រូបថតមួយសន្លឹក ដែលបង្ហាញស្ត្រីម្នាក់ដួលម៉ូតូនៅកន្លែងហាលស្រូវនៅលើផ្លូវកៅស៊ូនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ករណីនេះកើតឡើងនៅក្នុងខេត្តកណ្ដាល ប្រទេសកម្ពុជា។ រូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង និងមានការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា តាមរយៈកម្មវិធីផ្ទៀងផ្ទាត់រូបថតរបស់ Google យើងរកឃើញថា ការអះអាងទៅលើរូបថតមួយសន្លឹកនេះ មិនត្រឹមត្រូវនោះឡើយ។

ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងមកថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកនៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញស្ត្រីម្នាក់ជួបគ្រោះថ្នាក់ដួលម៉ូតូនៅលើតង់ហាលស្រូវស្ថិតលើថ្នល់មួយកន្លែង។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ អះអាងថា រូបថតនៃហេតុការណ៍ដួលម៉ូតូនេះ កើតឡើងនៅក្នុងខេត្តកណ្ដាល។
រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនចែករំលែកបន្តទៀត និងមានប្រតិកម្មពីអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនទៀត មានមន្ទិលថា ទីតាំងកើតហេតុនេះ មិនមែនស្ថិតនៅកម្ពុជានោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ល្បង កាក់ ដែលសរសេររៀបរាប់ថា «ផ្លូវសម្រាប់គេធ្វើដំណើរ មិនមែនសម្រាប់ហាលស្រូវទេ (រូបថត៖ ខេត្តកណ្ដាល)»។

រូបថតដដែលនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតយកទៅប៉ុស្តិ៍បន្តទៀតផងដែរ ដូចជាទំព័រហ្វេសប៊ុក ទំព័រសំណើចខ្មែរ ជាដើម។


ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើការអះអាង និងរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថត Google Reverse Image ដែលនាំឱ្យយើងបានជួបប្រទះរូបថតដូចគ្នា និងព័ត៌មានលម្អិតបន្ថែមផងដែរ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងអត្ថបទមួយនៃសារព័ត៌មានវៀតណាមឈ្មោះថា Voice of Vietnam (VOV) ដែលបានចុះផ្សាយកាលពីខែមិថុនា ឆ្នាំ២០១៨កន្លងមក។
សារព័ត៌មាន VOV រៀបរាប់ថា រូបថតមួយសន្លឹកនេះ បង្ហាញពីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវកៅស៊ូមួយខ្សែ ស្ថិតក្នុងឃុំថាញ់សួន (Thanh Xuan) នៃស្រុកសុកសឺន (Soc Son) ក្នុងរដ្ឋធានីហាណូយ។
សារព័ត៌មាន VOV រៀបរាប់ថា ស្ត្រីនៅក្នុងរូបថតមួយសន្លឹកនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ បន្ទាប់ពីជិះម៉ូតូជាន់ដុំឥដ្ឋ ដែលត្រូវបានអ្នកស្រុកអ្នកភូមិរៀបសង្កត់លើកម្រាលហាលស្រូវនៅលើផ្លូវកៅស៊ូ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអត្ថបទសារព័ត៌មាន VOV របស់វៀតណាម ដែលបានសរសេររៀបរាប់អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីប្រជាពលរដ្ឋយកផ្លូវថ្នល់ធ្វើជាកន្លែងហាលស្រូវរបស់ពួកគេ។

បើទោះបីករណីនេះកើតនៅប្រទេសវៀតណាមក្ដី ប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួន ក៏បានប្រើប្រាស់ផ្លូវថ្នល់ធ្វើជាកន្លែងហាលស្រូវ និងផលដំណាំផ្សេងៗរបស់ពួកគាត់ផងដែរ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅតាមដងផ្លូវនៅក្នុងខេត្តកណ្ដាលនោះឡើយ។ រូបថតមួយសន្លឹកនេះ បង្ហាញស្ត្រីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារតែបើកបរម៉ូតូបុកនឹងដុំឥដ្ឋដែលត្រូវបានដាក់សង្កត់កម្រាលហាលស្រូវនៅលើផ្លូវថ្នល់នោះ កើតឡើងកាលពីឆ្នាំ២០១៨កន្លងមក នៅស្រុកសុកសឺន នៃរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

Title:ស្ត្រីម្នាក់ដួលម៉ូតូនៅកន្លែងហាលស្រូវលើថ្នល់កៅស៊ូ មិនមែនកើតឡើងនៅកម្ពុជាទេ
Fact Check By: Jay UdomResult: Misleading
