Fact Check: តើរថយន្ត​ទាំង​នេះ​​​បាន​រលាយ​ខូច​ខាត​ដោយសារ​​តែ​កំណើន​កម្ដៅ​ផែនដី​​នៅ​ប្រទេស​គុយ​វ៉ែត​មែន​ឬទេ?

False International

​ប្រទេស​កាណាដា​ បាន​កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​អាកាសធាតុ​ក្តៅ​ខ្លាំង​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដែល​បាន​ធ្វើ​ឲ្យ​មាន​​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​គ្រឿង​បរិក្ខារ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​សំណង់​អាគារ​នានា​ជា​ច្រើន​។​ គ្រោះ​ធម្មជាតិ​មួយ​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​លើក​យក​មក​ជជែក​ដេញ​ដោល​ យ៉ាង​ផុស​ផុល​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​

ទន្ទឹម​​គ្នា​​នេះ​ រូបថតជា​ច្រើន​សន្លឹក​បង្ហាញ​អំពី​រថយន្ត​ចំនួន​ ២គ្រឿង​ ដែល​រលាយ​ភ្លើង​បញ្ជា​សញ្ញា​ខាង​ក្រោយ​ និង​មាន​ការ​រលាយ​ផ្សេង​ទៀត​ ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការ​​រៀប​រាប់​​ថា វា​​ជា​ទិដ្ឋ​ភាព​នៃ​រលក​កម្តៅ​នៅ​ក្នុង​ប្រទេស​គុយ​វ៉ែត​។​

ទោះ​​យ៉ាង​​ណា​​ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថាការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​០៦​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​មាន​ទំព័រ​ហ្វេសប៊ុក​មួយ​ បង្ហោះ​រូប​ថត​ជា​ច្រើន​សន្លឹក​ ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​ការ​រលាយ​នៃ​យាន​យន្ត​ និង​គ្រឿង​បរិក្ខារ​​ដែល​មាន​សារធាតុ​ជ័រ​ដូច​ជា ធុង​សំរាម​ ធុង​ទឹក​ជា​ដើម​។​​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​អះ​អាង​នៅ​ក្នុង​សារ​បង្ហោះ​របស់​ខ្លួន​ដែរ​ថា​ វា​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​គុយ​វ៉ែត​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អាកាស​ធាតុ​។​

រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «អាកាស​ធាតុ​ឡើង​កំដៅ​ខ្លាំង​ តាម​ប្រភព​បញ្ជាក់​ថា ​នៅ​ទីក្រុង​ គុយវែត​​»។

Facebook Post | Archived Link

រូប​ថត​ទាំង​ឡាយ​​នេះ​ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​ដទៃ​ទៀត​ ​​បង្ហោះ​ និង​ចែក​រំលែក​បន្ត​ផង​ដែរ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០២១​​ ជាមួយ​នឹង​សំណេរ​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «​​ប្រទេស​ គុយវែត​ ទិដ្ឋភាព​កាល​ពី​ឆ្នាំ​2016​ ធ្លាប់​ទទួល​រង​នូវ​ឥទ្ធិពល​កម្ដៅ​រហូត​ដល់​ 53​ អង្សាសេ​»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​នៃ​ទិដ្ឋ​​ភាព​មួយ​​នេះ​​​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង។

រូបថត​​មួយ​សន្លឹក​​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​​ ត្រូវ​​បាន​​រក​​ឃើញ​​នៅ​​លើ​គេហទំព័រ​មួយ​ Snopes ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨​។​ នៅ​ក្នុង​សេចក្តី​រាយ​ការណ៍​មួយ​នេះ​ បាន​បក​ស្រាយ​ និង​បញ្ជាក់​ថា​ រូប​ថត​នៃ​ការ​រលាយ​យានយន្ត​មួយ​នេះ​ គឺ​ពិត​ជា​មាន​ប្រាកដ​មែន​ ក៏​ប៉ុន្តែ​វា​មិន​មែន​កើត​ឡើង​ដោយ​សារ​តែ​ការ​កើន​ឡើង​នូវ​សី​តុណ្ហភាព​សកលលោក​ ឬ​ដោយសារ​តែ​រលក​កម្តៅ​នោះ​ទេ​។​ ហេតុ​ការណ៍​មួយ​នេះ​ បាន​កើត​ឡើង​ដោយ​សារ​តែ​កម្តៅ​ខ្លាំង​ចេញ​ពី​ការឆេះ​ការ​ដ្ឋាន​សំណង់​មួយ​កន្លែង​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ ដែល​បាន​សរសេរ​ចោទ​ជា​សំណួរ​ជា​ភាសា​អង់​គ្លេស​ថា​ «Did Cars Melt in Saudi Arabia or Kuwait Due to a Heat Wave?»​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​​តើ​រថយន្ត​រលាយ​នោះ​ កើត​ឡើង​នៅអារ៉ាប់​ប៊ីសាអូឌីត​ ឬគុយវ៉ែត​?»។

