
បញ្ហាព្រំដែនកម្ពុជា-វៀតណាម ជាប្រធានបទនៃការជជែកជាច្រើនឆ្នាំមកហើយ និងជាបញ្ហារសើប និងចម្រូងចម្រាស់រវាងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ បក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ដែលត្រូវបានរំលាយចោលនៅចុងឆ្នាំ២០១៧កន្លងមក។
ទន្ទឹមគ្នានេះ ប្រធានបទពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាមនេះ ត្រូវបានលើកឡើងជាថ្មីនៅលើបណ្ដាញសង្គមជាមួយការអះអាងថា គ្រូបង្រៀនជនជាតិខ្មែរម្នាក់ ត្រូវបានជនជាតិវៀតណាមវាយដំអំឡុងពេលគាត់នាំកូនសិស្សខ្មែរទៅមើលបង្គោលព្រំដែននៅខេត្តស្វាយរៀង។
ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងលើបណ្ដាញសង្គមនេះ មិនត្រឹមត្រូវ និងនាំឱ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញហេ្វសបុកម្នាក់ បានអះអាងថា គ្រូបង្រៀនកម្ពុជាម្នាក់ បានរងការវាយដំពីសំណាក់ក្រុមជនជាតិវៀតណាមអំឡុងពេលដឹកនាំកូនសិស្សកម្ពុជាទៅមើលបង្គោលព្រំដែនកម្ពុជា-វៀតណាមស្ថិតក្នុងខេត្តស្វាយរៀង។
រូបភាពផ្ដាមពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក រៀបរាប់ថា «គ្រូបង្រៀនខ្មែរនាំសិស្សខ្មែរទៅមើលបង្គោលព្រំដែនលេខ២០២ ខេត្តស្វាយរៀង ត្រូវយួនវាយលោកគ្រូបង្រៀននោះយ៉ាងដំណំ។ ឯគ្រូបង្រៀនយួននាំសិស្សយួនទៅមើលបង្គោលព្រំដែនដោយមានទាហានយួនជួយការពារ ព្រមទាំងចង្អុលបង្ហាញ និងពន្យល់ពីបង្គោលព្រំដែននោះ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងស្រាវជ្រាវរកប្រភពដើមនៃវីដេអូ ដែលបាននាំឱ្យយើងទៅដល់ប្រភព និងស្ថាប័នមួយចំនួនដែលមានការជាប់ពាក់ព័ន្ធ និងបកស្រាយទាក់ទងទៅនឹងការអះអាងខាងលើនេះ។
បើតាមសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ អំពើហិង្សានេះបានកើតឡើងទៅលើលោក ផែន ប៊ុនធឿន ប្រធានអង្គការសិទ្ធិកុមារ កាលពី៥ឆ្នាំមុន នៅពេលគាត់បានដឹកនាំកូនសិស្សចុះទៅមើលបង្គោលព្រំដែនលេខ២០២ ស្ថិតក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សេចក្ដីរាយការណ៍កាសែតភ្នំពេញ ប៉ុស្តិ៍ | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះទេ។ សេចក្ដីរាយការណ៍របស់សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ បង្ហាញថា ហេតុការណ៍ដែលត្រូវបានអះអាងលើបណ្ដាញសង្គមនេះ បានកើតឡើងកាលពីខែកក្កដា ឆ្នាំ២០១៥កន្លងមក។

Title:បុរសកម្ពុជាម្នាក់រងអំពើហិង្សាពេលចុះមើលព្រំដែនជាមួយកូនសិស្សកាលពី៥ឆ្នាំមុនត្រូវបានចែករំលែកឡើងវិញ
Fact Check By: Kakada SimResult: Misleading