
យុទ្ធនាការនៃការដាក់លក់ប័ណ្ណនាឡិការបស់អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី តម្លៃ ៥ដុល្លារក្នុងមួយប័ណ្ណនោះ បានក្លាយទៅជាប្រធានបទមួយនៃការជជែកដេញដោល និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។
ទន្ទឹមគ្នានេះ មានរូបថតមួយសន្លឹកបង្ហាញរូបថតរបស់អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ កំពុងតែកាន់ស្លាកសរសេរជាភាសាខ្មែរចោទទៅលើលោក សម រង្ស៊ី ថា កំពុងតែបង្វែរដាននោះ ត្រូវបានអ្នកប្រើប្រាស់យកមកចែកចាយ និងបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ អ្នកប្រើហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹកចូលក្នុងក្រុមទូរទស្សន៍ស្រាតខោជនផ្តាច់ការ ដែលបង្ហាញអ្នកស្រី មូរ សុខហួរ កាន់ស្លាកសរសេរថា លោក សម រង្ស៊ី វាយប្រហារព្រះមហាក្សត្រនោះ គ្រាន់តែជាការបង្វែរការតាមដានតែប៉ុណ្ណោះ។
រូបថតជាមួយនឹងសំណេរនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក បង្ហាញរូបរបស់អ្នកស្រី មូរ សុខហួរ កាន់បដាមានអក្សរសរសេរថា «សម រង្ស៊ីបន្តវាយប្រហារមកលើព្រះមហាក្សត្រ គឺ សម រង្ស៊ី កំពុងបង្វែរសាច់រឿងឲ្យប្រជាពលរដ្ឋភ្លេចរឿងលុយប័ណ្ណនាឡិកា សម រង្ស៊ី»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមប្រៀបធៀប និងផ្ទៀតផ្ទាត់រូបថតខាងលើតាមរយៈការត្រួតពិនិត្យរូបថតច្បាប់ដើមដែលមាននៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកស្រីទៅនឹងរូបថតដែលអ្នកប្រើប្រាស់បានអះអាង។
តាមរយៈសារបង្ហោះមួយដែលបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ Fact Crescendo Cambodia
រូបថតដើម ត្រូវបានរកឃើញនៅក្នុងទំព័រហ្វេសប៊ុករបស់អ្នកស្រី មូរ សុខហួរ ដែលបានបង្ហោះរូបថតមួយសន្លឹកកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ។ រូបថតដើម បង្ហាញអ្នកស្រី មូរ សុខហួរ កាន់ផ្ទាំងក្រដាមួយសន្លឹកជាមួយសំណេរថា «ខ្ញុំស្រឡាញ់បរិស្ថាន ដោះលែងសកម្មជនបរិស្ថាន #FreeEnvironmentalActivists»។
អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានចូលរួមក្នុងយុទ្ធនាការទាមទារឱ្យដោះលែងយុវជន និងសកម្មជនបរិស្ថានជាច្រើនរូប ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការជំរុញឱ្យការពារបរិស្ថាននៅកម្ពុជា។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលបានរៀបរាប់ខាងលើ ត្រូវបានកាត់ត មុននឹងបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ រូបថតច្បាប់ដើមរបស់អ្នកស្រី មូរ សុខហួរ ពុំបានកាន់ផ្ទាំងក្រដាសដែលមានអក្សរសរសេររិះគន់លោក សម រង្ស៊ី នោះឡើយ។ ការពិត អ្នកស្រី មូរ សុខហួរ បានកាន់ផ្ទាំងក្រដាសមួយសន្លឹកជាមួយសំណេរទាមទារឲ្យដោះលែងសកម្មជនបរិស្ថាន។

Title:តើអ្នកស្រី មូរ សុខហួរ រិះគន់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី មែនទេ?
Fact Check By: Kakada SimResult: Altered
