
ថ្មីៗនេះ មានការផ្សព្វផ្សាយព្រោងព្រាតនៅលើបណ្ដាញសង្គមថា លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា គឺជាមេដឹកនាំ «ចលនាជាតិតស៊ូ» នៅកម្ពុជា ដោយមានលោក សាយ ឈុំ ជាអនុប្រធាន និងលោក កែ គឹមយ៉ាន ជាប្រធានក្រុមជំនួយការ។ ព័ត៌មាននេះ ទទួលបានការចាប់អារម្មណ៌ និងប្រតិកម្មយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo រកឃើញថា ព័ត៌មាននេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានមួយបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានអះអាងថា លោក ស ខេង គឺជាមេដឹកនាំ «ចលនាជាតិតស៊ូ» ខណៈលោក សាយ ឈុំ ជាអនុប្រធាន និងលោក កែ គឹមយ៉ាន ជាប្រធានក្រុមជំនួយការនៅកម្ពុជា។
ព័ត៌មាននេះ ត្រូវបានចែកចាយបន្តរាប់រយពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ដោយបង្ហាញការសាទរ និងជឿថា ដំណឹងនេះជាការពិត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអះអាងដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកលកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ រៀបរាប់ថា «សូមអបអរសាទរក្បាលម៉ាស៊ីនដឹកនាំចលនាជាតិតស៊ូនៅក្នុងប្រទេសកម្ពុជា រួមមាន ១-សម្តេច ស ខេង ជាប្រធាន ២-សម្តេច សាយ ឈុំ ជាអនុប្រធាន ៣-សម្តេច កែ គឹមយ៉ាន ជាប្រធានក្រុមជំនួយការ»។
បន្ទាប់មក ទំព័រហ្វេសប៊ុកដទៃទៀតបានបង្ហោះនូវព័ត៌មាននេះនៅលើបណ្ដាញសង្គមផងដែរ ហើយក៏ត្រូវបានចែកចាយបន្ដជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកកម្ពុជា ដែលជឿទៅតាមព័ត៌មាននេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មានដូចគ្នានេះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ រៀបរាប់ថា “សូមអបអរសាទរក្បាលម៉ាស៊ីនដឹកនាំចលនាជាតិតស៊ូនៅក្នុងប្រទេសកម្ពុជា រួមមាន ១-សម្តេច ស ខេង ជាប្រធាន ២-សម្តេច សាយ ឈុំ ជាអនុប្រធាន ៣-សម្តេច កែ គឹមយ៉ាន ជាប្រធានក្រុមជំនួយការ”។
ការត្រួតពិនិត្យការពិត
Fact Crescendo បានផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការស្វែងរកការបញ្ជាក់ពីប្រភពពាក់ព័ន្ធនានា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
អ្នកនាំពាក្យលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសថ្កោលទោស និងច្រានចោលអំពីព័ត៌មានមួយដែលលើកឡើងថាលោក ស ខេង ជាមេដឹកនាំ «ចលនាជាតិតស៊ូ» នៅកម្ពុជា ជាព័ត៌មានក្លែងក្លាយ។
ក្នុងវីដេអូឃ្លីបប្រមាណជាង៨នាទី អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថាសកម្មភាព និងការបង្កើតព័ត៌មានទាំងឡាយនេះ គឺជាការក្លែងបន្លំ ញុះញង់ នៅក្នុងបំណងចង់ទាញកម្ពុិជាចូលទៅក្នុងភ្នក់ភ្លើងវិនាសកម្មម្ដងទៀត តាមររបៀប «បដិវត្តន៌ពណ៌»។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុងអំពីសេចក្ដីប្រកាសថ្កោលទោសរបស់អ្នកនាំពាក្យកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។
ការប្រកាសថ្កោលទោសទៅនឹងព័ត៌មានក្លែងក្លាយ ដែលលើកឡើងថា លោក ស ខេង គឺជាមេដឹកនាំ «ចលនាជាតិតស៊ូ» ក៏ត្រូវបានបង្ហោះ និងផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់គណបក្សប្រជាជនកម្ពុជាផងដែរ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះ។
ខាងក្រោមនេះ គឺជាសេចក្ដីប្រកាសថ្កោលទោសទាំងស្រុង ដែលធ្វើឡើងដោយអ្នកនាំពាក្យលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា។
Cambodian People’s Party | Archived Link
ការប្រកាសខាងលើ ក៏ត្រូវបានផ្សព្វផ្សាយដោយក្រសួងព័ត៌មាន (archived) កម្ពុជាផងដែរ ដោយបញ្ជាក់ថា ព័ត៌មានអំពីលោក ស ខេង ជាមេដឹកនាំ «ចលនាជាតិតស៊ូ» នៅកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ និងមិនត្រឹមត្រូវ។
ព័ត៌មានអះអាងទាំងឡាយខាងលើ កើតឡើងក្រោយពីមាន សេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ត្រូវបានផ្សព្វផ្សាយឡើងនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ដែលមានលោក សម រង្ស៊ី ជាប្រធាន លោក គឹម សុខ ជាអ្នកនាំពាក្យ និងលោក ឆាំ ឆានី ជាប្រធានក្រុមជំនួយការ។
ការប្រកាសសមាសភាពដឹកនាំក្រុមប្រឹក្សាជាតិតស៊ូ ត្រូវបានធ្វើឡើងក្នុងកម្មវិធី «សមាជមហាជនសង្គ្រោះជាតិ» នៅទីក្រុងប៉ារីស ប្រទេសបារាំងនាពេលថ្មីៗនេះ។
ខាងក្រោមនេះ គឺជាសេចក្ដីប្រកាសព័ត៌មានអំពីសមាសភាពដឹកនាំក្រុមប្រឹក្សាជាតិតស៊ូ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook | Twitter | Telegram | Google News | TikTok | WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះទេ។ លោក ស ខេង មិនមែនជាក្បាលម៉ាស៊ីន ឬជាមេដឹកនាំនៃ «ចលនាជាតិតស៊ូ» នោះឡើយ។ សមាសភាពក្រុមប្រឹក្សាជាតិតស៊ូ ដែលត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីសពេលថ្មីៗនេះ គឺមានលោក សម រង្ស៊ី ជាប្រធាន លោក គឹម សុខ ជាអ្នកនាំពាក្យ និងលោក ឆាំ ឆានី ជាប្រធានក្រុមជំនួយការ។

Title:ព័ត៌មានអំពីលោក ស ខេង ជាមេដឹកនាំ «ចលនាជាតិតស៊ូ» នៅកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ
Fact Check By: Kakada SimResult: Misleading
