
កាលពីសប្ដា៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ (Sunhak Peace Prize) ដែលត្រូវបានរៀបចំប្រគល់ជូនលោកនៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹកដែលបង្ហាញលោក ហ៊ុន សែន ពាក់កាំភ្លើងនៅនឹងខ្លួន ត្រូវបានបង្ហោះលើបណ្ដាញសង្គម ជាមួយការអះអាងថា លោក ហ៊ុន សែន បានស្ពាយកាំភ្លើងទៅចូលរួមពិធីប្រគល់ពានរង្វាន់នោះ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើង បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន អ្នកប្រើប្រាស់ហ្វេសប៊ុកមួយ បានអះអាងនៅលើបណ្ដាញសង្គមរបស់ខ្លួនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ពាយកាំភ្លើងទៅទទួលពាន់រង្វាន់សន្តិភាព ដែលត្រូវបានប្រគល់ជូនលោកនៅឯប្រទេសកូរ៉េខាងត្បូង។
ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលសរសេររៀបរាប់ថា «ស្ពាយកាំភ្លើងទៅទទួលពានរង្វាន់សន្តិភាព! […]»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានផ្ដើមត្រួតពិនិត្យទៅលើការអះអាងនេះតាមរយៈការដំណើរការកម្មវិធីផ្ទៀងផ្ទាត់រូបថត និងពិនិត្យទៅលើរបៀបដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្លៀកពាក់នៅក្នុងពិធីទទួលពាន់រង្វាន់សន្តិភាពដែលត្រូវបានរៀបចំធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីសប្ដាហ៍មុន។
រូបថតដែលបង្ហាញលោក ហ៊ុន សែន ស្ពាយកាំភ្លើងខ្លីនៅជាប់នឹងចង្កេះរបស់លោក ត្រូវបានរកឃើញនៅក្នុងទំព័រហ្វេសប៊ុករបស់តារាសម្ដែងកម្ពុជា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលបានបង្ហោះរូបថតនេះកាលពីថ្ងៃទី៩ ខែកុម្ភៈសប្ដាហ៍មុន។
លោក ហ៊ុន សែន បានបង្ហាញការពាក់កាំភ្លើងនៅនឹងខ្លួនលោកនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារផលិតខ្សែភាពយន្តភាគរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជាខ្សែភាពយន្តភាគដែលរៀបរាប់ពីជីវប្រវត្តិរបស់លោក។
ពិធីសំណេះសំណាលជាមួយក្រុមការងារផលិតខ្សែភាពយន្តនេះ ក៏ត្រូវបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន ផងដែរនៅថ្ងៃទី៨ ខែកុម្ភៈ។

តើលោក ហ៊ុន សែន ស្ពាយកាំភ្លើងទៅចូលរួមពិធីទទួលពានរង្វាន់មែនឬទេ?
លោក ហ៊ុន សែន ត្រូវបានជ្រើសរើសសម្រាប់ទទួលពានរង្វាន់សន្តិភាព Sunhak កាលពីថ្ងៃទី២៥ ខែមករាកន្លងមកនេះ ហើយលោកបានធ្វើដំណើរទៅទទួលពានរង្វាន់នេះដោយផ្ទាល់នៅឯប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១២ ខែកុម្ភៈ។
នៅក្នុងពិធីនោះ លោក ហ៊ុន សែន ស្លៀកពាក់អាវធំ និងទទួលពានរង្វាន់ពីអ្នកស្រី ហាក់ ចែហាន មូន ដែលជាស្ថាបនិកនៃពានរង្វាន់សន្តិភាពស៊ុនហាក់ (Sunhak Peace Prize) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចូលរួមនៅក្នុងពិធីនានានៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១២ និងទី១៣ ខែកុម្ភៈ។

Hun Sen’s Facebook Page | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងលើបណ្ដាញសង្គមដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ បង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់កាំភ្លើងខ្លីនៅនឹងខ្លួនរបស់លោកអំឡុងពិធីសំណេះសំណាលជាមួយក្រុមការងារផលិតខ្សែភាពយន្តភាគរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»កាលពីថ្ងៃទី៨ ខែកុម្ភៈ។ នៅឯពិធីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់នៅកូរ៉េខាងត្បូង លោក ហ៊ុន សែន មិនបានពាក់កាំភ្លើងខ្លីទៅចូលរួមពិធីនោះឡើយ។

Title:តើលោក ហ៊ុន សែន ស្ពាយកាំភ្លើងទៅចូលរួមពិធីទទួលរង្វាន់សន្តិភាពនៅកូរ៉េខាងត្បូងមែនទេ?
Fact Check By: Jay UdomResult: False
