
រូបថតមួយសន្លឹកដែលបង្ហាញស្ត្រីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់បុរាណ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ស្ត្រីក្នុងរូបថតនេះ គឺជាស្ត្រីកំណាន់ម្នាក់របស់មន្ត្រីបារាំងមួយរូបនៅសម័យអាណានិគមបារាំងនៅកម្ពុជា។ រូបថតមួយសន្លឹកនេះ ក៏ត្រូវបានគេអះអាងថាជា នាងទាវ នៅក្នុងរឿងទុំទាវ ផងដែរ។ រូបថតរួមជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ និងអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាថៃផងដែរ ហើយក៏មានការបញ្ចេញមតិចម្រុះបែបទៀតផង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់រកឃើញថា ការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងមកថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា ចៅកម្ពុជា-Chao Kampuchea បានបង្ហោះរូបថតសខ្មៅមួយសន្លឹក ហើយរៀបរាប់ថា រូបថតមួយសន្លឹកនេះ គឺជានារីខ្មែរឈ្មោះ ទី សៅ ស្ថិតក្នុងវ័យក្រមុំ និងជាស្រីកំណាន់របស់មន្ត្រីបារាំង។ ទំព័រហ្វេសប៊ុកដដែលនេះ អះអាងបន្តថា រូបថតមួយសន្លឹកនេះ ត្រូវបានថតឡើងនៅឆ្នាំ១៨៧០ នៅក្នុងសម័យអាណាព្យាបាលបារាំង។
រូបថតមួយសន្លឹកនេះ និងការអះអាងដូចបានរៀបរាប់ខាងលើនេះ ត្រូវបានចែករំលែកតៗគ្នាដល់ទៅជាង ១ពាន់ដង និងមានការបញ្ចេញមតិ និងប្រតិកម្មយ៉ាងច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុក ចៅកម្ពុជា-Chao Kampuchea ដែលរៀបរាប់ថា «នេះ គឺជារូបថតមួយសន្លឹក ដែលមហាជនភាគច្រើនតែងតែយល់ច្រឡំ និងខ្លះទៀតលើកដាក់ថា ជានាងទាវ ដែលតាមការពិតជាក់ស្ដែង រូបថតមួយសន្លឹកនេះ គឺជាស្រីកំណាន់របស់មន្ត្រីបារាំងម្នាក់ទៅសោះ»។
ទំព័រហ្វេសប៊ុកដដែលនេះ រៀបរាប់បន្តថា «កញ្ញា ទី សៅ ថតនៅក្នុងវ័យ ១៨ឆ្នាំ ដែលនាងគឺជានារីដែលស្រស់ស្អាតម្នាក់នៅស្រុកផ្សារដែក ហើយជាស្រីកំណាន់របស់មន្ត្រីបារាំងម្នាក់ឈ្មោះ វីរីយ៉េ (Virrier)។ រូបថតមួយសន្លឹកនេះ បានថតនៅក្នុងឆ្នាំ១៨៧០»។
ទំព័រហ្វេសប៊ុកមួយនេះ បញ្ជាក់ថា រូបថត និងសំណេររបស់ខ្លួន បានផ្អែកទៅតាមសៀវភៅរបស់អ្នកនិពន្ធ Gregor Muller បោះពុម្ពផ្សាយនៅឆ្នាំ២០០៦ នៅត្រង់ទំព័រ ១៣៩។

នៅពេលពិនិត្យមើលលើបណ្ដាញសង្គម រូបថតមួយសន្លឹកនេះ ក៏ត្រូវបានទំព័រហ្វេសប៊ុកដទៃទៀតយកទៅបង្ហោះផងដែរ ព្រមជាមួយការអះអាងថា ជារូបថតនាង ទាវ ដែលត្រូវបានរំលេចឡើងនៅក្នុងរឿងប្រលោមលោកបែបប្រវត្តិសាស្ត្រ «ទុំទាវ» ឬ «ទាវឯក» ជាដើម។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកមួយ ដែលបានបង្ហោះរូបថត និងការអះអាងបែបនេះ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថត Google Reverse Image ដែលនាំឱ្យយើងបានជួយប្រទះនឹងរូបថតដូចគ្នាទាំងស្រុង និងព័ត៌មានលម្អិតអំពីរូបថតនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកមួយឈ្មោះថា ក្រុមព្រះសុរិយា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាថ្មីនេះ ដែលរៀបរាប់ថា ស្ត្រីក្នុងរូបថតនេះ មានឈ្មោះ សុខ នាដការីរបាំព្រះរាជទ្រព្យនៅក្នុងរជ្ជកាលព្រះមហាក្សត្រ នរោត្ដម ដែលស្ថិតនៅក្នុងសម័យអាណានិគមបារាំង។
ទំព័រហ្វេសប៊ុកដដែលនេះ រៀបរាប់ថា នាដការីរបាំព្រះរាជទ្រព្យរូបនេះ បានរៀបការជាមួយលោក Paul Le Faucheur ដែលជានាយទាហានជាន់ខ្ពស់នៃកងទ័ពជើងទឹកបារាំង ហើយក្រោយមក ត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវលើការងារសាងសង់ព្រះរាជវាំងនៅរាជធានីភ្នំពេញ។
បើតាមទំព័រហ្វេសប៊ុកដដែលនេះ អ្នកស្រី សុខ និងលោក Paul Le Faucheur មានកូនស្រីម្នាក់ឈ្មោះ ម្លិះ ដែលបានរៀបការពេញច្បាប់ជាមួយសម្ដេចចៅហ្វាវាំង ជួន ដែលជាមន្ត្រីជាន់ខ្ពស់ ៣រជ្ជកាលស្ដេចចាប់តាំងពីព្រះបាទ ស៊ីសុវត្ថិ រហូតដល់ព្រះបាទ នរោត្ដម សីហនុ។ សម្ដេចចៅហ្វាវាំង ជួន និងអ្នកស្រី ម្លិះ មានកូនបង្កើតមួយរូបឈ្មោះ ជួន ហ៊ល។
ទំព័រហ្វេសប៊ុក ក្រុមព្រះសុរិយា បានបញ្ជាក់បែបនេះដោយផ្អែកទៅតាមការរៀបរាប់របស់អ្នកស្រី ប៉ុក យ៉ានីន ដែលជាកូនស្រីរបស់លោក ជួន ម្មុម។
ដោយពិនិត្យទៅលើប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក ចៅកម្ពុជា-Chao Kampuchea យើងបានរកឃើញអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Yanine Poc បានបញ្ចេញមតិយោបល់តបនឹងប៉ុស្តិ៍មួយនេះ។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយនេះ បានសរសេររៀបរាប់ជាភាសាអង់គ្លេស ដោយអះអាងថា ស្ត្រីក្នុងរូបថតនេះ គឺជាជីទួតរបស់គាត់ ដែលបានរៀបការជាមួយលោក Paul Le Faucheur មន្ត្រីកងទ័ពជើងបារាំង និងជាមិត្តភក្តិរបស់ព្រះបាទ នរោត្ដម ផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប្រអប់បញ្ចេញមតិរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក Yannine Poc ដែលសរសេររៀបរាប់ជាភាសាអង់គ្លេសអំពីនាដការីរបាំព្រះរាជទ្រព្យនៅក្នុងរជ្ជកាលព្រះបាទ នរោត្ដម។

