
គិតមកដល់ត្រឹមថ្ងៃទី០៨ ខែមិថុនានេះ អ្នកស្លាប់ដោយសារតែជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានចំនួន ២៧៨នាក់ហើយ ខណៈពេលដែលមានអ្នកឆ្លងសរុបប្រមាណជាង៣ម៉ឺននាក់នៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ រូបថតជាច្រើនសន្លឹកដែលផ្តិតអំពីទិដ្ឋភាពក្រុមគ្រូពេទ្យដឹកសាកសពអ្នកជំងឺកូវីដ១៩ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា សាកសពនេះត្រូវបានក្រសួងសុខាភិបាលបានយកទៅប្លុងចោលយ៉ាង អានាធិបតេយ្យនៅឯខេត្តកំពត។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មានទំព័រហ្វេសប៊ុកមួយ News Assembly បង្ហោះរូបថត ៣សន្លឹក ដែលបង្ហាញនូវក្រុមមន្ត្រីសុខាភិបាលដឹកជញ្ជូនសពយកទៅទុកនៅទីវាលកន្លែងក្បែរភ្នំមួយកន្លែង។ ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា សពអ្នកជំងឺកូវីដ១៩នេះ ត្រូវបានក្រុមមន្ត្រីសុខាភិបាលយកទៅប្លុងចោលនៅឯស្រុកកំពង់ត្រាច ខេត្តកំពត។
ការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តៗគ្នាជាច្រើនដងរួមជាមួយនឹងការបញ្ជេញមតិចម្រុះសំណាក់អ្នកប្រើ ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក រៀបរាប់ថា «ក្ដៅៗ! ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាល យកសាកសពដែលបានស្លាប់ដោយសារ កូវីដ-១៩ យកទៅប្លុងចោលនៅភ្នំប្រាសាទយ៉ាងអានាធិបតេយ្យ ស្ថិតនៅកំពង់ត្រាច ខេត្តកំពត»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលការបំភ្លឺពីសំណាក់អាជ្ញាធរខេត្តកំពត ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនានា។
នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកផ្លូវការបស់ក្រសួងព័ត៌មាន បានបង្ហោះនូវការបំភ្លឺ និងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកជំងឺកូវីដ១៩។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបង្ហាញរូបថតទិដ្ឋភាពក្រុមគ្រូពេទ្យក្នុងអំឡុងពេលរៀបចំសាកសពផងដែរ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកក្រសួងព័ត៌៌មានបានសរសេររៀបរាប់ជាភាសាខ្មែរថា «សេចក្តីបំភ្លឺរបស់រដ្ឋបាល ខេត្តកំពត ពាក់ព័ន្ធការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ក្នុងខេត្តកំពត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១»។
ព័ត៌៌មាននេះក៏ត្រូវបានបង្ហោះ និងផ្សព្វផ្សាយផងដែរនៅក្នុងទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ជាតិនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្នុងអត្ថបទផ្សព្វផ្សាយនេះ ក៏មានការបញ្ជាក់ផងដែរពីអាជ្ញាធរស្រុកកំពង់ត្រាច ដែលបានអះអាងថា សាកសពទាំងពីរនាក់នេះ គឺត្រូវបានរៀបចំបូជាបានយ៉ាងត្រឹមត្រូវ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិនៃកម្ពុជាដែលបានសរសេររៀបរាប់ជាភាសាខ្មែរថា «លោក ជួន សុភា អភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ថា ក្រុមគ្រូេពទ្យ បានដឹកសាកសពមនុស្សពីរនាក់ទៅបូជានៅទីតាំងភ្នំប្រាសាទ ស្រុកកំពង់ត្រាចខេត្តកំពត ដោយមានការរៀបចំពិធីត្រឹមត្រូវតាមប្រពៃណីសាសានា គឺមិនមែនយកទៅប្លុកចោល ដូចជាការចោទប្រកាន់របស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននោះឡើយ»។
ដោយឡែកការដឹកសាកសពកូវីដ១៩យកទៅបូជានៅក្នុងស្រុកកំពង់ត្រាចនេះ ក៏បានចុះផ្សព្វផ្សាយដូចគ្នាតាមរយៈ គេហទំព័រសារព័ត៌មាន កម្ពុជាថ្មី ផងដែរកាលពីយប់ថ្ងៃទី០៨ ខែមិថុនានេះ។ ក្នុងអត្ថបទនេះ ក៏បានលើកឡើងអំពីការច្រានចោល និងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតដែលបានបញ្ជាក់ថា អាជ្ញាធរស្រុកកំពង់ត្រាចបានចាត់ចែងរៀបចំបូជាត្រឹមត្រូវតាមព្រះពុទ្ធសាសនា ដោយមិនទុកសាកសពប្លុងចោលដូចសារព័ត៌មានផ្សព្វផ្សាយខុសពីការពិតឡើយ។
Kampuchea Thmey News Report | Archived Link
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលេីនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតប៉ុន្មានសន្លឹកនេះ មិនមែនជាទិដ្ឋភាពដែលក្រសួងសុខាភិបាលបានយកសាកសពដែលស្លាប់ដោយសារកូវីដ-១៩ ទៅប្លុងចោលនោះទេ។ សពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅខេត្តកំពត ត្រូវបានបូជាដោយត្រឹមត្រូវ មិនមែនបោះសាកសពចោលនោះទេ។

Title:សពស្លាប់ដោយសារកូវីដ១៩នៅស្រុកកំពង់ត្រាច ត្រូវបានរៀបចំបូជារួចរាល់ហើយ
Fact Check By: Kakada SimResult: False