
លោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចនៅវៀតណាមកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ជិត ១ឆ្នាំក្រោយពីលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ទន្ទឹមគ្នានេះដែរ រូបថតមួយសន្លឹកត្រូវបានបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា មេដឹកនាំអាមេរិករូបនេះបានជួបជុំជាមួយអតីតបវរកញ្ញាវៀតណាមអំឡុងដំណើរទស្សនកិច្ចរបស់លោកនាពេលនោះ។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដឹងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិ និងការចុចចូលចិត្តជាច្រើនផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា ការអះអាងជាមួយនឹងរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក ទំព័រហ្វេសប៊ុកមួយ បានអះអាងថា លោក ដូណាល់ ត្រាំ កាលនៅកាន់អំណាចជាប្រធានាធិបតីអាមេរិក បានធ្វើដំណើរទៅទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម ហើយបានជួបជាមួយបវរកញ្ញាវៀតណាមទៀតផង។ ទំព័រហ្វេសប៊ុកដដែលនេះ បានបង្ហាញរូបថតលោក ដូណាល់ ត្រាំ ឈរជាប់នឹងនារីម្នាក់ដោយដៃរបស់លោកកាន់ចង្កេះនារីនោះទៀតផង។
រូបថតជាមួយនឹងការអះអាងខាងលើនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង និងមានការបញ្ចេញមតិ និងចុចចូលចិត្តច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុកនោះដែលរៀបរាប់ «[…] ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញនូវភាពស្និទ្ធស្នាលជាមួយនឹងបវរកញ្ញាវៀតណាមយ៉ាងកក់ក្ដៅជាទីបំផុត […]»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យលើការអះអាងនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងបានជួបនឹងរូបថតដូចគ្នា និងព័ត៌មានលម្អិតអំពីរូបថតនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅក្នុងអត្ថបទព័ត៌មានមួយនៃសារព័ត៌មាន SaoStar របស់ប្រទេសវៀតណាម ដែលបានចុះផ្សាយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមរយៈការបកដោយ Google Translate យើងបានដឹងថា អត្ថបទសារព៏ត៌មានមួយនេះ បាននិយាយអំពីបវរកញ្ញាតំណាងប្រទេសវៀតណាម រំលឹកឡើងវិញពីជំនួបរបស់ពួកគេជាមួយនឹងលោក ដូណាល់ ត្រាំ នៅមុនពេលលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅចុងឆ្នាំ២០១៦។
សារព័ត៌មាននេះ បានសម្ភាសអតីតបវរកញ្ញាតំណាងប្រទេសវៀតណាម ៣រូប មានអ្នកនាង Võ Hoàng Yến អ្នកនាង Trương Minh Xuân Thảo និងអ្នកស្រី Kim Hồng ដែលបង្ហាញភាពភ្ញាក់ផ្អើលរបស់ពួកគេ បន្ទាប់ពីបានដឹងថា លោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅចុងឆ្នាំ២០១៦នោះ។
នារីនៅក្នុងរូបថតជាមួយលោក ត្រាំ គឺអ្នកនាង Trương Minh Xuân Thảo អតីតបវរកញ្ញារូបថត (Miss PNVN) ដែលបានប្រាប់សារព័ត៌មានថា នាងបានជួបលោក ត្រាំ ដោយចៃដន្យកាលពីឆ្នាំ២០១២ នៅពេលនាងបានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមលើកទឹកចិត្តគាំទ្រដល់បេក្ខនារីបវរកញ្ញា អ្នកនាង Diễm Hương។
អ្នកនាង Trương Minh Xuân Thảo រំលឹកឡើងវិញថា នាងបានជួបលោក ត្រាំ នៅឯពិធីជប់លៀងបិទបញ្ចប់កម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ ហើយថា លោក ត្រាំ បានទាញដៃនាងថតរូបរួមគ្នា។
ចំណែកឯអ្នកនាង Võ Hoàng Yến បានបង្ហោះរូបថតដែលនាងថតជាមួយលោក ត្រាំ នៅឆ្នាំ២០០៩ នៅលើទំព័រហ្វេសប៊ុករបស់នាង។ នៅឆ្នាំនោះ អ្នកនាង Võ Hoàng Yến គឺជាបេក្ខនារីតំណាងប្រទេសវៀតណាមសម្រាប់ចូលរួមប្រកួតប្រជែងបវរកញ្ញាចក្រវាឡ ដែលត្រូវបានរៀបចំឡើងនៅលើកោះ Atlantis Paradise ប្រទេសបាហាម៉ាស ជាប្រទេសដែនដីកោះស្ថិតនៅតំបន់សមុទ្រការ៉ាប៊ីន។
សម្រាប់អ្នកស្រី Kim Hồng វិញ អ្នកស្រីបានរៀបរាប់ថា អ្នកស្រីបានជួប និងធ្វើការជាមួយលោក ត្រាំ កាលពីឆ្នាំ២០០៦ នៅពេលអ្នកស្រីត្រូវបានអញ្ចើញឱ្យទៅជួបមហាសេដ្ឋីរូបនេះនៅឯការិយាល័យរបស់គាត់នៅឯទីក្រុងញូវយ៉ក ដើម្បីជជែកការងារអស់រយៈពេល ៣ម៉ោង។
អ្នកស្រី Kim Hồng និយាយថា អ្នកស្រីបានជជែកជាមួយលោក ត្រាំ អំពីបំណងរបស់វៀតណាមក្នុងការនាំយកកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ ទៅរៀបចំប្រកួតប្រជែងនៅឯប្រទេសវៀតណាម ដែលជាលទ្ធផល វៀតណាមបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតអន្តរជាតិនេះនៅឆ្នាំ២០០៨។
លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតកាលពីចុងឆ្នាំ២០១៦ ហើយបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅដើមឆ្នាំ២០១៧។ ឡើងកាន់អំណាចបានជិត ១ឆ្នាំ លោក ត្រាំ បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅខែវិច្ឆិកា ឆ្នាំ២០១៧។
តារាងកម្មវិធីនៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ នាពេលនោះ ដែលផ្សព្វផ្សាយដោយស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយ បង្ហាញថា ប្រធានាធិបតីអាមេរិករូបនេះ មិនមានកម្មវិធីជួបជុំជាមួយនឹងអតីតបវរកញ្ញាវៀតណាមទាំងនេះនោះឡើយ។
U.S. Embassy in Vietnam | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនបង្ហាញលោក ដូណាល់ ត្រាំ ជួបជាមួយនារីវៀតណាមអំឡុងពេលលោកទស្សនកិច្ចនៅវៀតណាមនៅចុងឆ្នាំ២០១៧នោះឡើយ។ រូបថតនេះ បង្ហាញលោក ដូណាល់ ត្រាំ បានថតរូបជាមួយអតីតបេក្ខនារីបវរកញ្ញាតំណាងវៀតណាម អ្នកនាង Võ Hoàng Yến ក្នុងផ្នែកមួយនៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ២០១២។

Title:តើលោក ដូណាល់ ត្រាំ ជួបអតីតបវរកញ្ញាវៀតណាមអំឡុងដំណើរទស្សនកិច្ចនៅវៀតណាមមែនទេ?
Fact Check By: Jay UdomResult: Misleading
