Fact-Check: តើ​នរណា​ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត កែម ឡី?

Explainer Political

ខណៈ​ដែល​​ខួប ៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាញ់​​លោក​បណ្ឌិត​ កែម ឡី កាន់​តែ​ខិត​ជិត​ចូល​មក​ដល់នោះ ប្រធាន​បទ​ជា​ច្រើន​ជុំ​វិញ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ ត្រូវ​បាន​លើក​យក​មក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​។

ក្នុង​ចំណោម​នោះការ​ជជែក​នោះ ទំព័រ​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​វីដេអូ​​មួយ​​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មកនេះ ដោយ​​អះ​អាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា លោក សម រង្ស៊ី ជា​អ្នក​សម្លាប់​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ លោក កែម ឡី។

វីដេអូ​មាន​រយៈ​ពេល ៦​នាទី​​​នោះ បង្ហាញ​ស្ត្រី​ម្នាក់​អត្ថាធិប្បាយ​អំពី​ឃាតកម្ម​លើ​លោក កែម ឡី ហើយ​ជាមួយ​ការ​ផ្គូរ​ផ្គង់​ព្រឹត្តិការណ៍​នានា​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ ទៅ​នឹង​ឃាតកម្ម​មួយ​នេះ។

ស្ត្រី​រូប​នោះ​បាន​អត្ថាធិប្បាយ​ក្នុង​វីដេអូ​នោះ​ថា ខ្មាន់​កាំភ្លើង​ដែល​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ផង​ដែរ ហើយ​ថា ខ្មាន់​កាំភ្លើង​ត្រូវ​បាន​ណែនាំ​ឱ្យ​មក​ធ្វើ​ការងារ​ជា​អង្គរក្ស​របស់​លោក កឹម សុខា ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ខាង​ក្រោម​នេះ គឺ​ជា​តំណ​ភ្ជាប់​សេចក្ដី​អត្ថាធិប្បាយ​ទាំង​ស្រុង​នៃ​វីដេអូ​នេះ ដែល​រៀបរាប់​ក្នុង​ន័យ​ថា លោក សម រង្ស៊ី ស្ថិត​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី។

Facebook Post | Archived Link

Fact Crescendo Cambodia បាន​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នូវ​សេចក្ដី​រាយការណ៍​នានា​ជុំ​វិញ​ឃាតកម្ម​លើ​លោក កែម ឡី ដូចជា ឃាតករ មូលហេតុនៃ​ឃាតកម្ម និង​ដំណើរការ​ស៊ើប​អង្កេត​រក​មនុស្ស​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​មួយ​នេះ។

ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ លោក កែម ឡី

លោក កែម ឡី អាយុ ៤៦​ឆ្នាំ គឺ​ជា​អ្នក​វិភាគ​បញ្ហា​នយោបាយដ៏​លេច​ធ្លោ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​តែង​តែ​ជា​ប្រភព​នៃ​ការ​សម្ភាស​របស់​បណ្ដាញ​សារព័ត៌មាន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​អស់​រយៈពេល​​ជាច្រើន​ឆ្នាំ។

អ្នក​វិភាគ​នយោបាយ​រូប​នេះ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​នៅ​​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ម៉ាត​មួយ​កន្លែង​ស្ថិត​ក្នុង​បរិវេណ​នៃ​ការ៉ាស់​សាំង​កាល់តិច (Caltex) នៅ​ម្ដុំ​ស្តុប​បូកគោ។

សព​លោក កែម ឡី ត្រូវ​បាន​ដង្ហែរ​ទៅ​បញ្ចុះ​នៅ​ឯ​ភូមិ​កំណើត​របស់​លោក​ស្ថិត​នៅ​ក្នុង​ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​កែវ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ឬ ១៤​ថ្ងៃ​ក្រោយ​ឃាតកម្ម​លើ​រូប​លោក។

