
ស្របពេលព័ត៌មានទាក់ទងនឹងការឃាត់ខ្លួនពលករខ្មែរដែលព្យាយាមចូលទៅកាន់ប្រទេសថៃដោយខុសច្បាប់ បានកើតឡើងជារឿយៗនោះ វីដេអូឃ្លីបមួយ បង្ហាញស្រ្តី ២នាក់លាក់ខ្លួននៅក្នុងហិបរថយន្តមួយគ្រឿង និងឃាត់ខ្លួនដោយអាជ្ញាធរថៃ ត្រូវបានបង្ហោះឡើងដោយទំព័រហ្វេសប៊ុកមួយជាមួយការអះអាងថា ពួកគេជាពលករខ្មែរ។ វីដេអូឃ្លីបភ្ជាប់នឹងការអះអាងនេះ ត្រូវបានចែកចាយ និងបង្ហោះយ៉ាងផុសផុលនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងលើវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា «គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ-Tbong Khmum Candle light Party» បានបង្ហោះវីដេអូឃ្លីបមួយដែលបង្ហាញស្រ្តី ២នាក់ ត្រូវបានក្រុមតម្រួតថៃ រកឃើញនៅក្នុងហិបរថយន្តភីកអាប់មួយគ្រឿង។
ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានអះអាងផងដែរថា ស្ត្រីទាំង ២នាក់នោះ គឺជាពលករខ្មែរខុសច្បាប់ ដែលត្រូវបានសមត្ថកិច្ចថៃខ្លួន។
ទំព័រហ្វេសប៊ុកខាងលើ ពុំបានបញ្ជាក់ព័ត៌មានលម្អិតនៃហេតុការណ៍ និងទីតាំងដែលបានកើតឡើងនោះឡើយ ដែលនេះធ្វើឲ្យអ្នកប្រើប្រាស់នៅតាមបណ្ដាញសង្គម បានចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលបានបង្ហោះដោយទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេរថា «ពលករខ្មែរខុសច្បាប់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន អាណិតជាតិសាសន៍ខ្មែរណាស់ ដើម្បីបាយបីពេល ហ៊ានយកជីវិតទៅប្តូរ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើវីដេអូ និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ទិដ្ឋភាពស្រ្តី ២នាក់ ដែលត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរប៉ូលីសថៃ ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន The Thaiger កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២កន្លងទៅ ដោយបានបញ្ជាក់ថា ស្ត្រីទាំង ២នាក់នោះ គឺជាជនជាតិភូមាដែលបានធ្វើចំណាកស្រុកចូលប្រទេសថៃដោយខុសច្បាប់តាមរយៈការលាក់ខ្លួននៅក្នុងហិបរថយន្តភីកអាប់មួយគ្រឿង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាម សរសេររៀបរាប់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរថា «ជនអន្ដោប្រវេសន៍ខុសច្បាប់លួចចូលក្នុងប្រទេសថៃតាមរថយន្តភីកអាប់»។

The Thaiger Link | Archived Link
ករណីខាងលើនេះ ក៏ត្រូវបានរាយការណ៍ដោយស្ថាប័នសារព័ត៌មានក្នុងស្រុកថៃ Thai PBS ផងដែរ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២កន្លងទៅ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលបានបង្ហោះដោយសារព័ត៌មានខាងលើ ដែលបានបញ្ជាក់ថា «ពលករមីយ៉ាន់ម៉ាខុសច្បាប់ នៅតែបន្តលួចចូលក្នុងប្រទេសថៃតាមមធ្យោបាយផ្សេងៗ។ ថ្មីៗនេះ ពលករស្រ្តី ២នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងហិបរថយន្តភីកអាប់មួយគ្រឿង ដើម្បីបញ្ឆោតមន្ត្រីអាជ្ញាធរ ប៉ុន្តែ ត្រូវបានរកឃើញ និងឃាត់ខ្លួននៅក្នុងភូមិសាស្ដ្រខេត្ត Tak»។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថាវីដេអូឃ្លីប និងការលើកឡើងដោយទំព័រហ្វេសប៊ុកខាងលើនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ ច្បាប់ដើមនៃវីដេអូឃ្លីបនេះ គឺជាទិដ្ឋភាពនៃការឃាត់ខ្លួនស្ត្រីមីយ៉ាន់ម៉ា ២នាក់ ពីសំណាក់អាជ្ងាធរថៃ ក្នុងភូមិសាស្ដ្រខេត្ត Tak កាលពីខែតុលា ឆ្នាំ២០២២កន្លងមក។

Title:នារី២នាក់ដែលតម្រួតថៃរកឃើញលាក់ខ្លួនក្នុងរថយន្តមួយគ្រឿងនោះ គឺជាជនជាតិភូមា មិនមែនស្ត្រីខ្មែរទេ
Fact Check By: Kakada SimResult: Misleading