Fact Crescendo Cambodia មិនទាន់អាចស្វែងរកការបកស្រាយដោយផ្ទាល់ពីលោកស្រី ប៉ុក យ៉ានីន នៅឡើយទេ ប៉ុន្តែ នឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត នៅពេលណាទទួលបានការបកស្រាយពីកូនចៅជំនាន់ក្រោយនៃរូបថតមួយសន្លឹកនេះ។
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានរកឃើញផងដែរនៅត្រង់ទំព័រ១៥៤ នៃសៀវភៅ«លោកព្រឹទ្ធាចារ្យបណ្ឌិត ជួន ម្មុម» រៀបរៀងដោយបណ្ឌិត ពុទ្ធ្រី ទត់ និងបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៩កន្លងមក។ សៀវភៅមួយក្បាលនេះ បានរៀបរាប់អំពីប្រវត្តិរបស់លោក ជួន ម្មុម ដែលជាកូនចៅនៃគ្រួសារសម្ដេចចៅហ៊្វាវាំង ជួន។
បើតាមសៀវភៅនេះ រូបថតមួយសន្លឹកនេះ គឺជាស្ត្រីម្នាក់ឈ្មោះ សុខ គឺជានាដការីរបាំព្រះរាជទ្រព្យ និងជាភរិយារបស់លោក Paul Le Faucheur ជាជនជាតិបារាំងដែលទទួលខុសត្រូវលើការសាងសង់ព្រះរាជវាំងនៅរាជធានីភ្នំពេញនារជ្ជកាលព្រះបាទ នរោត្ដម។
អ្នកស្រី សុខ និងលោក ប៉ូល ឡឺហ្វូស្ហឺ រួមរស់ជាមួយគ្នា និងបង្កើតបានកូនស្រីម្នាក់ឈ្មោះ ម៉ាលីស ឡឺហ្វូស្ហឺ ហើយកូនស្រីម្នាក់នេះហើយបានក្លាយជាភរិយារបស់សម្ដេចចៅហ៊្វាវាំង ជួន។ សម្ដេចចៅហ្វ៊ាវាំង ជួន និងអ្នកស្រី ម៉ាលីស ក៏បង្កើតបានកូនប្រុសម្នាក់ឈ្មោះ ជួន ហ៊ល ដែលឪពុករបស់លោក ជួន ម្មុម។
ដូច្នេះ ស្ត្រីនៅក្នុងរូបថតមួយសន្លឹកនេះ គឺជាយាយទួតរបស់លោក ជួន ម្មុម ឬជាម្ដាយក្មេករបស់សម្ដេចចៅហ៊្វាវាំង ជួន ដែលជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការរាជវាំងតាំងពីរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ រហូតដល់ដើមរជ្ជកាលព្រះបាទ នរោត្ដម សីហនុ។
ខាងក្រោមនេះ គឺជារូបភាពថតចេញពីសៀវភៅ «លោកព្រឹទ្ធាចារ្យបណ្ឌិត ជួន ម្មុម» ដែលរៀបរៀងដោយបណ្ឌិត ពុទ្ទ្រី ទត់ និងបោះពុម្ពផ្សាយនៅឆ្នាំ២០១៩ ដោយគ្រឹះស្ថានបោះពុម្ពផ្សាយអង្គរ។

សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជានាង ទាវ នៅក្នុងរឿងទុំទាវ ហើយក៏មិនមែនស្ត្រីឈ្មោះ ទី សៅ នោះទេ។ ស្ត្រីនៅក្នុងរូបថតនេះ គឺអ្នកស្រី សុខ នាដការីរបាំព្រះរាជទ្រព្យក្នុងរជ្ជកាលហ្លួង នរោត្ដម និងជាយាយខាងភរិយារបស់សម្ដេចចៅហ៊្វាវាំង ជួន។