ពិធី​ដង្ហែរ​សព​របស់​លោក ត្រូវ​បាន​ចូលរួម​ដោយ​មនុស្ស​ខ្ទង់ ២​លាន​នាក់ ជា​ចំនួន​មនុស្ស​ច្រើន​បំផុត​មិន​ធ្លាប់​មាន ដែល​បាន​ចូលរួម​ដង្ហែ​សព​បុគ្គល​ម្នាក់​មិន​មែន​ជា​ខ្សែ​រាជ​វង្ស និង​មិន​មែន​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។

ភរិយា​របស់​លោក និង​កូន​ប្រុស ៥​នាក់ ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ជ្រក​កោន​នៅ​ឯ​ប្រទេស​ទី​ពីរ​ជា​បណ្ដោះ​អាសន្ន មុន​នឹង​ត្រូវ​បាន​​អនុញ្ញាត​ឱ្យ​ទៅ​តាំង​ទី​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ដើម​ឆ្នាំ​២០១៨​កន្លង​មក។

ឃាតករ​បាញ់​សម្លាប់​លោក កែម ឡី

ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ឃាតកម្ម​កើត​ឡើង បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​បាន​នៅ​ពេល​កំពុង​រត់​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ចម្ងាយ​ត្រឹម​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីតាំង​ឃាតកម្ម។

ភ្លាមៗ​ក្រោយ​ចាប់​ខ្លួន បុរស​រូប​នេះ​និយាយថា គាត់​មាន​ឈ្មោះ​ថា ជួប សម្លាប់ ប៉ុន្តែ គេ​បាន​រក​ឃើញ​ថា បុរស​រូប​នេះ​មាន​ឈ្មោះ​ពិត​ថា អឿត អាង អាយុ ៤៣​ឆ្នាំ រស់នៅ​ក្នុង​នគរភាស ស្ថិត​ក្នុង​ឃុំ​នគរភាស ស្រុក​អង្គរជុំ ខេត្ត​សៀមរាប

​ជាង ៨​ខែ​ក្រោយ​មក បុរស​រូបនេះ​ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទ​ប្រកាន់​​បទ​«ឃាតកម្ម​គិត​ទុក​»

RFA | Archived Link

មូល​ហេតុ​នៃ​ឃាតកម្ម

ក្រោយ​ចាប់​ខ្លួន​បាន​នៅ​ក្នុង​ថ្ងៃ​ឃាតកម្ម ខ្មាន់​កាំភ្លើង​រូប​នេះ បាន​និយាយ​ថា រូប​គេ​បាន​បាញ់​សម្លាប់​លោក​ កែម ឡី ដោយសារ​តែ​ខឹង​អ្នក​វិភាគ​នយោបាយ​រូប​នេះ​​មិនសង​ប្រាក់​ជំពាក់​ចំនួន ៣,០០០​ដុល្លារ។

ការ​អះ​អាង​ពី​មូល​ហេតុ​នៃ​ឃាតកម្ម​បែប​នេះ មិន​ត្រូវ​បាន​គេ​ជឿ​នោះ​ឡើយ ហើយ​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​យ៉ាង​ច្រើន​ជុំ​វិញ​ចម្លើយ​សារភាព​បែប​នេះ។

វិទ្យុ​អាស៊ី​សេរី​ភាសា​ខ្មែរ​ បាន​ចុះ​ទៅ​ដល់​ទីតាំង​នានា​ដែល​បុរស​រូប​នេះ​បាន​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី។ សេចក្ដី​រាយការណ៍​របស់​វិទ្យុ​មួយ​នេះ បាន​រក​ឃើញ​ថា ខ្មាន់​កាំភ្លើង​ខាង​លើ រស់​នៅ​ក្នុង​ជីវភាព​ក្រី​ក្រ​នៅ​ឯ​ស្រុក​កំណើត​របស់​គេ​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​គ្មាន​ទ្រព្យ​សម្បត្តិ ឬ​កម្មសិទ្ធិ​មាន​តម្លៃ​សម្រាប់​លក់​យក​លុយ​ទៅ​ឱ្យ​លោក កែម ឡី ខ្ចី​នោះ​ដែរ។

