
ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារឈ្លានពានទៅលើប្រទេសអ៊ុយក្រែនមក រូបថតជាច្រើន ត្រូវបានបង្ហោះ និងចែកចាយភ្ជាប់ទៅនឹងព្រឹត្តិការណ៍នៃសង្គ្រាមមួយនេះ។ ក្នុងនោះ រូបថតមួយសន្លឹក ដែលបង្ហាញទាហានម្នាក់ថើបកូនង៉ែតតូចមួយ ត្រូវបានបង្ហោះ និងចែករំលែកព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ រូបថតមួយសន្លឹកនេះ ត្រូវបានអះអាងថា ជាទាហានអ៊ុយក្រែនដែលថើបលាកូន មុនចេញទៅសមរភូមិប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីដើមខែមីនាកន្លងមកនេះ រូបថតមួយសន្លឹកដែលបង្ហាញទាហានមួយរូបថើបកូនង៉ែតតូចមួយ ត្រូវបានបង្ហោះ និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមជាមួយនឹងសញ្ញាទង់ជាតិអ៊ុយក្រែន។ រូបថតនេះ ត្រូវបានអះអាងក្នុងន័យថា ទាហានរូបនោះ គឺជាសមាជិកកងទ័ពអ៊ុយក្រែន ដែលថើបលាកូនតូចរបស់គាត់ មុនចាកចេញទៅសមរភូមិប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
រូបថតដែលមានសំណេរបែបនេះ ត្រូវបានចែករំលែករហូតដល់ជាង ១០០ដង និងមានការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកមួយ ដែលរៀបរាប់ថា «បើបុណ្យកុសលប៉ាហើយនឹងកូននៅមាន សូមឱ្យវត្ថុសាកសិទ្ធទាំងប្រាំបីទិស នឹងព្រះធរណីជួយតាមថែរក្សាពួកយើងផងចុះ បើរស់ប៉ានិងត្រឡប់មកជួបកូនស្ងួនមាសឪពុក
ពួ ពួកយើងសូមជូនពរ សូមអោយពួកគាត់បានជួបជុំគ្រួសារពួកគាត់វិញផង»។

រូបថតជាមួយសំណេរដដែលនេះ ក៏ត្រូវបង្ហោះដោយទំព័រហ្វេសប៊ុកផ្សេងទៀតផងដែរតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់មួយទៀតនៅទីនេះ ឬតំណភ្ជាប់មួយផ្សេងទៀតមាននៅទីនេះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមដែលបង្ហាញឱ្យឃើញនូវការបង្ហោះ និងចែករំលែកយ៉ាងច្រើននូវរូបថត និងសំណេរដដែលនេះ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថត និងខ្លឹមសាររបស់វាតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅលើទំព័រហ្វេសប៊ុក Welcome Home Blog ដែលបង្ហោះរូបថតនេះកាលពីដើមខែកញ្ញា ឆ្នាំ២០១២កន្លងមក។ រូបថតដែលបង្ហោះដោយទំព័រហ្វេសប៊ុកមួយនេះ បង្ហាញឱ្យឃើញទាហានរូបនេះពាក់ឯកសណ្ឋានយោធាមានភ្ជាប់មកជាមួយនូវស្លាកទង់ជាតិអាមេរិក និងមានឈ្មោះនៅជាប់នឹងអាវផងដែរ។
តាមរយៈការប្រៀបធៀបគ្នា យើងឃើញថា រូបថតទាំងពីរនេះ គឺជារូបថតតែមួយ ប៉ុន្តែ រូបថតដែលត្រូវបានអះអាងនៅលើបណ្ដាញសង្គមនោះ បានកាត់ផ្ដាច់មួយផ្នែកដោយមិនបង្ហាញស្លាកទង់ជាតិអាមេរិកនោះឡើយ។

សំណេរភ្ជាប់ជាមួយរូបថតមួយសន្លឹកនេះ បានឱ្យដឹងថា ទាហានមួយរូបនេះ គឺជាសមាជិកកងទ័ពអាមេរិក ដែលត្រូវបានចាត់តាំងឱ្យទៅឈរជើងនៅប្រទេសអាល្លឺម៉ង់។ ទាហានអាមេរិករូបនេះ បានរត់នៅថើបកូនប្រុសតូចរបស់គាត់ បន្ទាប់ពីគាត់ចាកចេញពីយន្តហោះ។

ទំព័រហ្វេសប៊ុកដដែលនេះ បានបង្ហោះតំណភ្ជាប់នៃអត្ថបទរបស់ខ្លួនមានចំណងជើងថា «រូបថត៖ PFC Bednarik ជួបកូនប្រុសតូចរបស់គាត់ជាលើកដំបូង» ដែលតំណភ្ជាប់នេះត្រូវបានចែករំលែកកាលពីខែកក្កដា ឆ្នាំ២០១១កន្លងមក ប៉ុន្តែ តំណភ្ជាប់នេះមិនដំណើរការទៀតនោះឡើយ។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការបង្ហោះរូបថតមួយសន្លឹកនេះដោយភ្ជាប់នឹងហេតុការណ៍កំពុងកើតឡើងនៅអ៊ុយក្រែននោះ មិនត្រឹមត្រូវនោះឡើយ។ ទាហាននៅក្នុងរូបនេះ មិនមែនជាសមាជិកនៃកងទ័ពអ៊ុយក្រែននោះឡើយ។ ទាហាននៅក្នុងរូបថតនេះ គឺជាសមាជិកកងទ័ពអាមេរិក ដែលបានរត់ទៅឱបកូនតូចរបស់ខ្លួនកាលពីជាង ១០ឆ្នាំមុន ក្រោយវិលត្រឡប់ពីបំពេញបេសកកម្មឈរជើងនៅប្រទេសអាល្លឺម៉ង់។

Title:ទាហានអាមេរិកត្រឡប់ទៅមាតុភូមិវិញ ត្រូវបានគេអះអាងថាជាទាហានអ៊ុយក្រែនលាគ្រួសារចេញទៅច្បាំង
Fact Check By: Jay UdomResult: False
