Fact-Check: រូបថត​មួយ​សន្លឹក​បង្ហាញ​គំនរ​ឈើ​ដ៏​ច្រើន​មិនមែន​ជា​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ទេ

False Green

ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា និង​ការ​នាំ​ចេញ​ឈើ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស គឺ​ជា​បញ្ហា​​ដែល​ត្រូវ​បាន​ជជែក​មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​រូបថត ឬ​រូបភាព​នៃ​ការ​បាត់​បង់​គម្រប់​ព្រៃឈើ ត្រូវ​បាន​គេ​បង្ហោះ​ ឬ​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា រូបថត​នេះ​បង្ហាញ​ពី​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ទៅ​រូបថត​មួយ​សន្លឹក​នេះ រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ដើម​ឈើ​ជាច្រើន ត្រូវ​បាន​កាត់​ផ្ដួល និង​តំរៀប​គរ​លើ​គ្នា​នៅ​ក្នុង​ព្រៃ​មួយ។ អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀប​រាប់​ថា ដើម​ឈើ​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​ជាច្រើន​ដើម ត្រូវ​បាន​គេ​កាប់​ផ្ដួល​រំលំ​ត្រឹម​តែ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ មិន​បាន​បញ្ជាក់​ទេ​ថា ដើម​ឈើ​ទាំង​ដែល​ត្រូវ​បាន​គេ​កាប់​ផ្ដួល​​ទាំង​នោះ ស្ថិត​នៅ​ទីណា​នោះ​ទេ ប៉ុន្តែ ប៉ុស្តិ៍​ហាក់​សំដៅ​ដល់​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រូបថត​ជាមួយ​សំណេរ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែកតៗ​គ្នា​ជា​ច្រើន​រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ សរសេរ​រៀប​រាប់​ថា «ឈរ​ខ្ពស់​ស្កឹម​ស្កៃ​រាប់​រយ​ពាន់​ឆ្នាំ តែ​មួយ​ប៉ប្រិច​ភ្នែក​សោះ ដេក​ស្ដូក​គ្មាន​ថ្ងៃ​ត្រឡប់​វិញ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ទៅ​ដល់​រូបថត​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ជាមួយ​អត្ថបទ​ព័ត៌មាន​​មួយ​នៃ​សារព័ត៌មាន Mongabay កាល​ពី​ឆ្នាំ​មុន។ ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ បង្ហាញ​ពី​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​លើ​ដី​ព្រៃ​ជន​ជាតិ​ដើម​ភាគ​តិច Pirititi ស្ថិត​ក្នុង​តំបន់​អាម៉ាហ្សូន កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៨​កន្លង​មក។

Mongabay | Archived Link

រូបថត​នេះ​មួយ​សន្លឹក​នេះ ត្រូវ​បាន​ថត​ដោយលោក ​Felipe Werneck ជា​អ្នកសារព័ត៌មាន​រាយការណ៍​អំពី​បញ្ហា​បរិស្ថាន​នៃ​ស្ថាប័ន Ibama របស់​ប្រទេស​ប្រេស៊ីល​។ រូបថត​បង្ហាញ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃឈើ​បៃតង​អាម៉ាហ្សូន ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​សង្គម​រូបថត Flickr។

Flickr photos | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ រូបថត​នេះ បង្ហាញ​ពី​ការ​កាប់​ឈើ​នៅ​ក្នុង​តំបន់​អាម៉ាហ្សូន ស្ថិត​ក្នុង​ប្រទេស​ប្រេស៊ីល កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៨​កន្លង​មក​។

Avatar

Title:រូបថត​មួយ​សន្លឹក​បង្ហាញ​គំនរ​ឈើ​ដ៏​ច្រើន​មិនមែន​ជា​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ទេ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.