សេចក្ដី​រាយការណ៍​របស់​វិទ្យុ​អាស៊ី​សេរី ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា គ្មាន​នរណា​ម្នាក់​បាន​ឃើញ​​លោក កែម ឡី បង្ហាញ​វត្តមាន ឬ​លេច​មុខ​នៅ​តាម​ទីតាំង​ដែល​ខ្មាន់​កាំភ្លើង​បាន​និយាយ​នោះ​ឡើយ។

មូល​ហេតុ​នៃ​ការ​សម្លាប់​លោក កែម ឡី ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ជា​«ឃាតកម្ម​ពាក់​ព័ន្ធ​នឹង​នយោបាយ» ដោយសារ​តែ​អ្នក​វិភាគ​រូប​នេះ តែង​តែ​រិះគន់​ត្រង់​ៗទៅ​លើ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​។

ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​នេះ បាន​កើត​ឡើង​ត្រឹម​តែ​ពីរ​​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​លោក​ កែម ឡី បាន​ផ្ដល់​ការ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ទាក់​ទង​នឹង​របាយការណ៍​ស៊ើប​អង្កេត​មួយ​របស់​អង្គការ Global Witness ដែល​បាន​លាត​ត្រដាង​ពី​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាន់​កាប់​ក្រុមហ៊ុន​ជាច្រើន​មាន​តម្លៃ​រហូត​ដល់​ខ្ទង់ ២០០​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នរណា​ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ?

ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​នេះ ជំរុញ​ឱ្យ​មាន​ការ​ថ្កោល​ទោស​​ព្រោង​ព្រាត​​ពី​សហគមន៍​អន្តរជាតិ ក្នុង​នោះមាន​អង្គការ​សហ​ប្រជាជាតិ សហរដ្ឋ​អាមេរិក និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នានា ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ឱ្យ​បាន​ពេញ​លេញ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​ទាមទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​«ពេញ​លេញ ត្រឹម​ត្រូវ និង​ល្អិត​ល្អន់»​ជុំ​វិញ​ឃាតកម្ម​មួយ​នេះ។

Statement of UN Human Rights Experts | Archived Link

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន សហរដ្ឋ​អាមេរិក បាននិយាយ​ថា រដ្ឋាភិបាល​អាមេរិក​តាម​ដាន​ករណី​ឃាតកម្ម​នេះ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​កម្ពុជា ធានា​នូវ​ដំណើរការ​ស៊ើប​អង្កេត​មួយ​ពេញ​លេញ និង​ត្រឹម​ត្រូវ។

Statement of the U.S. Department of State | Archived Link

ឃាតកម្ម​នេះ និង​ឃាតកម្ម​ធំៗ​ដទៃ​ទៀត សុទ្ធ​តែ​ត្រូវ​បាន​ចោទ​សួរ​ថា តើ​នរណា​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​បែប​នេះ។

មួយ​ថ្ងៃ​ក្រោយ​ឃាតកម្ម​កើត​ឡើង លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​«ជិត​ដិត»​ទៅ​លើ​ករណី​នេះ។

ទោះជាយ៉ាងណា មាន​តែ​បុរស​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ចាប់​ខ្លួន​ និង​កាត់​ទោស​នៅ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ក្រោយ​ឃាតកម្ម។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​មើល​ឃើញ​ថា ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ឃាតកម្ម​លោក កែម ឡី គ្មាន​ការ​រីក​ចម្រើន​អ្វី​នោះ​ឡើយ​ បន្ទាប់​ពី​ឃាតកម្ម​មួយ​នេះ បាន​កើត​ឡើង​អស់​រយៈ​ពេល ៤​ឆ្នាំ​ទៅ​ហើយ​នោះ។

នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) ៣​ថ្ងៃ​មុន​ខួប ៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​រូប​នេះ​ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​និយាយ​ថា ដំណើរការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​មួយ​នេះ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ ដោយ​មាន​តែ​ជន​ដៃ​ដល់​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្តន្ទា​ទោស​រួច​ហើយ។

