
ការបង្ហាញវត្តមានរបស់ផ្សោត ឬត្រីដូហ្វីន គឺជារឿងកម្រកើតមាននៅក្នុងដែនសមុទ្រកម្ពុជា ប៉ុន្តែ ថ្មីៗនេះ រូបថតជាច្រើនសន្លឹក ត្រូវបានចែកចាយឡើង និងលើកឡើងថា ផ្សោតផ្កាឈូក បានបង្ហាញវត្តមាននៅក្នុងភូមិសាស្ត្រកោះរុងសន្លឹម ខេត្តព្រះសីហនុ។ ព័ត៌មាននេះ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតបីសន្លឹក ដែលបានបង្ហាញទិដ្ឋភាពផ្សោត ឬត្រីដូហ្វីន ពណ៌ផ្កាឈូកមួយក្បាល។ ទំព័រហ្វេសប៊ុកដដែលខាងលើនេះ បានភ្ជាប់ជាមួយនឹងការអះអាងថានោះ គឺជាទិដ្ឋភាពការប្រទះឃើញនៅចន្លោះពាក់កណ្ដាលផ្លូវកំពង់សោម និងកោះរុងសន្លឹម។
ការលើកឡើងបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ប្រទះឃើញត្រីដូហ្វីន ពណ៌ផ្កាឈូកមួយក្បាល ចន្លោះពាក់កណ្ដាលផ្លូវកំពង់សោម និងកោះរុងសន្លឹម កំពុងហែលលោតលើផ្ទៃសមុទ្រ»។
ដូចគ្នានេះ ទំព័រហ្វេសប៊ុកមួយផ្សេងទៀត ក៏បានចែកចាយរូបថតខាងលើនោះផងដែរ ដោយបានបញ្ជាក់ថា ទិដ្ឋភាពនោះ ត្រូវបានថតចេញពីកោះរុងសន្លឹម ខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសារបង្ហោះអះអាងមួយផ្សេងទៀត ដែលបានបង្ហាញទិដ្ឋភាព និងការលើកឡើងដូចគ្នា។
រូបថតដូចគ្នាទាំងស្រុងខាងលើនេះ ក៏ត្រូវបានរកឃើញ និងចែកចាយដោយទំព័រហ្វេសប៊ុកដទៃទៀតផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបភាពទាំងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈគេហទំព័រ Hive Moderation ដែលជាគេហទំព័រ និងជាកម្មវិធីផ្ទៀងផ្ទាត់អត្ថបទ ឬរូបភាពទាំងឡាយណា ផលិតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត បានបង្ហាញនូវលទ្ធផលបញ្ជាក់ថាទិដ្ឋភាពទាំងឡាយនោះ គឺ៩៦.៨ភាគរយ ដែលបង្កើតដោយកម្មវិធី (AI) តែប៉ុណ្ណោះ។
(រូបថតទី១)
(រូបថតទី២)
(រូបថតទី៣)
ករណីរូបថតខាងលើនេះ ក៏ត្រូវបានផ្ទៀងផ្ទាត់ និងត្រួតពិនិត្យការពិតដោយក្រុមការងារ Fact Crescendo របស់ប្រទេសថៃផងដែរ កាលពីពេលថ្មីៗនេះ ដោយបានរកឃើញថា ទិដ្ឋភាពផ្សោតទឹកប្រៃពណ៌ផ្កាឈូក មិនមែនជាទិដ្ឋភាពជាក់ស្ដែងនោះឡើយ។
Fact Crescendo Thailand Link | Archived Link
តាមរយៈគេហទំព័ររបស់រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជាលោក ឌិត ទីណា បង្ហោះកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣កន្លងទៅ បានបង្ហាញរូបថតចំនួនប្រាំសន្លឹកបង្ហាញការប្រទះឃើញផ្សោតនៅខេត្តកែប។ លោកក៏បានបង្ហោះសារដោយភ្ជាប់ជាការក្រើនរំលឹកផងដែរ ដើម្បីការពារត្រីផ្សោតប្រភេទកម្រមួយនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាម បង្ហាញទិដ្ឋភាពផ្សោតពណ៌ផ្កាឈូក ដែលមានវត្តមាននៅក្នុងដែនសមុទ្រកម្ពុជា។
ខាងក្រោមនេះ គឺជារូបភាពផ្ដាម ដែលបានបង្ហាញទិដ្ឋភាពផ្សោត ពណ៌ផ្កាឈូក ដែលត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្ត្រខេត្តកែប ប្រទេសកម្ពុជា។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបរាយការណ៌ អំពីវត្តមានផ្សោតពណ៌ផ្កាឈូកនេះនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន។
ករណីរូបភាព និងវីដេអូឃ្លីប ដែលត្រូវបានបង្កើតឡើងដោយកម្មវិធី នេះ តែងតែត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតដោយក្រុមការងាររបស់ Fact Crescendo Cambodia ផងដែរ។
លោកអ្នកអាចស្វែងរក និងអានព័ត៌មានបន្ថែមតាមរយៈតំណភ្ជាប់ខាងក្រោម៖
- រូបថតបង្ហាញបណ្ដាញខ្សែតរញ៉េរញ៉ៃ (archived link)
- វីដេអូឃ្លីបបង្ហាញត្រីមុខមនុស្ស (archived link)
- រូបថតបង្ហាញប្រទីបដ៏ឆើតឆាយតាមដងទន្លេ (archived link)
- រូបថតព្រះសង្ឃគង់ក្បែរនារី និងច្រៀងកម្សាន្ត (archived link)
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតទាំងឡាយនេះ គឺត្រូវបានផលិតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត (AI) តែប៉ុណ្ណោះ មិនមែនជាទិដ្ឋភាពជាក់ស្ដែងនោះទេ។

Title: រូបថតផ្សោតសមុទ្រពណ៌ផ្កាឈូកត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI
Written By: Kakada SimResult: Altered