ខណៈដែល​ប្រវត្តិសាស្ត្រ​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម នៅតែ​ជា​ប្រធានបទ​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​​ជារឿយៗ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​បុរស​ម្នាក់​ក្នុង​ឈុត​សម្លៀក​បំពាក់​ជា​រាជវង្ស​វៀតណាម​នោះ​ ត្រូវ​បាន​គេអះ​អាង​ថា​ ជា​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២​ ដែល​បាន​ធ្វើ​ឱ្យមាន​ការ​បាត់​បង់​ទឹក​ដី​ព្រៃ​នគរ​ (កម្ពុជា​ក្រោម​) ទៅ​ប្រទេស​វៀតណាម​។​ ការអះ​អាង​នេះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ដោយ​​មាន​ការ​ចែក​ចាយ និង​ប្រតិកម្ម​​ជា​ច្រើន​ដង​​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការអះអាងលើបណ្ដាញសង្គម

កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​បុរស​ម្នាក់​​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អ្នក​មាន​បុណ្យ​ស័ក្តិ និង​ពាក់​ដួន​ ដោយ​បាន​ភ្ជាប់​នឹង​ការលើក​ឡើង​​ថា​ រូបថត​មួយ​សន្លឹក​នេះ​​ព្រះ​​ឆាយាល័ក្ខ​របស់​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២។​

ការ​បង្ហោះ​រូប​ថត​ខាង​លើ​​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​រៀប​រាប់​ថា «អាជ័យសេដ្ឋាទី​ពីរ​យក​ប្រពន្ធ​យួន​អស់​ព្រៃនគរ អាជ័យសេថោក​ទី​បី​យក​ប្រពន្ធ​យួន​ហាន់ណូយ​ងាប់​អស់​បីលាន​នាក់ អស់​ប្រទេស​ទាំង​មូល តើ​វា​ឈ្មោះ​អ្វី? ចូល​ខមិន​(បិតា​បង្កើត​របប​ប្រល័យ​ពូជ​សាសន៍)»។

Facebook Post | Archived Link

រូបថត​ដែល​ភ្ជាប់​នឹង​ការ​លើក​ឡើង​​បែប​នេះ ក៏​ទទួល​បាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង​ ខណៈ​​ដែល​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ។

សូម​មើល​រូបថត និង​ខ្លឹមសារ​សំណេរ​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived link) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ (archived link)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។

រូប​ថត​ស​ខ្មៅ​មួយ​សន្លឹក​​ដែល​បង្ហាញ​បុរស​ម្នាក់​ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​រាជ​វង្ស​​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ Alamy ដោយ​មានបញ្ជាក់​ឱ្យ​ដឹង​ថា មិន​មែន​ជា​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២​ ដូច​ការ​អះ​អាង​ខាង​លើ​នោះ​ឡើយ។

បើ​តាម​គេហទំព័រ​ដដែល​ខាង​លើ​នេះ បុរស​ម្នាក់​នោះ គឺ​ត្រូវ​បាន​ស្គាល់​ថា​ជា​ព្រះ​ចៅ​អធិរាជ​វៀតណាម​ Khai Dinh ដែល​ជា​អធិរាជ​ទី​១២​ នៃ​ខ្សែ​រាជ​វង្ស​ង្វៀន​ (Nguyen) នៃ​ប្រទេស​វៀត​ណាម​ ដែល​បាន​សោយ​រាជ្យ​ក្នុង​អំឡុង​ឆ្នាំ​១៩១៦​ ដល់​១៩២៥​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ Alamy ដែល​បាន​សរសេរ​រៀបរាប់​ថា​ ​ព្រះ​ចៅ​អធិរាជ​វៀតណាម​ Khai Dinh ដែល​មាន​ព្រះ​នាម​ដើម​គឺ​ Nguyễn Phúc Bửu Đảo គឺ​​ជា​បុត្រ​របស់​ព្រះ​ចៅ​អធិរាជ ​Đồng Khánh។​

Alamy Link | Archived Link

ដូច​គ្នា​នេះ​ ព្រះ​ឆាយាល័ក្ខ​របស់​ព្រះ​ចៅ​អធិរាជ​វៀតណាម Khai Dinh ​ក៏​ត្រូវ​បាន​រក​ឃើញ​នៅលើ​គេហទំព័រ​ Getty Images ផង​ដែរ​ ដែល​គេហទំព័រ​មួយ​នេះ​ ​មិន​បាន​បញ្ជាក់​ថា​ព្រះ​មហាក្សត្រ​អង្គ​នេះ​ គឺ​ជា​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ ព្រះ​បាទ​ជ័យជេដ្ឋា​ទី​២​ ដូច​ដែល​បាន​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នោះ​ឡើយ​។

Getty Images | Archived Link

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​រូប​ថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​នេះ​ គឺ​ជា​ព្រះ​ចៅអធិរាជ​វៀតណាម​ Khai Dinh ដែល​ជា​ស្ដេចទី​១២​ នៃ​ខ្សែ​រាជ​វង្ស​ង្វៀន​ (Nguyen)បាន​សោយ​រាជ្យ​ចន្លោះ​ឆ្នាំ​១៩១៦​ ដល់​១៩២៥​។​

Avatar

Title:​ព្រះ​ឆាយាល័ក្ខ​​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២​ តើ​ជា​ការ​ពិត​មែន​ឬទេ?

Written By: Kakada Sim

Result: False