជ​កាល​​ព្រះ​បាទ​អង្គ​ឌួង​។ វា​បាន​កំពុង​នឹង​ក្លាយ​ជា​ប្រធាន​បទ​ជជែក​ថ្មី​មួយ​នៅ​ក្នុង​បណ្តាញ​សង្គម ដោយ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។ ទន្ទឹម​នឹង​​នេះ​ មាន​រូបថត​មួយ​សន្លឹក​​ដែល​បាន​បង្ហាញ​អំពី​​​រូបិយវត្ថុ​បុរាណ​មួយ​ ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការសរសេរ​​​​ថា វា​គឺ​ជា​ប្រាក់​ស្លឹង​​​​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​០៦​​​​​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​មាន​អ្នក​​ប្រើ​ហ្វេស​ប៊ុក​​ម្នាក់​​ បាន​បង្ហោះ​រូប​ថត​ចំនួន​បី​សន្លឹក​ ទៅ​ក្នុង​ក្រុម​មួយ​​មាន​ឈ្មោះ​ថា​ អ្នកស្រឡាញ់សិល្បៈខ្មែរ Khmer art lover។ រូប​ថត​ទាំង​បី​សន្លឹក​នោះ​ គឺ​បាន​បង្ហាញ​អំពី​សណ្ឋាន​ និងភិន​ភាគ​​រូប​រាង​នៃ​ប្រភេទ​​​រូបិយ​ប័ណ្ណ​​បុរាណ​ ដែល​មាន​ការ​ដាក់​អក្សរនៅ​​ពី​លើ​រូប​ថត​នីមួយ​ៗ​ថា ​វា​គឺ​ជា​ «ប្រាក់​ស្លឹង​» «ប្រាក់​ដួង​» និង«​ប្រាក់​ណែន​»។​

រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​ត​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ ដោយ​អម​ជាមួយ​នឹង​រូប​ថត​ថា​​ «បង​ប្អូន​ខ្លះ​ប្រហែល​ជា​ស្គាល់​ហើយ​ ប្រាក់​កាល​សម័យ​ក្រុង​លង្វែក​»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ និង​ពាក្យ​គន្លឹះ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​នៃ​​រូបិយ​ប័ណ្ណ​បុរាណ​របស់​ខ្មែរ​មួយ​នេះ​​។

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​សារព័ត៌មាន​ Fresh News ​​​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ ដោយ​​បាន​បង្ហាញ​អំពីរូប​ថត​គំរូ​នៃ​ប្រាក់​ស្លឹង​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ បាន​សរសេរ​នៅ​ក្នុង​សារ​បង្ហោះ​របស់​ខ្លួន​ដែរ​ថា​ ​ប្រភេទ​ប្រាក់​នេះ​ត្រូវ​បាន​បោះ​ផ្សាយ​ជា​ថ្មី​នៅ​ឆ្នាំ​២០១៦​ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ផ្តល់​ជូន​ជា​អនុស្សាវរីយ៍​ដល់​សិស្ស​និទ្ទេស​ A កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​។ ប្រាក់​ស្លឹង​ ត្រូវ​បាន​គេ​រចនា​ធ្វើ​ឡើង​ដោយ​មាន​រូប​នាគ​ក្បាល​៧​នៅ​ខាង​មុខ​ និង​មាន​រំលេច​នូវ​អក្សរ​ខ្មែរ​បុរាណ​ថា​ «ក្រុង​កម្ពុជា​» និង​ «មួយ​ស្លឹង​» នៅ​ផ្នែក​ខាង​ក្រោយ​។

រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​​របស់​ទំព័រ​ហ្វេស​ប៊ុក​ Fresh News នោះ​បាន​រៀប​រាប់​​ថា​ «នេះ​ជា​គំរូ​ប្រាក់​ស្លឹង​ដែល​ខ្មែរ​យេីង​ប្រេី​នៅ​ឆ្នាំ​១៥១៤​​ រជ្ជកាល​ហ្លួ​ង​ព្រះ​ស្តេច​កន​»។

