កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​មក​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​រុះ​រើ​ផ្ទះ និង​សំណង់​បណ្ដែត​ទឹក​ចេញ​ពី​ផ្ទៃ​ទន្លេ​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ហើយ​វិធានការ​នេះ ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។

ទន្ទឹម​គ្នា​នេះ ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​អតីត​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ​ ​កាន់​ស្លាក​មួយ​ដែល​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​រិះ​គន់​ទៅ​លើ​ក្រុម​ដែល​គាំទ្រ​ឲ្យ​ខ្មែរ​សម្លាប់​ខ្មែរ​​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា។

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​រូប​លោក​ ដូ​ណាល់​ ត្រាំ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​ជា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​ពេល​នោះ​។ រូប​ថត​ដដែល​នេះ​​បាន​បង្ហាញ​ថា​រូប​លោក​កំពុង​តែ​កាន់​ស្លាក​មួយ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ ដែល​មាន​អត្ថន័យ​ចង់​ប្រាប់​ប្រជាជន​កម្ពុជា​ថា​ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​គាំ​ទ្រ​ពាក្យ​ «ខ្មែរ​សម្លាប់​ខ្មែរ​» គឺ​ហាក់​ដូច​ជា​គាំទ្រ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​ប្រទេស​វៀត​ណាម​ មក​ធ្វើ​អាណានិគម​នៅ​លើ​ប្រទេស​កម្ពុជា​អញ្ជឹង​។​

រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​រូប​របស់​លោក​ ដូណាល់​ ត្រាំ​ ជាមួយ​នឹង​អក្សរ​សរសេរ​រៀប​រាប់​ថា​​ «គាំទ្រ​ពាក្យ​ថា​ ខ្មែរ​សម្លាប់​ខែ្មរ​ គឺ​គាំទ្រ​ ហ៊ុន​សែន​ គាំទ្រ​យួន​ ដែល​ដាក់​អាណានិគម​មក​លើ​កម្ពុជា​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​ដែល​មាន​ទម្រង់​ និង​ភិនភាគ​ដូច​គ្នា​របស់​លោក​ ដូ​ណាល់​ ត្រាំ នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​សារព័ត៌មាន​អន្តរជាតិ​មួយ​ ដែល​បាន​ចុះ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​វិចិ្ឆកា ឆ្នាំ​២០១៨​កន្លង​មក។​ នៅ​ក្នុង​សេចក្តី​រាយការណ៍​ដដែល​នេះ​ បាន​បញ្ជាក់​ថា​ ​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ រៀប​នឹង​ធ្វើ​ដំណើរ​ចេញ​ទៅ​​ទស្សនកិច្ច​ទៅ​កាន់​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង។

ដោយ​ឡែក​រូប​ថត​មួយ​សន្លឹក​ដែល​អ្នក​ប្រើ​ប្រាស់​កម្ពុជា​បាន​យក​មក​អះ​អាង​ និង​ចែក​ចាយ​បន្ត​នោះ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ត្រូវ​បាន​ថត​ឡើង​នៅ​ឯ​មូលដ្ឋាន​រួម​ Andrews ក្នុង​រដ្ឋ​ Maryland ដោយ​ពុំ​បាន​បង្ហាញ​ដៃ​របស់​លោក​កាន់​ស្លាក​អ្វី​មួយ​ឡើយ​។​

រូប​ភាព​ផ្តាម​បង្ហាញ​អំពី​រូប​ថតរបស់​លោក​ ដូណាល់​ ត្រាំ​ មកដ​ល់​អាកាស​យាន​ដ្ឋាន​ក្នុង​រដ្ឋ​ Maryland ដើម្បី​ធ្វើ​ដំណើរ​ចេញ​ទៅ​កាន់​ទីក្រុង​ប៉ារីស​ ដែល​ត្រូវ​បាន​ថត​ដោយ​លោក​ Saul Loeb។​

USA Today’s Report | Archived Link

តាម​រយៈ​គេហទំព័រ​សារព័ត៌​មាន​ The Boston Globe ក៏បាន​ចុះ​ផ្សាយ​អំពី​ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​ ត្រាំ​ ទៅ​កាន់​ប្រទេស​បារាំង​ផង​ដែរ​​នៅ​ក្នុង​សេចក្ដី​រាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​វិចិ្ឆកា ឆ្នាំ​២០១៨​កន្លង​មក។​ ​សេចក្តី​រាយការណ៍​ព័ត៌​មាន​ ​បាន​បង្ហាញ​រូប​ថត​មួយ​សន្លឹក​ដូច​គ្នា​ទៅ​នឹង​រូប​ថត​ ដែល​គេ​បាន​កែ​ច្នៃ​មុន​នឹង​យក​មក​ចែក​ចាយ​បន្ត​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​

The Boston Globe's Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ត្រូវ​បាន​កាត់​ត មុន​នឹង​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបថតមួយ​សន្លឹក​នេះ បង្ហាញលោក ដូណាល់ ត្រាំ មិន​បាន​កាន់​បដា​សរសេរ​អក្សរ​ខ្មែរ​នោះ​ឡើយ។ ​រូប​ថត​​​សន្លឹក​នេះ បង្ហាញ​លោក ដូណាល់ ត្រាំ កាល​នៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ធ្វើ​ដំណើរនៅ​ឯ​អាកាស​យានដ្ឋាន​មួយ មុន​លោក​ឡើង​លើ​យន្ត​ហោះ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​បារាំង​កាល​ពី​ឆ្នាំ​២០១៨។​

Avatar

Title:តើ​លោក​ ត្រាំ​ កាន់​ស្លាក​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ​មែន​ដែរ​ឬ​ទេ​?​

Fact Check By: Kakada Sim

Result: False