Snopes Link | Archived Link 

រូប​ថត​នៃ​ករណី​រលាយ​យាន​យន្ត​ខាង​លើ​នេះ​ ត្រូវ​បាន​រក​ឃើញ​​ផង​ដែរ​នៅ​ក្នុង​គេហទំព័រ​វីដេអូ​ Youtube កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា​​ ឆ្នាំ​២០១៨​ ដោយ​ News 4 Tucson KVOA-TV

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ ដែល​បាន​សរសេរ​រៀបរាប់​ប្រែ​ជា​ភាសា​អង់​គ្លេស​ថា​ «Large fire destroys student housing complex»​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​ បំផ្លាញ​អគារ​លំនៅដ្ឋាន​របស់​និស្សិត​»។

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ ដែលសញ្ញា​ព្រួញ​ក្រហម​បង្ហាញ​អំពី​ទិដ្ឋភាព​ដូច​គ្នា​ទៅ​នឹង​រូប​ថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​ បាន​អះ​អាង​ថា​គឺ​ជា​លទ្ធផល​នៃ​ការ​កើន​ឡើង​នៃ​អាកាស​ធាតុ​ក្នុង​ប្រទេស​គុយ​វ៉ែត​។​

Youtube Link | Archived Link

ការ​អះ​អាង​ដូច​គ្នា​មួយ​នេះ​ ក៏​បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ផង​ដែរ​ ដោយ​ក្រុម​ការ​ងារ ​Fact Crescendo របស់​យើង​​ ជា​ភាសា​អង់​គ្លេស​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៩​កន្លង​មក​នេះ​។​ នៅ​ក្នុង​សេច​ក្តី​រាយ​ការណ៍​ដដែល​នេះ​ បាន​បញ្ជាក់​ថា​ ទិដ្ឋ​ភាពយាន​យន្ត​ដែល​រលាយ​នោះ​ គឺ​បាន​កើត​ឡើង​ដោយ​សារ​តែ​ការ​ឆាប​ឆេះ​មួយ​កន្លែង​នៅ​ក្នុង​ ទីក្រុង​តុកសុន​ រដ្ឋ​អារី​ហ្សូ​ណា​ សហរដ្ឋ​អាមេរិក​ កាល​ពី​ឆ្នាំ​២០១៨​។​

Fact Crescendo’s Report | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​​សន្លឹក​​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​យាន​យន្ត​រលាយ​នោះ​ មិន​មែន​កើត​ឡើង​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​គុយ​វ៉ែត​នោះ​ទេ​​។ ការ​​ពិត ​​រូប​ថត​​មួយ​​សន្លឹក​​នេះ បង្ហាញ​ការ​ខូច​ខាត​រថយន្ត​ដោយសារ​កម្តៅ​ខ្លាំង​ពី​ការ​ឆាប​ឆេះ​ការ​ដ្នាន​មួយ​កន្លែង​​​នៅ​ទីក្រុង​តុកសុន​ (Tucson) ក្នុង​រដ្ឋ​អារី​ហ្សូ​ណា​ សហរដ្ឋ​អាមេរិក​ កាល​ពី​​ឆ្នាំ​២០១៨។​

Avatar

Title:តើរថយន្ត​ទាំង​នេះ​​​បាន​រលាយ​ខូច​ខាត​ដោយសារ​​តែ​កំណើន​កម្ដៅ​ផែនដី​​នៅ​ប្រទេស​គុយ​វ៉ែត​មែន​ឬទេ?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.