Fact-Check: តើ​លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​កូន​ប្រុស​លោក ហ៊ុន សែន មែន​ឬ​ទេ?

Explainer Political

កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​​មតិ​មួយ​ចំនួន​ផ្គូរ​ផ្គង់​ថា​ជា​អនាគត​មេដឹកនាំ​បន្ត​វេន​ពី​ឪពុក​របស់​លោក បន្ទាប់​ពី​លោក​ត្រូវ​បាន​តែង​តាំង​ឱ្យ​កាន់​តំណែង​សំខាន់​នៅ​ក្នុង​ជួរ​កង​ទ័ព និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។

ទន្ទឹម​គ្នា​នេះ លោក ហ៊ុន ម៉ាណែត បាន​រង​ការ​ចោទ​ថា មិន​មែន​ជា​កូន​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន នោះ​ឡើយ ហើយ​ថា ជា​កូន​ប្រុស​របស់​លោក ឡេ ឌឹកថូ មេដឹកនាំ​មួយ​រូប​របស់​វៀតណាម និង​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់លោក ហ៊ុន សែន សព្វ​ថ្ងៃ​នេះ។

ក្នុង​នោះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ បាន​ចែក​រំលែក​នូវរូបថត​លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះអាង​ថា លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺ​ជា​យួន (វៀតណាម)។

រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផងដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «អាហ៊ុន ម៉ាណែត គឺ​ជា​យួន ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​ការ​អា​យួន​នេះ​មក​ដឹកនាំ​ប្រទេស​កម្ពុជា​ទេ»។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​នេះ បាន​ចែក​រំលែក​រូបថត​នេះ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ដែល​បាន​បង្ហោះ​រូបថត​រួម​ជាមួយ​សំណេរ​លើ​រូបថត​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៩​កន្លង​មក។

សំណេរ​នៅ​លើ​រូបថត​ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត បាន​អះអាង​ថា «អា​នេះ​កូន​យួន វា​បំណង​សម្លាប់​តែ​ជាតិ​ខ្មែរ​យើង»។

ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​រូប​នេះ ត្រូវ​បាន​ចែករំលែក​បន្ត​រហូត​ដល់​ជិត ៤០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។

Facebook Post | Archived Link

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​​ពិនិត្យ​មើល​ការ​បក​ស្រាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នា​ពេល​កន្លង​មក ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​បែប​នេះ​ទៅ​លើ​កូន​ប្រុស​របស់​លោកជាច្រើន​ដង​មក​ហើយ។

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦​កន្លង​មក លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ច្រាន​ចោល​នូវ​ការ​អះ​អាង​ទាំង​ឡាយ​ណា​ថា កូន​ប្រុស​ច្បង​របស់​លោក មិន​មែន​ជា​កូន​បង្កើត​របស់​លោក។

លោក ហ៊ុន សែន ថ្លែង​ទៀត​ថា មិន​ត្រឹម​តែ​កូន​ប្រុស​ច្បង​របស់​លោក​ទេ សូម្បី​តែ​ភរិយា​របស់​លោក ក៏​ត្រូវ​បាន​គេ​វាយ​​ប្រហារ​ថា ជា​ភរិយា​របស់​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថូ ផង​ដែរ។

លោក ហ៊ុន សែន ​ចាត់​ទុក​ការ​អះអះ​អាង​បែប​នេះ​ថា ជា​អំពើ​ថោក​ទាប និង​ជា​ការ​ប្រមាថ​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក ដែល​លោក​មិន​អាច​អត់​ឱន​ឱ្យ​បាន​នោះ​ឡើយ​ចំពោះ​អ្នក​ប្រមាថ​ក្រុម​គ្រួសារ​របស់លោក។

The Cambodia Daily | Archived Link

ប្រហែល​ជា ៣​ខែ​ក្រោយ​មក លោក ហ៊ុន សែន បាន​ស្នើ​ទៅ​លោក William A. Heidt ដែល​ជា​អគ្គ​រដ្ឋ​អាមេរិក​នា​ឆ្នាំ​នោះ ឱ្យ​ចាត់​វិធានការ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​អាមេរិក​ម្នាក់​ដែល​រស់​នៅ​លើ​ទឹក​ដី​អាមេរិក ហើយ​ចោទ​ថា កូន​ប្រុស​ច្បង​របស់​លោក គឺ​ជា​កូន​អ្នកស្រី ប៊ុន រ៉ានី ជាមួយ​នឹង​អតីត​មេ​បញ្ជាការ​កង​ទ័ព​វៀតណាម លោក ឡេ ឌឹកថូ (Le Duc Tho)។

RFA | Archived Link

Fact Crescendo Cambodia រក​ឃើញទៀត​ថា មិន​ត្រឹម​តែ​លោក ហ៊ុន ម៉ាណែត ទេ សូម្បីតែ​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់​លោក ហ៊ុន សែន និង​ជា​ម្ដាយ​បង្កើត​របស់​លោក ហ៊ុន ម៉ាណែត ផង​នោះ ក៏​ត្រូវ​បាន​ចោទ​ថា ជា​ភរិយា​របស់​លោក ឡេ ឌឹកថូ ផង​ដែរ។

កាល​ពី​ខែ​មេសា​កន្លង​មក​នេះ Fact Crescendo Cambodia បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក ត្រូវ​បាន​កាត់​ត ដោយ​បង្ហាញ​អ្នកស្រី ប៊ុន រ៉ានី ថត​ជាមួយ​លោក ឡេ ឌឹកថ។ ប៉ុន្តែ រូបថត​ច្បាប់​ដើម បង្ហាញ​អ្នកស្រី ប៊ុន រ៉ានី ថត​រូប​រួម​ជាមួយ​ស្វាមី​របស់​គាត់ គឺ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

Fact Crescendo Cambodia

Avatar

Title:តើ​លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​កូន​ប្រុស​លោក ហ៊ុន សែន មែន​ឬ​ទេ?

Fact Check By: Jay Udom 

Result: Explainer

Leave a Reply

Your email address will not be published.