Facebook Post | Archived Link

ដោយ​ឡែក​គេហទំព័រ​ធនាគារ​ជាតិ​នៃ​កម្ពុជា ក៏​បាន​ផ្សព្វ​ផ្សាយ​ផង​ដែរ​ទាក់​ទង​ទៅ​នឹងភិនភាគ​ និង​ព័ត៌​មាន​ទូ​ទៅ​របស់​ប្រាក់​ស្លឹង​ ដែល​ក្នុង​នោះ​គេ​បាន​បែង​ចែក​ជា​ពីរ​ប្រភេទ​គឺ​ ប្រាក់​ស្លឹង​មាស​ និង​ប្រាក់​ស្លឹង​ប្រាក់​។​ ​ប្រាក់​ស្លឹង​មាស​ ត្រូវ​បាន​គេ​ឃើញ​ថា​មាន​សណ្ឋាន​ និង​ភិន​ភាគ​មូល​សំប៉ែត​ដែល​មាន​សមាសធាតុ​ Nordic-gold និង​មាន​ទម្ងន់​ ១៦​ក្រាម​។​ ចំណែក​ឯ​ប្រាក់​ស្លឹង​ប្រាក់​វិញ​ គឺ​មានសណ្ឋាន​មូល​សំប៉ែត​ដូច​គ្នា​ ដែល​មាន​សមាសធាតុ​ប្រាក់​សុទ្ធ​៩៩៩​ និង​មាន​ទម្ងន់​២០​ក្រាម។​ ប្រភេទ​ប្រាក់​ទាំង​ពីរ​នេះ​ ត្រូវ​បាន​គេ​បោះ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០០៦​។

រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បង្ហាញ​អំពី​សណ្ឋាន​ និង​ភិន​ភាគ​រូប​រាង​នៃ​ប្រាក់​ស្លឹង​មាស​ និង​ប្រាក់​ស្លឹង​ប្រាក់​។

National Bank Of Cambodia | Archived Link

តាម​រយៈ​សេចក្តី​រាយការណ៍​នៅ​ក្នុង​គេហ​ទំព័រ​សារ​ព័ត៌​មាន​ជាតិ​​​ Phnom Penh Post មួយផ្សេង​ទៀត​ក៏​​បាន​ចុះ​ផ្សាយ​ ទាក់​ទង​ទៅ​នឹង​​​រូបិយ​ប័ណ្ណ​​បុរាណ​របស់​​ខ្មែរ​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៦​កន្លង​មក​​។​ នៅ​ក្នុងសេចក្តី​រាយការណ៍​មួយនេះ​ ​បាន​លើក​ឡើង​​អំពីប្រវត្តិ​ និង​ប្រភេទ​នៃ​​​​រូបិយ​ប័ណ្ណ​​​របស់​​ខ្មែរ​ផង​ដែរ​​ ដែល​ក្នុង​នោះ​ក៏​មាន​គំរូ​ប្រាក់​ស្លឹង​ និង​ប្រាក់​ស្នូក​ ឬ​ប្រាក់​ណែន​។ 

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រសារព័ត៌​មាន​ Phnom Penh Post ​ដែល​បាន​សរសេរ​រៀប​រាប់​​​​ចំណង​ជើង​ថា «បដិវត្តន៍​​រូបិយ​​ប័ណ្ណ​​ ​រៀល​​​ របស់​ខ្មែរ​»​។

Phnom Penh Post Report | Archived Link

រូប​ភាព​ផ្តាម​ចេញ​ពី​​សេចក្តី​រាយ​ការណ៍​របស់​គេហទំព័រសារព័ត៌​មាន​ Phnom Penh Post ​ដែល​បង្ហាញ​អំពី​រូប​សំណាក​ប្រាក់​ស្នូក​ ឬ​ប្រាក់​ណែន​ និង​ប្រាក់​ស្លឹង​។​

Phnom Penh Post Report | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​សន្លឹក​ក្នុង​ចំណោម​បី​សន្លឹក​​ ​ដែល​មាន​តួ​អក្សរ​សរសេរ​នៅ​ពី​លើ​ថាជា​​ «ប្រាក់​ស្លឹង​»​ នេះ​​​ ការ​ពិត​មិន​​មែនជា​ប្រាក់​ស្លឹង​នោះ​ទេ​។ រូប​ថត​​មួយ​សន្លឹក​នោះ​​​ ត្រូវ​បាន​គេ​ស្គាល់​ និង​ហៅ​ឈ្មោះ​ថា​ជា​ប្រាក់​ស្នូក​ ឬ​ប្រាក់​ណែន​។​ ចំណែក​ឯ​ប្រាក់​ស្លឹង​វិញ​ គឺ​មាន​រូប​រាង​ទម្រង់​ និង​សណ្ឋាន​មូល​សំប៉ែត​ដែល​ខុស​គ្នា​ទៅ​នឹង​ប្រាក់​ស្នូក​ ឬ​ប្រាក់​ណែន​។

Avatar

Title:តើនេះ​គឺ​ជា​ប្រាក់​ស្លឹង​មែន​ឬទេ​​​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.