
ខណៈដែលការបោះឆ្នោតថ្នាក់ជាតិ កាន់តែខិតជិតចូលមកដល់ រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែក្លាយជាផ្ទាំងស៊ីបនៃពាក្យចរចាមអារ៉ាម ការវិះគន់ និងការចោទប្រកាន់ផ្សេងៗនៅក្នុងឆាកនយោបាយរបស់លោកជាច្រើនឆ្នាំមកហើយ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឈុតសម្លៀកបំពាក់កងទ័ពខ្មែរក្រហម ត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់ម្នាក់។ រូបថតនេះ ត្រូវបានចែកចាយជាច្រើនដងផងដែរ ដោយអ្នកប្រើប្រាស់នៅលើបណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបមួយសន្លឹកដែលបង្ហាញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឈុតសម្លៀកបំពាក់កងទ័ពខ្មែរក្រហម ជក់បារី និងស្ពាយកាំភ្លើងផងដែរ។
រូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយរូបថតផ្សេងទៀតដែលនិយាយអំពីលោក ហ៊ុន សែន ដែលទទួលបានការចែករំលែកបន្តជាច្រើងដង។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត ខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រ Getty Images ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែលខាងលើនេះ ពុំបានបង្ហាញលោក ហ៊ុន សែន ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់កងកម្លាំងខ្មែរក្រហមនោះឡើយ ដោយផ្ទុយទៅវិញ រូបថតនេះ បានបង្ហាញឱ្យឃើញយុវជនម្នាក់ប្រដាប់ដោយអាវុធ និងស្ថិតក្នុងឯកសណ្ឋានជាកងទ័ពខ្មែរក្រហម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើជាមួយសំណេរមានខ្លឹមសារថា «រូបភាពនេះ ត្រូវបានថតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅក្នុងទីក្រុងភ្នំពេញ អំឡុងសង្រ្គាមស៊ីវិល ដែលបង្ហាញទិដ្ឋភាពក្រុមទ័ពវ័យក្មេងខ្មែរក្រហម កំពុងដើរល្បាត ខណៈដែលប្រជាជនត្រូវបានបង្ខំឱ្យចេញពីទីក្រុង»។

ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថត និងការលើកឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតនេះ គឺជាទិដ្ឋភាពកងកម្លាំងវ័យក្មេងខ្មែរក្រហម កំពុងដើរល្បាត ខណៈពេលដែលប្រជាជនត្រូវបានបង្ខំឱ្យចេញពីទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥កន្លងទៅ។

Title:រូបថតលោក ហ៊ុន សែន ក្នុងឈុតកងកម្លាំងខ្មែរក្រហម ជារូបភាពកាត់ត
Fact Check By: Kakada SimResult: Altered