VOA’s Report | Archived Link

នៅ​ក្នុង​​សេចក្ដី​រាយការណ៍​មួយ​របស់​សារព័ត៌មាន​វីអូឌី (VOD) អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ឱ្យ​ដឹង​​ថា តុលាការ​កំពុង​បន្ត​ស៊ើប​អង្កេត​រក​អ្នក​ពាក់​ព័ន្ធ ឬ​នៅ​ពី​ក្រោយ​ឃាតកម្ម​មួយ​នេះ ប៉ុន្តែ បដិសេធ​បង្ហាញ​អត្ត​សញ្ញាណ​អ្នក​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នេះ។

ក្នុង​សេចក្ដី​រាយការណ៍​មួយ​របស់​សារព័ត៌មាន​ឌឹ ខេមបូឌា ដេលី ៣​ថ្ងៃ​ក្រោយ​ឃាតកម្ម​កើត​ឡើង ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដែល​មាន​និន្នាការ​គាំ​ទ្រ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្សព្វផ្សាយ​នូវ​វីដេអូ​អត្ថាធិប្បាយ​មួយ ដែល​និយាយ​ថា ឃាតកម្ម​នេះ​មាន​ពាក់​ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​សេចក្ដី​រាយការណ៍​ដដែល​នោះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ការ​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​មហាជន​ពី​ការ​ពិត​ជាក់​ស្ដែង​តែ​ប៉ុណ្ណោះ។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ចាត់​ទុក​ការ​ផ្សព្វផ្សាយ​នោះ​ថា មាន​បំណង​បំភាន់​ការ​យល់​ឃើញ​របស់​ប្រជាជន​ជុំ​វិញ​ការ​ស្វែង​រក​បុគ្គល​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ឃាត​កម្ម​នេះ។

The Cambodia Daily’s Report | Archived Link

ចំណែក​ឯ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុនថា ដំណើរការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​មួយ​នេះ គ្មាន​ភាព​រីក​ចម្រើន​អ្វី​នោះ​ឡើយ។ ក្រុម​សិទ្ធិ​មនុស្ស​មួយ​នេះ បាន​ទាម​ទារ​ឱ្យ​តែង​តាំង​ក្រុម​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដែល​មាន​ការ​គាំ​ទ្រ​ពី​ភាគី​អង្គការ​សហ​ប្រជាជាតិ។

Fact Crescendo Cambodia រក​ឃើញ​ថា ក្នុង​រយៈ​ពេល ៥​ឆ្នាំ​មក​ហើយ អាជ្ញាធរ​កម្ពុជា នៅ​ពុំ​ទាន់​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ថា តើ​នរណា​ស្ថិត​នៅ​ពី​ក្រោយ ឬ​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី នោះ​ឡើយ។ មន្ត្រី​តុលាការ​កម្ពុជា បាន​ត្រឹម​តែ​បញ្ជាក់​ថា ដំណើរការ​ស៊ើប​អង្កេត​កំពុង​បន្ត​ធ្វើ​នៅ​ឡើយ ហើយ​មន្ត្រី​ក្រសួង​យុត្តិធម៌​វិញ អះ​អាង​ថា សំណុំ​រឿង​នេះ​បាន​បញ្ចប់​ត្រឹម​ការ​ចាប់​ខ្លួន​ និង​កាត់​ទោស​ខ្មាន់​កាំភ្លើងម្នាក់​តែ​ប៉ុណ្ណោះ។

Fact Crescendo Cambodia នឹង​ធ្វើ​បច្ចុប្បន្នភាព​នៃ​សំណុំ​រឿង​នេះ​បន្ថែម​ទៀត នៅ​ពេល​ណា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ដ៏​ត្រឹម​ត្រូវ​មួយ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​​នា​ពេល​ណា​មួយ​នោះ។

Avatar

Title:តើ​នរណា​ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត កែម ឡី?

Fact Check By: Jay Udom 

Result: Explainer

Leave a Reply

Your email address will not be published.